​សៀមរាប ​៖ លោក អាគី​រ៉ា ដែល ជា​វីរបុរស​មីន​កម្ពុជា ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រក្សា​ទុក​អាវុធ​ខុសច្បាប់​នៅក្នុង​អង្គការ​របស់​លោក ស្ថិតនៅ​ស្រុក​បន្ទាយស្រី​។ ការឃាត់ខ្លួន​នេះ​ធ្វើឡើង​ជាមួយ​មនុស្ស​២​នាក់​ទៀត ដែល​មាន​តួនាទី​ក្នុង​អង្គការ​សារមន្ទី​គ្រាប់មីន​របស់លោក អាគី​រ៉ា ដែល​សមត្ថកិច្ច​អះអាង​ថា បាន​បើក​ដំណើរការ​ដោយ​ខុសច្បាប់​ផង​ដែរ​។​

​ជនសង្ស័យ​ទាំង​៣​នាក់​នោះ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ កសាង​សំណុំរឿង​បញ្ជូន​ដល់​សាលាដំបូង​ខេត្ត​នា​រសៀល​ថ្ងៃ​ទី​៣០​ខែសីហា​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

​ការឃាត់ខ្លួន​នេះ​ធ្វើឡើង​នៅ​ថ្ងៃទី​២៩ សីហា នៅ​ស្នាក់​ការ​របស់​អង្គការ​សារមន្ទីរ​មីន​លោក អាគី​រ៉ា ស្ថិតនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ ណុល រ៉ុង នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ថ្លែង​ឲ្យដឹង​នៅ​រសៀល​ថ្ងៃ​ទី​៣០​ខែ​សីហា​នេះ​ថា កាលពី​ថ្ងៃ​ទី​២៩​ខែសីហា​កម្លាំង​សមត្ថកិច្ច បាន​ធ្វើ​ការឃាត់ខ្លួន​មនុស្ស​បីនាក់ ដែល​មាន​ឈ្មោះ​អាគី​រ៉ា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ តួនាទី​ជា​ប្រធាន​អង្គការ​សារមន្ទីរ​មីន​កម្ពុជា មាន​ទីលំនៅ​ភូមិ​ខ្នារ ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​។ ទី​២ អឿន​យ៉ុន ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ​តួនាទី​ជា​អនុប្រធាន​អង្គការ​នៅ​ភូមិ​ខ្នារ​ឃុំ​ខ្នារ​សណ្តាយ​ស្រុក​បន្ទាយស្រី​។​ទី​៣​ហ៊ាញ សុគន្ធា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ តួនាទី​ជា​ប្រធាន​ប្រតិបត្តិ រស់នៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

លោក​បន្តថា ការឃាត់ខ្លួន​នេះ​ធ្វើឡើង​បន្ទាប់​ពី​មាន​ហេតុការណ៍​ឆាបឆេះ​នៅក្នុង​សារមន្ទីរ​មីន​របស់​លោក​អាគី​រ៉ា នៅក្នុង​ស្រុក​បន្ទាយស្រី កាលពី​ថ្ងៃ​ទី​២៧ ខែ​សីហា​ឆ្នាំ​២០១៨ កន្លងទៅ​។​

​មន្ត្រី​ជំនាញ នៃ​អង្គការ​ស៊ីម៉ាក់ បានឲ្យដឹងថា នៅ​ក្នុង​ការ​ដែល​ចុះ​ត្រួតពិនិត្យ​នៅ​ក្នុង​ទីតាំង​សារមន្ទីរ​មីន​នេះ​កម្លាំង​ស៊ីម៉ាក់​បាន ដកហូត​បាន​គ្រាប់បែកដៃ​ចំនួន​៩​គ្រាប់ ,​មីន​៧២A​ចំនួន​១៥​គ្រាប់​,​គ្រាប់កាំភ្លើង​ខ្លី​ចំនួន​៣២៥​គ្រាប់​,​ដង​គ្រាប់បេ​ចំនួន​១,​ម្ជុល​ភ្លើង​មីន​៦៩​ចំនួន​៥​ដើម​,​គ្រាប់កាំភ្លើង​ដៃ​ចំនួន​១០​គី​ឡូ​,​កាំភ្លើង​ស្វ័យប្រវត្តិ​ឆេះ​ខូច​ចំនួន​៦​ដើម​,​សំបក​គ្រាប់​មីន​ចំនួន​២​កេះ​ឈើ ខ្សែ​ឆេះ​ផ្ទុះ​ចំនួន​១,​កេះ​ឈើ​ដាក់​គ្រាប់បែក​ចំនួន​១,​កេះ​ដែក​ដាក់​ខ្សែយឺត​ចំនួន​១,​ស្មាច់​ដាក់​គីប​ចរន្ត​ចំនួន​១,​គ្រាប់​កាំភ្លើងខ្លី​K59 ចំនួន​៤២, គ្រាប់​គីប​ចរន្ត​ចំនួ​២៩០​ដើម​និង​គីប​ធម្មតា​៣០០ ដើម​។ ក្រោយពេល​ប្រមូល​គ្រឿងផ្ទុះ​ទាំងអស់ មន្ត្រី​ជំនាញ​ស៊ីម៉ាក់ បាន​យក​ទៅ​កន្លែង​មាន​សុវត្ថិភាព និង​ធ្វើ​ការកម្ទេច​ចោល​។​

​លោក​ឧត្តមសេនីយ៍ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នគរបាល​ខេត្តសៀមរាប បានឲ្យដឹងថា ករណី​នេះ​កម្លាំង​នគរបាល​ជំនាញ បាន​ធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​នោះ​ហើយ ដោយ​ចោទប្រកាន់​ពី​បទ​រក្សាទុក​នូវ​អាវុធ​ខុសច្បាប់ និង​ច្បាប់​អង្គការ​សារមន្ទីរ​គ្រាប់​មីន​នោះ​ហួស​សពុល​ភាព​ចំនួន​៤​ឆ្នាំ​មកហើយ​។​ចំ ណែ​ក​ក្មេង​នៅ​ក្នុង​អង្គការ​ចំនួន​១៧​នាក់​ស្រី​៧​នាក់​នោះ​ត្រូវបាន​មន្ទី​សង្គមកិច្ច​ខេត្ត​យក​ទៅ​ចិញ្ចឹម​បីបាច់​ថែរក្សា​បន្ត​នៅ​កន្លែង​មាន​សុវត្ថិភាព​៕