​នាយកដ្ឋាន​សត្វព្រៃ Sabah (SWD) នឹង​ផ្តល់រ​ង្វាន់​ចំនួន RM120,000 (​ស្មើនឹង ២៩២០០ ដុល្លារ​អាមេរិក​) ដល់​អ្នក​ដែល​បានផ្តល់​ព័ត៌មាន​ណាមួយ ដែល​ឈានទៅ​ចាប់ខ្លួន​ពួក​ប្រមាញ់​សត្វព្រៃ ឬ មនុស្ស​ដែល​បង្កើត​អន្ទាក់​ចាប់​សត្វព្រៃ នៅក្នុង​ប្រទេស​ម៉ាឡេស៊ី ។​

​ការផ្តល់ជូន​នេះ ត្រូវបាន​ប្រកាសឡើង បន្ទាប់ពី​ការ​ងាប់​ដ៏​គួរ​ឲ្យ​ស្លុតរន្ធត់​របស់​សត្វ​ដំរីព្រៃ​ចំនួន ២៥ ក្បាល នៅក្នុង​រយៈពេល ៨ ខែ ដំបូង នៃ​ឆ្នាំនេះ ដែល​ក្នុងនោះ ២៤ ក្បាល​ក្នុងចំណោម​ពួកវា​បាន​ងាប់​នៅក្នុង​៤​ខែ​មុន ។​

​មូលហេតុ​នៃ​ការ​ងាប់​នេះ គឺ​ផ្តើម​ពី​ការរង​របួស​ដោយសារ​ការបាញ់សម្លាប់​, រងរបួស​កើតឡើង​ពី​ត្រូវ​ជាប់​ក្នុង​អន្ទាក់​របស់​ពួក​អ្នកប្រមាញ់ និង​មូលហេតុ​មិន​ច្បាស់​ដទៃ ។​

​សត្វ​ដំរី​រងគ្រោះ​ទាំងនោះ បាន​ត្រូវ​រងរបួស​ដោយ​ឧបករណ៍​ទាក់ ដែល​បង្ក​ឲ្យ​ឆ្លង​មេរោគ​ផ្សេងៗ មុនពេល​ពួកវា​ងាប់​យ៉ាង​អាណោច​អាធ​ម ។​

រូបភាព៖ malaysiapost.biz

​អង្គការ WWF ម៉ាឡេស៊ី បាន​និយាយថា អន្ទាក់​ត្រូវបាន​ប្រើប្រាស់​ជាទូទៅ ដោយ​ពួក​ព្រានប្រមាញ់ ហើយ​ទីកន្លែង​ដែល​ពួកគេ​ត្រូវ​បានដាក់ គឺ​ស្ថិតនៅ​តាមផ្លូវ​របស់​ស​ត្វ នៅក្នុង​តំបន់​អភិរក្ស​សត្វព្រៃ ដែល​ជាប់​នឹង​ដីចម្ការ​ជាច្រើន ដែល​ពួកគេ​មាន​ចេតនា​ចាប់​សត្វ​ជ្រូកព្រៃ និង​ក្តាន់ ។​

​ថ្វី​ត្បិត​សត្វ​ដំរី កម្រ​ជា​គោលដៅ​របស់​ពួក​អ្នកប្រមាញ់ តែ​ពួកវា​ជាទូទៅ​បាន​ក្លាយជា​ជនរងគ្រោះ ដោយសារ​ឧបករណ៍​ទាក់​ទាំងនេះ ខណៈ​ពួកវា​បាន​ប្រើប្រាស់​ផ្លូវ​ដើរ​ទាំងនោះ​ដូច​ទៅនឹង​សត្វព្រៃ​ដទៃទៀត​ផងដែរ ។​

​នាយក SWD លោក Augustine Tuuga និយាយថា វា​ជា​រឿង​ពុំ​ងាយស្រួល​នោះទេ ក្នុងការ​រកឃើញ​ជន​ល្មើស ដោយសារ​រហូតមកទល់​ពេលនេះ ពុំមាន​សាក្សី​ណា​ម្នាក់​ចេញមុខ​ផ្តល់ព័ត៌មាន​អំពី​ករណីនេះ ទោះបី​រង្វាន់​ជិត ៣ ម៉ឺន​ដុល្លារ ត្រូវបាន​ផ្តល់ជូន​រួចស្រេច​ក៏ដោយ ។​

​គួរ​បញ្ជាក់ថា នេះ​ពុំមែន​ជា​លើក​ទី​១​ទេ ដែល​នាយកដ្ឋាន​នេះ​បានផ្តល់​រង្វាន​ជា​សាច់ប្រាក់​ដ៏​សន្ធឹកសន្ធាប់ សម្រាប់​ការផ្តល់ជូន​ព័ត៌មាន ដែល​ឈានទៅ​ចាប់ខ្លួន​ជនល្មើស ។ មុននេះ នាយកដ្ឋាន​ក៏បានផ្តល់​ជូន​រង្វាន់​ស្រដៀង​គ្នា​នេះ​ផងដែរ បន្ទាប់ពី​សត្វ​ដំរី​ចំនួន ១៤ ក្បាល បាន​ងាប់​នៅក្នុង​តំបន់​ព្រៃ​អភិរក្ស Gunung Rara នៅក្នុង​ឆ្នាំ​២០១៣ ៕

រូបភាព៖ The Star