អគ្គស្នង​ការដ្ឋាន​នគរបាល​ជាតិ បាន​អំពាវនាវ​ឱ្យ​ម្ចាស់​ធនាគារ​ទាំង​អស់ ដែល​កំពុង​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ និង​រៀប​ចំ​ប្រព័ន្ធ​សុវត្ថិភាព​ផ្ទាល់​ខ្លួន។ ការ​អំពាវនាវ​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ មាន​ករណី​ប្លន់​ធនាគារ RHB ឥណ្តូ​ឆៃ​ណា ទាំង​កណ្តាល​ថ្ងៃ​ត្រង់ នៅ​ផ្លូវ​ម៉ៅ​សេទុង រាជធានីភ្នំពេញ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ជុំវិញ​ករណី​ប្លន់​ធនាគារ​ RHB នេះ ស្នង​ការ​រង​នគរ​បាល​ជាតិ អះអាង​ថា សមត្ថកិច្ច​បាន​រក​ឃើញ​តម្រុយ​ខ្លះ​ៗ​ហើយ​ ។ សរ ពិសី ជូនព័ត៌មាន៖

ក្រៅ​តែ​ពី​អំពាវនាវ​ឱ្យ​ដល់​គ្រប់​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ ដែល​កំពុង​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន និង​រៀប​ចំ​ប្រព័ន្ធ​សន្តិសុខ សុវត្ថិភាព​របស់​ខ្លួន​។ ប្រធាន​នាយកដ្ឋាន​គ្រប់​គ្រង​សន្តិសុខ​ឯក​ជន​ នៃ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ជាតិ ក៏​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ចំពោះ​ក្រុមហ៊ុន​សន្តិសុខ​ឯកជន​ណា ​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​មហាផ្ទៃ​ ហើយ​នៅ​តែ​បន្ត​ធ្វើ​សកម្មភាព​ប្រមូល​ផ្តុំ​កម្លាំង​ដោយ​ខុស​ច្បាប់​។



មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ លោក លឹម សុខារស្មី ប្រធាន​នាយក​ដ្ឋាន​គ្រប់គ្រង សន្តិសុខ​ឯកជន​ នៃ​អគ្គ​ស្នង​ការដ្ឋាន​នគរបាល​ជាតិ ក៏​បាន​ប្រាប់​ទៅ​សហគ្រាស​ គ្រឹះស្ថាន ដែល​ជ្រើស​រើស​ភ្នាក់ងារ​សន្តិសុខ​ឯកជន​ ដែល​មិន​ទាន់​មាន​ច្បាប់​អនុញ្ញាត ត្រូវ​រួស​រាន់​សុំ​ច្បាប់​អនុញ្ញាត​ពី​សាលា​រាជធានី ខេត្ត និង​ក្រសួង​មហាផ្ទៃ ឱ្យ​បាន​ឆាប់​បំផុត​។

ការ​លើក​ឡើង​យ៉ាង​ដូច្នេះ ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​បិទ​វគ្គ​បំប៉ន​ជំនាញ​ភ្នាក់ងារ​សន្តិសុខ​ឯកជន កាល​ពី​ថ្ងៃ​ទី​៣0​ ខែសីហា កន្លង​ទៅ និង​បន្ទាប់​ពី​មាន​ករណី​ប្លន់​ធនាគារ RHB Indochina ដែល​មាន​ទីតាំង​នៅ​លើ​ផ្លូវ​ម៉ៅសេទុង ​រាជធានី​ភ្នំពេញ ទាំង​កណ្តាល​ថ្ងៃត្រង់ ហើយ​ក្រុមចោរ បាន​ប្រមូល​យក​ប្រាក់​ពី​ធនាគារ​បាន​ជាង​១០​ម៉ឺន​ដុល្លារកាលពីថ្ងៃទី ២៣ ខែ​សីហា​។

ទាក់​ទង​នឹង​បច្ចុប្បន្នភាព នៃ​សំណុំ​រឿង​ប្លន់​ធនាគារ​ RHB ឥណ្តូឆៃណា នេះ! លោក គៀត ច័ន្ទ​ថា​រិ​ទ្ធ ស្នង​ការ​រង​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី​១​ ខែ​កញ្ញា នេះ បាន​បង្ហើប​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ថា សមត្ថកិច្ច​កំពុង​ដុត​ដៃ​ដុត​ជើង ដើម្បី​ឈាន​ទៅ​វែក​មុខ ចាប់​ក្រុមចោរ​ទាំង​នោះ។ ហើយ​លោក សន្យាថា អាជ្ញាធរ​នឹង​វែក​មុខ​រក​ក្រុម​ចោរ​ប្លន់​ធនាគារនោះ​ឱ្យ​ទាល់​តែ​ឃើញ។ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ ស្នង​ការ​រង​នគរបាលជាតិ​ រូប​នេះ បាន​បដិសេដ​រៀប​រាប់ព័ត៌មាន​លម្អិត ដោយ​បញ្ជាក់​ថា ដើម្បី​រក្សា​ការ​សម្ងាត់ និង​ទុក​ពេល​ឱ្យ​អាជ្ញាធរ​ជំនាញ តាម​ដាន​ជា​បន្ត​ទៀត​៕ ប្រភព៖ RFI