​តាកែវ​ ៖ កងរាជអាវុធហត្ថ​ខេត្តតាកែវ បាន​បង្ក្រាប​ការ​ចរាចរណ៍​គ្រឿងញៀន ដោយ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ជាមួយ​កញ្ឆា​ក​ក្រៀម ១៣​គីឡូក្រាម ហើយ​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។​

​កងរាជអាវុធហត្ថ​ខេត្តតាកែវ បានឲ្យដឹងថា នៅ​ថ្ងៃ​ពុធ ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ការិយាល័យ​បទល្មើស​គ្រឿងញៀន កងរាជ​អាវុធហត្ថ​ខេត្តតាកែវ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ឈុន សុ​មេធា នាយការិយាល័យ សហការ​ជាមួយ​កម្លាំង​មូលដ្ឋាន កងរាជ​អាវុធ​ហត្ថ​ស្រុក​គីរីវង់ និង​មាន​ការ​សម្រប​សម្រូល​នីតិវិធី​ដោយលោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្តតាកែវ បាន​ចុះ​បង្ក្រាប​មុខសញ្ញា​ជួញដូរ និង​រក្សា​ទុក​កញ្ឆា​ក្រៀម នៅ​ចំណុច​លំនៅដ្ឋាន​មួយកន្លែង ស្ថិតនៅ​ភូមិ​ជ្រោយ ឃុំ​ព្រះបាទ​ជាន់​ជុំ ស្រុក​គីរីវង់ ខេត្តតាកែវ ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ឈ្មោះ ភិន ព​យ ភេទ​ស្រី អាយុ ២៣​ឆ្នាំ រួមទាំង​ដកហូត​បាន​វត្ថុតាង កញ្ឆា​ក្រៀម​ចំនួន ៥​ថង់ ទម្ងន់ ១៣​គីឡូក្រាម ទូរស័ព្ទ​ចំនួន ២​គ្រឿង និង​លុយ​រៀល​ចំនួន ២០០០០០​រៀល​។​

បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​ការិយាល័យ​ជំនាញ កសាង​សំណុំរឿង បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕