អាកាសធាតុកើនឡើង​នៅលើ​ភពផែនដី​ជាកត្តា​ជំរុញ​ឲ្យ​សត្វល្អិត​ចង្រៃ​​បំផ្លាញ​កសិកម្ម មាន​ចំនួន​កាន់តែ​កើនឡើង។ ​តាម​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​មកពី​សកលវិទ្យាល័យ​រដ្ឋ​វ៉ាស៊ីនតោនដែល​ត្រូវ​បានចេញផ្សាយ​នៅក្នុង​ទស្សនាវដ្តី​វិទ្យាសាស្រ្ត នៅ​ថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ អាកាសធាតុ​ក្តៅខ្លាំង​នឹង​អំណោយផល​ដល់​ការកើតកូនកើតចៅ​របស់​សត្វល្អិត ដែល​ភាគច្រើន ចូលចិត្ត​ស៊ីបំផ្លាញ​ស្រូវ ពោត និង​ស្រូវសាឡី​ដែល​ជា​អាហារ​ចាំបាច់​របស់​មនុស្ស។

នៅក្នុង​ការសិក្សា​របស់​អ្នកស្រាវជ្រាវ​អាមេរិកាំង គេ​បាន​សន្និដ្ឋានថា អាកាសធាតុ​កាន់​តែ​ក្តៅ​ខ្លាំង កាន់តែ​ធ្វើ​ឲ្យ​សត្វល្អិត​កាន់តែ​ស្រេកឃ្លាន ហើយ​និង​បន្តពូជ យ៉ាងឆាប់រហ័ស។ នេះ​ជា​សេណារីយ៉ូ​មិនល្អ​សោះឡើយ សម្រាប់ ស្រូវ ពោត ស្រូវសាឡី ដែលជា​អាហារចំបង​របស់​មនុស្ស​រាប់ពាន់​លាន​នាក់ នៅ​លើ​ផែនដី។

កន្លងមក អ្នកវិទ្យាសាស្រ្ត​បាន​សិក្សា​រួចហើយ​ពី​ផលប៉ះពាល់​នៃ​ការប្រែប្រួល​អាកាសធាតុ ទៅលើ​ប្រភពទឹក ហើយ​និង​ការរីកលូតលាស់​របស់​គ្រាប់​ធញ្ញជាតិ។ លើកនេះ អ្នកវិទ្យាសាស្រ្ត​សិក្សា​វិញម្តង​ទៅលើ​ការបន្តពូជ ហើយ​និងការស្រេកឃ្លាន​របស់​សត្វល្អិត ចង្រៃ សម្រាប់​វិស័យ​កសិកម្ម​វិញម្តង។ បន្ទាប់ពី​សិក្សា​ទៅលើ​សត្វល្អិត ចំនួន ៣៨​ប្រភេទ ដែល​រស់នៅ​គ្រប់តំបន់​ក្នុង​ពិភពលោក អ្នកស្រាវជ្រាវ​បាន​រកឃើញ​ថា កំដៅ​កើនឡើង នៅ​លើ​ផែនដី​នឹង​ធ្វើ​ឲ្យ​ តំបន់​ដែល​ធ្លាប់​តែ​ត្រជាក់ មាន​អាកាសធាតុ​ក្តៅមធ្យមវិញ។ ការនេះ​នឹង​អំណោយផល​ខ្លាំងណាស់ ដល់​ការរីករាលដាល​របស់​សត្វល្អិត គឺ​ផ្ទុយពី​តំបន់ត្រូពិក។

អឺរ៉ុប ដែល​ជាតំបន់​ផលិត ដាំ​ស្រូវសាឡី ច្រើន​ជាងគេ​នៅលើ​ពិភពលោក នឹង​ទទួល​បាន​ផលស្រូវ​សាឡី ថយ​ជាងមុន ដោយសារ​តែ​ការស៊ីរាតត្បាត​របស់​សត្វល្អិត។ នៅ​អាមេរិក ដែល​ជា​ប្រទេស​ផលិត​នាំចេញ​ពោត​ធំ​ជាងគេ ក្នុងពិភពលោក ផលិតផល​ពោត​នឹងអាច​ថយចុះ ៤០% ក្នុង​មួយឆ្នាំ។ ចំណែក​ចិនវិញ ដែល​ផលិត​អង្ករ​មួយ​ភាគបី នៃ​បរិមាណ​អង្ករ​សរុប​ក្នុង​លោក នឹង​អាច​ខាត​បង់​ដំណាំស្រូវ ២៧​លានតោន ក្នុង​មួយ​ឆ្នាំៗ ដោយសារ​តែ​ការស៊ីបំផ្លាញ​របស់​សត្វល្អិត។

នៅ​ក្នុង​ការសិក្សារបស់ខ្លួន អ្នកវិទ្យាសាស្រ្ត​ពិនិត្យ​មើលតែ​ទៅលើ​សក្តានុពល របស់​សត្វល្អិត ដែល​អាច​គំរាមកំហែង​សន្តិសុខ​ស្បៀង​របស់​ពិភពលោក គឺ​មិនចាញ់​គ្រោះរាំងស្ងួត ឬ​គ្រោះ​មហន្តរាយធម្មជាតិ​ផ្សេងទៀត ដែល​ជា​លទ្ធផល​នៃ​ការកើនឡើង​កំដៅ​របស់​ផែនដី​នោះទេ។ យ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្ត​អាមេរិកាំង​បាន​ផ្តល់យោបល់ថា ជាជាង ស្រាវជ្រាវ ផលិត​ថ្នាំ​គីមី សម្លាប់​សត្វល្អិត​ចង្រៃ ដែល​អាច​ជះផល​មិនល្អ​សម្រាប់​គុណភាព​ដី និង​បរិស្ថាននោះ គេ​គួរ​ពិចារណា លើ​ការផ្លាស់ប្តូរ​ថ្មី ដូចជា​ដាំដុះ ឆ្លាស់គ្នា លើ​ដី​តែមួយ ប្រើប្រាស់​ជីធម្មជាតិ ឬ​ការផលិត​សត្វល្អិត ដែល​មាន​នាទី​ទៅ​សម្លាប់​សត្វល្អិត​ចង្រៃ​ជាដើម៕ ប្រភព៖ RFI