ភ្នំពេញ —នៅ​ថ្ងៃ​ពុធ​នេះ​ លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន​បាន​ប្រកាស​ស្វាគមន៍​គណ​បក្ស​នយោបាយចំនួន​២​ទៀត​ ​ដែល​ចង់​ចូលរួម​ជាមួយ«ឧត្តម​ក្រុម​ប្រឹក្សា​ផ្តល់​ និង​ពិគ្រោះ​យោបល់»​ ​ដែល​លោក​គ្រោង​នឹង​បង្កើត​នាពេល​ខាងមុខ​ ​ក៏ប៉ុន្តែ​លោកតម្រូវ​ឲ្យ​គណបក្ស​នយោបាយ​ទាំងពីរ​ ​សរសេរ​លិខិត​ស្នើ​សុំ​មក​រដ្ឋាភិបាល​ ​មិន​មែន​ប្រកាស​តាម​សារ​ព័ត៌មាននោះ​ទេ។​

ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​កម្មករ-កម្មការិនី​ក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ​ ​រាជ​ធានី​ភ្នំពេញ​ ​នា​ព្រឹក​ថ្ងៃទី​២៩ខែ​សីហាឆ្នាំ​២០១៨​នេះ​ ​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ថា ​ ​លោក​បាន​អាន​ព័ត៌មាន​ ​ឃើញ​មាន​គណ​បក្ស​នយោបាយ​ចំនួន​ពីរ​ទៀតបាន​បង្ហាញ​បំណង​ចង់​ចូលរួម​ជាមួយ​ឧត្តម​ក្រុមប្រឹក្សា​ផ្តល់​ ​និង​ពិគ្រោះ​យោបល់។​ ​លោក​បន្ថែម​ថា​ ​លោក​ស្វាគមន៍​គណបក្ស​ទាំង​ពីរ​នោះ​ ​និង​ថា​ ​ពួកគេ​ត្រូវ​សរសេរ​លិខិត​ត្រឹមត្រូវ​ មិនមែន​បង្ហាញ​បំណង​តាម​សារ​ព័ត៌មាន​នោះ​ទេ។

លោក​បញ្ជាក់​ថា៖​

«ប្រសិន​បើ​បក្ស​នយោបាយ​២​ផ្សេង​ទៀតចង់​ចូលរួម​ការ​ប្រជុំ​ ផ្តល់​មតិ​ ត្រូវ​ធ្វើ​លិខិត​ឲ្យ​បាន​ត្រឹមត្រូវ​ ​មិន​អាច​និយាយ​ត្រឹមតែ​ជាមួយ​សារ​ព័ត៌មាន​គ្រប់គ្រាន់​ទេ។​ ​នេះ​មិនមែន​ជា​វិធី​ដំណើរការ​រដ្ឋបាល​របស់​រាជ​រដ្ឋាភិបាល​ទេ។​ ​ហើយ​នៅ​ក្នុង​ព្រះរាជ​ក្រឹត្យ​ ​ថ្ងៃ​នោះ​ខ្ញុំ​បាន​និយាយ​ថា ​ត្រូវ​ឈរ​លើ​គោល​ការណ៍​ស្ម័គ្រចិត្ត​ ​តែ​ត្រូវ​មាន​ការ​យល់ព្រម​ពី​នាយក​រដ្ឋមន្រ្តី​ ​មិន​អាច​ប្រកាស​ចង់​ចូល​ ​ចូល​ ​ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​នាយក​រដ្ឋមន្រ្តី​ទេ។​ ​ខ្ញុំ​ត្រូវ​ពិនិត្យ​លក្ខណៈ​សម្បត្តិ​គណបក្ស​ហ្នឹង​ មាន​លទ្ធភាព​ ​និង​មាន​គុណ​សម្បត្តិ​គ្រប់គ្រាន់​ចូលរួម​ ឬ​ទេ?»

បើទោះបីជា​លោក​នាយក​រដ្ឋមន្រ្តី​ថ្លែង​ដោយ​មិន​ចំ​ឈ្មោះ​គណបក្ស​ទាំង​ពីរ​នោះ​ ​ប៉ុន្តែ​គេ​ឃើញ​ថា ​កាល​ពី​ថ្ងៃទី​២៨​ខែសីហា​ ​កាសែត​ក្នុង​ស្រុក​ជា​ភាសាខ្មែរ និង​អង់គ្លេស​មួយ​បាន​ផ្សាយ​ថា​ ​ប្រធាន​គណ​បក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​ ​និង​គណបក្ស​មាតុភូមិ​យើងបាន​បង្ហាញ​ជំហរ​គាំទ្រ​ ​និងចូលរួម​ក្នុងឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ​ ​និង​ផ្តល់​យោបល់​ ​ដែល​ទើប​ផ្តើម​គំនិតបង្កើត​ដោយ​លោក​នាយក​រដ្ឋមន្រ្តី​ ​ហ៊ុន សែន។​

លោក​នាយក​រដ្ឋមន្រ្តី​ដែល​កំពុង​ឈានទៅ​កាន់​អំណាច​បន្ត​រយៈពេល​៥​ឆ្នាំ​ទៀត​ ​ក្រោយ​គណបក្ស​របស់​លោក​ឈ្នះ​ការ​បោះឆ្នោត ​និង​ប្រមូល​យក​កៅអី​រដ្ឋសភា​ទាំង​១២៥​នោះ​ ​បន្ថែម​ដោយចំអក​ឲ្យ​គណបក្ស​ទាំងពីរ​នោះ​ថា៖​

«នៅ​ពេល​មុន​ អ្នក​ក៏​បាន​ថា​ ទុក​ពេល​ពិចារណា​ ឯ​ខ្ញុំ​ក៏​ត្រូវ​ការ​សិក្សា​ ​និង​ពិចារណា​ដែរ។​ ​នេះ​វា​ជា​រឿង​ធម្មតា​ខ្លាំង​ណាស់​ ​មិន​អាច​ធ្វើ​ជា​ភាព​របៀបក្រអឺត​ក្រទម​បាន​ទេ។​ ​សង្ឃឹម​ថា​ ​គណបក្ស​ពីរ​ផ្សេង​ទៀត​ដែល​ចង់​ចូលរួម​ ​បន្ថែម​លើ​គណបក្ស​១៦​ហើយ​នោះ​ ​នឹង​យល់​អំពី​កិច្ចការ​រដ្ឋបាល»។

លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន សែន​ ​កាល​ពីសប្តាហ៍​មុន​ ​បាន​សម្រេចបង្កើត«ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​និង​ផ្តល់​យោបល់»​ ​ដោយ​អនុញ្ញាត​ឲ្យ​គណ​បក្ស​នយោបាយ​ចំនួន​១៥​ក្នុង​ចំណោម​១៩​ ​ដែល​មិន​ទទួល​បាន​អាសនៈ​សភា ​ចូលរួម​ប្រជុំ​ជា​មួយ​លោករៀង​រាល់​៦ខែ​ម្តង​ ​ដើម្បី​ផ្តល់​យោបល់​ពី​ភាព​អសកម្ម​របស់​មន្រ្តី​ ​ឬ​នាយក​រដ្ឋ​មន្រ្តី។​

នៅ​ពេល​នោះ​ ​គណបក្ស​នយោបាយ​ចំនួន​៤​ផ្សេង​ទៀត​ រួមមាន​គណបក្ស​មាតុភូមិ​យើង​ គណបក្ស​ប្រជាធិប​តេយ្យ​មូលដ្ឋាន ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជា​ធិបតេយ្យ​ និង​គណបក្ស​ខ្មែរ​ឈប់​ក្របាន​ប្រកាស​មិន​ចូលរួម​ជាមួយ​នឹង​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​នោះ​ទេ។​

VOA​ បាន​ព្យាយាម​ទាក់ទង​លោក​យ៉េង វីរៈ ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​និង​លោកយ៉ង សាំងកុមារ ​ព្រមទាំង​លោក​សាម អ៊ីន ​សហ​ស្ថាបនិក​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន ​តែ​រហូត​មក​ដល់​ល្ងាច​ថ្ងៃពុធ​នេះ ​មិនមាន​ការ​ឆ្លើយ​តប។​

អ្នកស្រី​ហ៊ឹម សុគន្ធី ​អនុប្រធាន​គណបក្ស​មាតុភូមិ​យើង​ បាន​ប្រាប់​ VOA​ នា​រសៀល​ថ្ងៃ​ពុធ​នេះ​ថា​ គណបក្ស​របស់​អ្នកស្រី​មិន​បាន​ប្រកាស​ថា​ ​សុំ​ចូលរួម​ជាមួយ​ឧត្តម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ ​និង​ផ្តល់​យោបល់​នោះ​ទេ។​ ​អ្នកស្រី​បន្ថែម​ថា​ គណបក្ស​អ្នកស្រី​ពិភាក្សា​គ្នា​ដើម្បីចូលរួម ​ប្រសិន​បើ​មាន​លិខិត​អញ្ជើញ​ពី​លោក​នាយក​រដ្ឋមន្រ្តី។​

អ្នកស្រី​បញ្ជាក់​ថា៖​

«បើ​មាន​ការ​អញ្ជើញ​អាហ្នឹង​យើង​នឹង​ពិភាក្សា​គ្នា​ដើម្បីចូលរួម ​ដើម្បី​ប្រទេស​ជាតិ​របស់​យើង។ ​ក៏​ប៉ុន្តែ​បើ​ឲ្យពួកខ្ញុំ​សរសេរ​លិខិតទៅ​សុំ​គាត់​ដើម្បីចូលរួម​ ប្រហែល​ជា​មិន​អាច​ទៅ​រួច​ទេ។ ​ទី១​ខ្ញុំ​ចង់​បញ្ជាក់​ថា​ យើង​គណបក្ស​តូចមួយ ​ទើប​តែបង្កើត​ ហើយ​មាន​តែ​៦​មណ្ឌល​ទេ ​ហើយ​សំឡេង​សន្លឹក​ឆ្នោតសរុប​ទៅ​មិន​បាន​គ្រប់​មួយម៉ឺន​សន្លឹក​ផង ​ហើយ​ទៅ​សុំ​គាត់​ចូលរួម​យ៉ាង​ម៉េច?»​

សមាស​ភាព​ឧត្តម​ក្រុមប្រឹក្សា​ដែល​មកពី​តំណាង​គណបក្ស​នយោបាយ​ទាំង​នោះ​ ​នឹង​ត្រូវ​ធ្វើ​ជាទី​ប្រឹក្សារដ្ឋាភិបាល ​ដែល​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្រ្តី​ ​និង​រដ្ឋមន្រ្តី។​ ​ឧត្តម​ក្រុម​ប្រឹក្សា​នោះនឹង​ត្រូវ​បង្កើត​ ​ក្រោយរដ្ឋាភិបាល​ថ្មី​បង្កើត​នា​ដើម​ខែ​កញ្ញា​ ឆ្នាំ​២០១៨​នេះ ​ហើយ​រដ្ឋាភិបាលនឹង​ប្រើប្រាស់​កញ្ចប់​ថវិកាជាតិដើម្បី​ផ្តល់ប្រាក់​បំណាច់​ឲ្យ​ពួក​គេ។​

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​ប្រកាស​ជាច្រើន​ដងថា​ ​រដ្ឋសភា​អាណត្តិ​ទី៦​នឹង​បើក​កិច្ច​ប្រជុំ​លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃ​ទី៥​ ​ខែ​កញ្ញាឆ្នាំ​២០១៨​ ​ចំណែក​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មី​នឹង​ត្រូវ​បង្កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់ពី​នោះ។​ លោក​ក៏​បាន​អះអាង​ថា​ រាជ​រដ្ឋាភិបាល​ថ្មី​ ​និង​ក្បាល​ម៉ាស៊ីន​រដ្ឋសភា​ ​ព្រម​ទាំង​កម្មវិធី​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​អាណត្តិ​ថ្មីបាន​ធ្វើ​រួច​រាល់​អស់​ហើយ៕ ប្រភព៖ VOA