​កំពង់ចាម ​៖ លោក​ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម ដោះលែង​បុរស​ម្នាក់​ឱ្យ​មាន​សេរីភាព​ឡើងវិញ ក្រោយ​ពិនិត្យឃើញថា ការដោះលែង​នេះ​មិន​ប៉ះពាល់​នីតិវិធី​។ ករណីនេះ នៅ​ថ្ងៃ​ទី​២៩​ខែ​សីហា​នេះ លោក​ផែង វណ្ណៈ បាន​សរសេរ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក​ថា “​ខំ​ដោះលែង​ទៅ​លោក​ព្រះរាជអាជ្ញា ព្រោះ​វា​គំរាម​កូន​រាស្ត្រ មិនមែន​គំរាម​កូន​ព្រះរាជអាជ្ញា​ឯណា​”​។​



​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៩ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ចាម បាន​ទទួល​បណ្តឹង​របស់​ឈ្មោះ ហួត ហ្វុង​ហ្វុង ភេទ​ស្រី អាយុ​២៥​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​៧៥T​ផ្លូវ​ជា​សុផារ៉ា​ខណ្ឌភ្នំពេញ​ថ្មី រាជធានី​ភ្នំពេញ បាន​ប្តឹង​ឈ្មោះ ព្រុំ នាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ផ្ទះ​៥៦​អី​ផ្លូវ​៥៨៨ សង្កាត់​ទឹកល្អក់​២ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ ដែល​បាន​យក​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក​មក ភ្ជង់​គំរាម​សម្លាប់ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៦៖៣០​នាទី ក្នុងខណ​:​ពេល​ជនរងគ្រោះ​មកលេង​ផ្ទះ​ម្តាយ​ឈ្មោះ ស៊ា​ង ពៅ នៅ​ភូមិ​ចំណោម ឃុំ​បុសខ្នុរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម ។​

​ក្រោយពី​ទទួល​បណ្តឹង​នៅ​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩៖០០​នាទី កម្លាំង​ជំនាញ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ព្រុំ នាង ហៅ ព្រុំ តារា​ណុ​ច ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ នៅ​ចំណុច​ហាង​កាហ្វេ ស្ថិតនៅ​ភូមិ​ចំណោម ឃុំ​បុសខ្នរ ស្រុក​ចំការលើ ខេត្ត​កំពង់ចាម​។ សម្ភារ​ដកហូត រួមមាន អាវុធខ្លី​(​ប្រើ​ហ្គាស​)​មួ​យ​ដើម​, ឯកសណ្ឋាន​ការងារ​កងរាជអាវុធហត្ថ​មួយ​កំប្លេ , សក្តិ​វរសេនីយ៍ឯក​មួយ​សម្រាប់​។​

​ក្រោយពី​ស្តាប់​ចម្លើយ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​យក​អាវុធខ្លី​គំរាមកំហែង​ទៅលើ​ឈ្មោះ ហួត ហ្វុង​ហ្វុង ហើយ​បាន​ក្លែងបន្លំ​ឯកសណ្ឋាន​កងរាជអាវុធហត្ថ​ដែល​មាន​ពាក់​សក្កិ​៥ និង​កាន់កាប់​រក្សាទុក ប្រើប្រាស់​អាវុធ​ខុសច្បាប់ ប្រាកដ​មែន ។​
​ដីកា​ដោះលែង​ឱ្យ​មាន​សេរីភាព លេខ​៖១៥០១ ព​.​ស​/១៨ ចុះ​ថ្ងៃ​ទី​២២ ខែ​សីហា ឆ្នាំ​២០១៨ លោក ហួត វុទ្ធី តំណាង​អយ្យការ​អម​សាលាដំបូង​ខេត្ត​កំពង់ចាម សម្រេច​ផ្ដល់​សេរីភាព​ដល់ ឈ្មោះ ព្រុំ តារា​ណុ​ច ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃនេះ​តទៅ ។ បន្ត​នីតិវិធី​ច្បាប់ និង អាជ្ញា​ធរមាន​សមត្ថកិច្ច ត្រូវ​អនុញ្ញាត​ដីកា​នេះ ឱ្យមាន​ប្រសិទ្ធភាព ។​

​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម យល់ឃើញថា អង្គ​ហេតុ​នៃ​រឿងនេះ ជា​បទមជ្ឈិម ។ ជនសង្ស័យ​មាន​មេធាវី​ការពារ​ធានា និង មាន​ការស្នើសុំ​ពី​មេធាវី និង ម្តាយ​របស់​ជនរងគ្រោះ ដើម្បី​សុំ​កុំ​ឱ្យ​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន ។ ជនសង្ស័យ​មាន​សាវតារ​ជាតិ​និង​ទីលំនៅ​ច្បាស់លាស់ និង បើ​ជនសង្ស័យ​នៅ​ក្រៅ​ឃុំ មិន​បង្ក​ឧបសគ្គ ដល់​នីតិវិធី​ការស៊ើបអង្កេត​ឡើយ ៕