​ភ្នំពេញ ​៖ ពល​ការិនី​ខ្មែរ ម្នាក់ទៀត ឈ្មោះ លី សំ​រ៉ោះ អាយុ ២២​ឆ្នាំ ដែល​ចាញ់បោក​មេខ្យល់​ខុសច្បាប់ មិន​មាន​ក្រុមហ៊ុន​ច្បាស់លាស់ ឈ្មោះ ជីប ណូ​ស្នី នៅ​ភូមិ​ថ្មី ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​កន្លងមក ដោយ​នាំ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត មិន​បាន​ប្រាក់ខែ​រយៈពេល ១៤​ខែ​មក​នោះ ត្រូវ​បាន​អន្តរាគមន៍ វិល​មក​ស្រុក​កំណើត​វិញ​ហើយ​ ។

​លោក អូស្មាន ហាស្សាន់ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឱ្យដឹងថា នៅ ថ្ងៃ​៣០ សីហា ឆ្នាំ​២០១៨ ពល​ការិនី​រងគ្រោះ​ឈ្មោះ លី សំ​រ៉ោះ ដែល​មាន​អាយុ ២២​ឆ្នាំ គឺជា​ជនជាតិ​ខ្មែរ​ឥស្លាម មកពី​ភូមិ​ត្រពាំងថ្ម ឃុំ​ពពេល ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ជា​កូនច្បង ក្នុងចំណោម​បងប្អូន ៧​នាក់ ដែល​ជា​គ្រួសារ​កសិករ មាន​ជីវភាព​ក្រ​លំបាក បាន​សម្រេច​ចិត្ត​ទៅ​ធ្វើការ​ជា​ស្ត្រី​បម្រើ​ការងារ​ផ្ទះ​នៅ​អា​រ៉ាប៊ីសាអូឌីត តាមរយៈ​មេខ្យល់​ខុស ច្បាប់​មិន​មាន​ក្រុមហ៊ុន និង​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ បាន​បញ្ជូន​នាង​ទៅ​ធ្វើការ កាលពី​ខែ​មិថុនា ឆ្នាំ​២០១៧​។​

តាម​ការបញ្ជាក់ ពី​ស្ត្រី​រងគ្រោះ ពល​ការិនី លី សំ​រ៉ោះ ក៏​បាន​អោយដឹង​ដែរ​ថា ៖ កំឡុង​ពេល​ជាង ១៤​ខែ ដែល​ខ្លួន​ស្នាក់​នៅ​បម្រើ​ការងារ​នៅ​អា​រ៉​ប៊ីសា​អូឌីត គឺ​ភាគី​មេខ្យល់​ដែល​បញ្ជូន​នាង​ទៅ​ដោយ​ខុសច្បាប់​នោះ បាន​ទាក់ទង​និយាយ​គ្នា​បាន​ម្តងគត់ តែ​ក្រោយមក​ក៏​បាត់​សូន្យឈឹង លែង​ទាក់ទង​បាន ខណៈ​ដែល​ខ្លួន​ជា​ស្ត្រី​បម្រើ​ការងារ បាន​បន្ត​ធ្វើ​ការងា​រទាំ​ង​វេទនា ត្រូវបាន​ម្ចាស់ផ្ទះ​ប្រើ​អោយ​ធ្វើការ​ហួស​កម្លាំង និង​លើស​ម៉ោង​រហូត​។​

​ពល​ការិនី លី សំ​រ៉ោះ បាន​បន្ថែមថា​៖ ទោះយ៉ាងណា បញ្ហា​រំលោភ​លើ​កម្លាំង​ពលកម្ម មិនសូវ​ចោទ​ជា​បញ្ហា​ធំ​នោះទេ អ្វី​ដែល​ជា​ឧបសគ្គ​ធំធេង​បំផុត ដែលជា​មូលហេតុ​ធ្វើអោយ​នាង​រក​វិធី​ចាកចេញ​ពី​ផ្ទះ​ដែល​ធ្វើការ ក៏ដូចជា​រក​អ្នក​ជួយ​ផ្តល់​អន្តរាគមន៍​ពី​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ គឺ​ដោយសារតែ​ថៅកែ​ប្រុស​ជា​ម្ចាស់ផ្ទះ​ដែល​ខ្លួន​នៅ​បម្រើ​ការងារ​នោះ គឺ​តែងតែ​មក​ឆា​ឆៅ ក្នុង​គោលបំណង​រំលោភ​បំពាន​លើ​ខ្លួនប្រាណ​របស់​នាង​ថែម​ទៀត ដែល​តែងតែ​បង្ក​ភាព​ភិតភ័យ​ដល់​រូបនាង​ជារឿយៗ​មក​។​

​ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ប្រចាំ​ប្រទេស​អេ​ហ្ស៊ី​ប អន្តរាគមន៍ សម្រួល​អោយ​នារី​រងគ្រោះ បាន​ចាកចេញ​ពី​ម្ចាស់ផ្ទះ​ជនជាតិ​អារ៉ាប់​ដែល​ខ្លួន​កំពុង​បម្រើ​ការងារ ទៅរក​មណ្ឌល​គាំពារ​ស្ត្រី​រងគ្រោះ​អា​រ៉ាប៊ីសាអូឌីត ដោយ​សុវត្ថិភាព និង បាន​ត្រឡប់​មក​កាន់​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព នៅ​យប់​ថ្ងៃទី ២៩ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩:៣០​នាទី​យប់​។​

លោក អូស្មាន ហាស្សាន់ បានអោយដឹងថា​៖ នេះ​ជា​នារី រងគ្រោះ ទី​៥ ហើយ ដែល​បាន ដោះស្រាយ​អោយបាន​វិលត្រឡប់​មក​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​។ ប៉ុន្តែ​ដោយសារ​នៅ​ប្រទេស​អា​រ៉ាប៊ីសាអូឌីត​នោះ មិនទាន់មាន ស្ថានទូត ឬ ស្ថាន​កុងស៊ុល សម្រាប់​ទំនាក់ទំនង រាល់​ការដោះស្រាយ បញ្ហា​ម្ដងៗ មាន​ការលំបាក យឺតយ៉ាវ​។​

ពល​ការិនី​រងគ្រោះ លី សំ​រ៉ោះ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​​​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់ លោក អូស្មាន ហាស្សាន់ ជា​ថ្នាក់ដឹកនាំ​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​សហការី ព្រមទាំង​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​អេ​ហ្ស៊ី​ប ដែល​បាន​ផ្តល់​បទ​អន្តរាគមន៍ ដោះស្រាយ​ទុក្ខលំបាក​របស់​នាង​បាន​ទាន់ពេលវេលា​៕