​ភ្នំពេញ​ ៖​ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​សម្តែង​នូវ​ក្តីសង្ឃឹម​ថា សិង្ហ​បុរី នឹង​បង្កើន​ការនាំ​ចូល​នូវ​អង្ករ និង​ផលិតផល​កសិកម្ម​ដទៃ​ទៀត​កម្ពុជា ហើយ​នឹង​ពិចារណា ឲ្យមាន​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ទ្វេភាគី​ស្តីពី សហប្រតិបត្តិការ​លើ​វិស័យ​ការងារ​។

​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ថ្លែង​បែប​នេះ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២៩ ដល់​៣០​ខែ​សីហា ឆ្នាំ​២០១៨ នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​ឱកាស​ជួបពិភាក្សា​ការងារ ជាមួយ​លោក វី​វៀន បា​ឡា​ក់​គ្រីស្ហ​ណាន់ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី ។ នៅ​រសៀល​៣០​ខែ​សីហា​នេះ លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោក លី សៀន ឡុង នាយករដ្ឋមន្ត្រី​សិង្ហ​បុរី ក្នុងអំឡុងពេល​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​ទៅកាន់​សិង្ហ​បុរី ។​

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ថ្លែងអំណរគុណ​សិង្ហ​បុរី ដែល​បន្ត​ជួយ​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​កម្ពុជា ពិសេស​ការកសាង​ធនធានមនុស្ស ដោយ​គ្របដណ្តប់​លើ​ការអភិវឌ្ឍ​សមត្ថភាព​ឌីជីថល​។​

​ក្នុងជំនួប​ទ្វេភាគី លោក ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន និង​លោក វី​វៀន បា​ឡាក់ គ្រីស្ហ​ណាន់ បានកត់សម្គាល់​ដោយ​ការពេញចិត្ត​យ៉ាង ខ្លាំង នូវ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ រវាង​កម្ពុជា និង​សិង្ហ​បុរី ជាពិសេស លើ​វិស័យ​វិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍ ដែល​មាន​កំណើន​កាន់តែ​ច្រើនឡើង​។ ភាគី​ទាំងពីរ​បាន​បញ្ជាក់​សាជាថ្មី នូវ​ការ​តាំងចិត្ត​ខិតខំ​ធ្វើការ​កាន់តែ​ជិតស្និទ្ធ​ជាមួយគ្នា ដើម្បី​កសាង​នូវ​ទំនាក់ទំនង​រវាង​ថ្នាក់ដឹកនាំ និង​ថ្នាក់ដឹកនាំ រវាង​ធុរកិច្ច​និង​ធុរកិច្ច និង​រវាង​ប្រជាជន​និង​ប្រជាជន ឲ្យ​កាន់តែ​ខ្លាំង​រឹងមាំ និង​ដើម្បី​បង្កើន​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ រួមមាន វិស័យ​អាកាសចរណ៍ ទូរគមនា គមន៍ ថាមពល ការងារ និង​ការអភិវឌ្ឍ​ធនធានមនុស្ស​៕ ​