ក្រសួងការពារ​ជាតិ​ជប៉ុន នៅថ្ងៃ​សុក្រ​ទី ៣១សីហា បាន​ដាក់​គម្រោងស្នើសុំ​ថវិកា​៤៧ពាន់លាន​ដុល្លារ ដើម្បី​បំពាក់​សព្វាវុធ​ទំនើបៗ​ឲ្យ​កងទ័ព​ជប៉ុន។ រដ្ឋាភិបាល​ជប៉ុន របស់​លោក​នាយករដ្ឋមន្រ្តី​ស៊្ហីនហ្សូ អាបេ បាន​បង្កើន​ថវិកា​ការពារជាតិ​ នៅក្នុង​រយៈពេល​៧​ឆ្នាំជាប់គ្នា នៅក្នុង​ហេតុផល​ថា ជប៉ុន​នៅ​តែ​ប្រឈម​នឹង​ការគំរាមកំហែង​ពីចិន ហើយ​និង​​ការវាយប្រហារ​នុយក្លេអ៊ែរ​ពី​សំណាក់​​កូរ៉េខាងជើង។



សម្រាប់​ឆ្នាំ ២០១៩ ​ក្រសួងការ​ពារជាតិ​ជប៉ុនបាន​​ទាមទារ​កញ្ចប់​ថវិកា​ ៤៧ពាន់លាន​ដុល្លារ (ចំនួន​ដ៏ច្រើន​មិនធ្លាប់មាន) ក្នុង​គោលដៅ​ពង្រឹង​​សមត្ថភាព​កងទ័ព​អាកាស ហើយ​និង​ប្រព័ន្ធ​ខែល​មីស៊ីល ដើម្បីប្រឈម​ទប់ទល់​នឹង​ការគំរាមកំហែង​ពី​ចិន និង​កូរ៉េខាងជើង។

ជាមួយ​នឹង​ការបង្កើន​ថវិកា​ការពារ​ជាតិ​​ប្រមាណ ២,១%​បន្ថែមទៀត ​ជប៉ុនចង់​ពង្រាយ​បន្ថែម​ទៀត ​​ប្រព័ន្ធ​ខែលមីស៊ីល​​ដើម្បី អាច​ការពារ​ពេញ​ផ្ទៃប្រទេសជប៉ុន​ពីការវាយប្រហារ​មីស៊ីល​របស់​កូរ៉េខាងជើង។ ជារួម ជប៉ុន​នឹង​ប្រើថវិកា​ជាតិដើម្បី ទិញ ​ប្រព័ន្ធ​ខែល​មីស៊ីលដ៏​ទំនើប​របស់​​អាមេរិក ប្រភេទ Aegis Ashore ចំនួន​ពីរ ទិញ យន្តហោះ​ចម្បាំង F-៣៥​ ៦គ្រឿង យន្តហោះ​រ៉ាដា ស៊ើបយកការណ៍ E-2D Hawkeye ហើយ​និង​នាវាចម្បាំង​ ពីរគ្រឿង។ ដោយ​ទាមទារ​​ឲ្យ​ដំឡើង​ថវិកា​កងទ័ព ក្រសួងការជាតិ​​ជប៉ុន​គ្រោង​ផងដែរ នឹង​រើស​បុគ្គលិកបន្ថែម៣០នាក់​ទៀត សម្រាប់​កងទ័ព​ជើងអាកាស​ជប៉ុន ដែល​រហូតមកដល់ពេលនេះ មាន​ចំនួន ៨៣០នាក់។

ក្រសួង​​ការពារជប៉ុន​ទាមទារ​សុំ​ឲ្យ​ដំឡើង​បន្ថែម​ថវិកា​ការពារ​ជាតិ នៅ​បន្ទាប់ ពី​មាន​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​បាន​បង្ហាញនៅ​សប្តាហ៍នេះ​​ថា កូរ៉េខាងជើង នៅ​តែ​ជា​ប្រភព​គំរាមកំហែង ខ្លាំង និង​គ្រប់ពេលវេលា មកលើ​ជប៉ុន នោះបើទោះបី​ជា​មានការធូស្រាល​ផ្នែកការទូត​​ នៅក្រោយ​​ជំនួប​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​កូរ៉េខាងជើង ជាមួយ ប្រធានាធិបតី អាមេរិក​ កាលពី​ពាក់កណ្តាល​ខែ​មិថុនា។

ជប៉ុន​ចង់​បង្កើន​ថវិកា​​ការពារ​ជាតិរបស់ខ្លួន ​ដើម្បី​អាច​ឆ្លើយតប ផងដែរ​ទៅ​នឹងចិន​ដែល​កំពុង​ពង្រីក​​​ដែនឥទ្ធិពល យោធា​របស់ខ្លួន នៅក្នុង​តំបន់។ ចិន​ដែល​ កំពុង​ជាប់ជម្លោះ​ដណ្តើម​ដីកោះ​ជាមួយ​ជប៉ុន នៅ សមុទ្រ​ចិន​ខាងកើត ទើប​តែ​បាន​ប្រកាស​បង្កើន​ថវិកា​កងទ័ព​ដល់​ទៅ ៨% កាលពី​ខែ​មីនា​កន្លងទៅ។ ដើម្បី​ធ្វើ​ទំនើបកម្ម​កងទ័ព​របស់ខ្លួន ដែល​ធំជាងគេ​នៅក្នុង​ពិភពលោក ចិន​បាន​អនុម័ត​កញ្ចប់​ថវិកា​ការពារ​ជាតិ​ ប្រមាណ ១៧៥​ពាន់លាន​ដុល្លារ សម្រាប់​ឆ្នាំ២០១៨៕ ប្រភព៖ RFI