កាលពីថ្ងៃសុក្រ ទី៣១សីហា រដ្ឋាភិបាលប្រទេសនីការ៉ាហ្កា បានសម្រេច បណ្តេញបេសកកម្ម​នៃ​ឧត្តមស្នងការសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ ចេញពីប្រទេសខ្លួន ដោយ​លើក​ឡើ​ង​ថា​ ឧត្តមស្នងការនេះ លែងមានហេតុផលអ្វី ត្រូវនៅធ្វើការ ក្នុងប្រទេស​នីការ៉ាហ្កា​​ទៀត​ឡើយ។ គួរបញ្ជាក់ថា ការបណ្តេញចេញយ៉ាងតក់ក្រហល់នេះ គឺធ្វើឡើង​២ថ្ងៃ ក្រោយ​ពេល​ដែល​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស ដែលមានស្នាក់ការធំនៅក្រុងហ្សឺណែវ បានចេញ​របាយការណ៍​មួយ បរិហារអំពីសកម្មភាពរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ តាម​រយៈ​កា​រ​បង្រ្កាប​​យ៉ាង​ហឹង្សា ពីសំណាក់កម្លាំងសមត្ថកិច្ចនីការ៉ាហ្កា ទៅលើចលនាបាតុកម្មតវ៉ាប្រឆាំងរដ្ឋាភិបាល។



លិខិតមួយរបស់ក្រសួងការបរទេសនីការ៉ាហ្កា ចេញផ្សាយជាសាធារណៈ​ កាលពីថ្ងៃសុក្រ ទី៣១សីហា ម្សិល​មិញ បានកំណត់បញ្ចប់បេសកកម្ម​​ការងារ របស់ឧត្តមស្នងការទទួលបន្ទុកសិទ្ធិមនុស្ស នៃអង្គការ​​សហប្រជាជាតិ ប្រចាំនៅនីហ្ការ៉ាហ្កា ចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ លិខិតបានលើកឡើងថា “ហេតុផល ព្រមទាំងលក្ខខណ្ឌ” ដែលតំរូវ​ឲ្យ​នីការ៉ាហ្កា​ទទួលយកបេសកកម្មរបស់ឧត្តមស្នងការសិទ្ធិមនុស្សនេះ គឺលែងមានជាធរមានទៀតហើយ។ ដូច្នេះ នីការ៉ាហ្កា មិនត្រូវការឲ្យបេសកកម្មនេះ បន្តធ្វើសកម្មភាពក្នុងទឹកដីខ្លួនទេ។

លោក Guillermo Fernandez ប្រធានបេសកកម្មនៃឧត្តមស្នងការសិទ្ធិមនុស្ស ប្រចាំនីការ៉ាហ្កា ដែលបានចូលទៅជួបរដ្ឋមន្ត្រីការបរទេសនីការ៉ាហ្កា កាលពីថ្ងៃសុក្រម្សិសមិញ បានលើកឡើងថា លោកមិននឹកស្មាន​សោះ ថានីការ៉ាហ្កាសម្រេចធ្វើរឿងបែបនេះ។ តែយ៉ាងណា លោក​​​លើក​​ឡើង​ថា ឧត្តមស្នងការសិទ្ធិមនុស្ស និងបន្តការងារតាម​ដាន​ពី​​ចំងាយ លើស្ថានភាពសិទ្ធិមនុស្សនៅនីការ៉ាហ្កា ដោយគោរពទៅតាមតួនាទី​ការងារ ដែលមហាសន្និបាទអង្គការសហប្រជាជាតិ បានប្រគល់ឲ្យ។

ដោយឡែក ក្រុមសម្ព័ន្ធប្រជាពលរដ្ឋដើម្បីយុត្តិធម៌ និងប្រជាធិបតេយ្យ ដែលត្រូវបានផ្តួចផ្តើមឡើង ដោយយុវជននិស្សិត អ្នកជំនួញ កសិករ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិលនានា បានបរិហាររដ្ឋាភិបាលនីការ៉ាហ្កា អំពីការសម្រេចបណ្តេញក្រុមការងារសិទ្ធិមនុស្សនេះ។ សម្ព័ន្ធប្រជាពលរដ្ឋ ដែល​ជាកម្លាំងចលនាតវ៉ាប្រឆាំងរដ្ឋាភិបាលនេះ បានអះអាង​ថា ហេតុផលនិងលក្ខខណ្ឌនៅតែមានគ្រប់ ដើម្បីឲ្យឧត្តមស្នងការសិទ្ធិមនុស្ស បន្តបេសកកម្មតទៅទៀត។ ដូចគ្នាដែរ តំណាងអង្គការ Amnesty International បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាល​នីការ៉ាហ្កា ដែលដឹកនាំដោយប្តីប្រពន្ធOrtega នេះ គឺវាស្តែងឲ្យឃើញកាន់តែច្បាស់ អំពីអំពើឧក្រិដ្ឋទាំងឡាយ ដែលរដ្ឋាភិបាលផ្តាច់ការនេះ បានធ្វើ ព្រមទាំងស្តែងអំពីចរិកក្អេងក្អាង មិនគោរពបទដ្ឋានច្បាប់អន្តរជាតិ។

សូម​រំលឹក​ថា ការសម្រេចបណ្តេញចេញនេះ គឺធ្វើឡើង ក្រោយពេលដែល ឧត្តមស្នងការសិទ្ធិមនុស្ស បានចេញរបាយការណ៍មួយកាលពីថ្ងៃពុធទី ២៩សីហា។ ក្នុងរបាយការណ៍ បានលើកឡើង អំពីសកម្មភាពរំលោភសិទ្ធិមនុស្សនានា ធ្វើឡើងដោយអាជ្ញាធររដ្ឋាភិបាលនីការ៉ាហ្កា ដូចជាការបង្រ្កាបបាតុកម្មដោយប្រើកម្លាំងហួសហេតុ ការចាប់មនុស្សដាក់ឃុំ ដោយពុំមានឆ្លងកាត់ការជំនំជំរះពីស្ថាប័នយុត្តិធម៌ អំពើឃាតកម្ម ការបង្ខឹតបង្ខំឲ្យរត់គេចលាក់ខ្លួន ព្រមទាំងសកម្មភាពទារុណកម្ម​នានា ធ្វើឡើងទៅលើសកម្មជននយោបាយ ប្រឆាំងរដ្ឋាភិបាល។

បើយោង​តាម​ឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្ស ចាប់តាំងពីផ្ទុះ​ការតវ៉ានៅថ្ងៃទី១៨មេសាមក គឺមានមនុស្សយ៉ាងហោច៣០០នាក់ ត្រូវបានអាជ្ញាធរ​នីការ៉ាហ្កា ចាប់ដាក់ឃុំ។ លោក Zeid Ra’ad Al Hussein អគ្គលេខាធិការ​នៃ​ឧត្តម​ស្នងការ​សិទ្ធិមនុស្ស បានអំពាវនាវ ឲ្យសហគមអន្តរជាតិ ត្រូវរួមគ្នាធ្វើអ្វីម្យ៉ាង ដើម្បីបិទបញ្ចប់ សកម្មភាពហិង្សា រំលោភ​សិទ្ធិមនុស្ស ធ្វើបាបប្រជាជននីការ៉ាហ្កា៕ ប្រភព៖ RFI