​កងទ័ព​ភូមា​និង​បណ្ដា​សមត្ថកិច្ច​ពាក់ព័ន្ធ​កំពុង​ស្វែងរក​វិធី​ដើម្បី​ទៅដល់​ផ្ទះ​មនុស្ស​រាប់ពាន់នាក់​ដែល​កំពុង​ជាប់គាំង ក្រោយ ពេលដែល​ទំនប់ទឹក​មួយ​ទ្រាំទ្រ​លែង​បាន​នឹង​សម្ពាធ​ទឹក​ដោយសារ​ភ្លៀង​ធំ​ច្រើន​មេ​ផ្ទួនៗ​គ្នា​ធើ្វ​ឱ្យ​ធ្លុះធ្លាយ​កាលពី ព្រឹក​ព្រលឹម​ថ្ងៃទី​២៩ ខែសីហា​។​



​​បរិមាណ​ទឹក​ដ៏​ធំ​សម្បើម​មួយ​បាន​ហូរ​សម្រុក​ចុះមក​តំបន់​វាលរាប​ជនបទ នៅ​តំបន់​Bago ក្រោយ​ពេលដែល​ទ្វារ​ទំនប់ទឹក Swar Chaung, បាន​ត្រូវ​បាក់​រលំ​នោះ​។​

​តាម AFP ពលរដ្ឋ​មួយចំនួន​នៅ​ភូមិ Kayin ត្រូវ​លុយ​ទឹក​ត្រឹម​ដើមទ្រូង​ឆ្ពោះ​សំដៅទៅ​តំបន់​ទីទួល​។​ប៉ុន្ដែ​មនុស្ស​មួយចំនួន ដទៃទៀត​នៅជាប់​គាំង​ក្នុងផ្ទះ​ដែល​បាន​លិច​ប្រហែល​ពាក់កណ្ដាល ខណៈពេលដែល​ក្រុម​សង្គ្រោះបាន​ធ្វើការ​ពេញ​មួយ​យប់​ដើម្បី​បញ្ជូន​ពលរដ្ឋ​ទៅកាន់​ទី​សុវត្ថិភាព​។​

​​គេ​នៅ​ពុំទាន់​មាន​របាយការណ៍​អំពី​ចំនួន​អ្នកស្លាប់ ឬ​របួស​ឡើយ គ្រាន់តែ​ដឹងថា​មាន​មនុស្ស​ជាង​១២.៦០០​នាក់​ត្រូវបាន​បញ្ជូន​ឱ្យទៅ​រស់នៅក្នុង​ជំរំ​បណ្ដោះអាសន្ន​។​

​តាម​មន្ដ្រី​នៃ​ក្រសួង​សុខមាលភាព​សង្គម Phyu Lae Lae Tun មាន​មនុស្ស​ជាង​១៤.០០០​គ្រួសារ ចំនួន​ប្រមាណ​ជា​៦៣.០០០​នាក់​បាន​រង​ឥទ្ធិពល​ដោយសារ​ទឹកជំនន់​។​


​លំហូរ​ទឹក​ដ៏​ខ្លាំង​បានធ្វើឱ្យ​រយះ​កំណាត់​ផ្លូវ​Yangon-Mandalay, ដែលជា​សរសៃឈាម​សំខាន់​ត​ភ្ជាប់​ទីក្រុង​ធំ​បំផុត​២​របស់ ប្រទេស​នេះ​។​

​​អនុ​រដ្ឋមន្ដ្រីក្រសួង​សំណង់ Kyaw Linn​ឱ្យដឹងថា បណ្ដា​សសរស្ពាន​កំពុង​លិច​បាត់​ក្នុង​ទឹក ហើយ​អ្នក​មុជទឹក​កំពុងដំណើរការ ពិនិត្យមើល​សសរស្ពាន​ទាំងនោះ​៕