សកម្មភាព​នៃ​ការ​កាប់​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់​ទាំង​មូល​មិន​មាន​ការ​ថយ​ចុះ​ទេ តែ​សកម្មភាព​នៃ​ការ​ដឹក​ឈើ​មាន​ការ​ថយចុះ​។ ថយ​ចុះ​ដោយ​សារ​តែ​ទឹក​ជំនន់។ នេះ​បើ​តាម​ការ​អះអាង​របស់​បណ្តាញ​សហគមន៍​ព្រៃ​ឡង់​។ មន្ត្រី​ជំនាញ​បង្រ្កាប​បទល្មើស​ព្រៃ​ឈើ​របស់​រដ្ឋាភិបាល​អះអាង​ថា​មិន​មាន​តួលេខ​បញ្ជាក់​ពី​ការ​កាប់​ឈើ​កើន​ឡើង ឬ​ថយ​ចុះ​ទេ​។

លោក សេង សុខហេង អ្នក​សម្រប​សម្រួល​បណ្តាញ​កសាង​សន្តិភាព​សហគមន៍ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​អន្តរ​ជាតិ​នៅ​ថ្ងៃ​ទី០២ ខែ​កញ្ញា​នេះ ថា នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជាង​មួយ​ខែ​មក​នេះ ការ​កាប់​ឈើ​នៅ​ព្រៃ​ឡង់​នៅ​តែ​កើត​មាន​ដដែល ពោល​គឺ​មិន​មាន​ការ​កើន​ឡើង ឬ​ថយ​ចុះ​ទេ។ ប៉ុន្តែ​ការ​ដឹក​ជញ្ជួន​មិន​សូវ​ជា​កើត​មាន ដោយ​សារ​តែ​ទឹក​ជំនន់។ លោក​បន្ត​ថា ការ​ដឹក​ឈើ​ចេញ​ពី​ព្រៃឡង់​អាច​នឹង​កើន​ឡើង​វិញ បន្ទាប់​ពី​ទឹក​ស្រក​នា​ពេល​ខាង​មុខ​នេះ​។

លោក សេង សុខហេង បន្ថែម​ថា សកម្មភាព​ការពារ​ព្រៃឡង់​របស់​មន្ត្រី​ឧទ្យានុរក្ស​ មិន​មាន​ប្រសិទ្ធ​ភាព​ខ្លាំ​ង​ឡើយ​។ លោក​អះអាង​ថា ក្រោយ​ពី​សកម្មភាព​ល្បាត​បាន​បញ្ចប់ សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តែ​កើត​មាន​ដដែល។ លោក​បាន​ដាក់​ជា​សំនួរ​ថា ហេតុអ្វី​បាន​ជា​មាន​ការ​ដឹក​ជញ្ជូន​ឈើ​ចេញ​ពី​ព្រៃឡង់ ខណៈ​នៅ​ក្នុង​ព្រៃឡង់​មាន​ស្នាក់ការ​យាម​របស់​មន្ត្រី​បរិស្ថាន​? លោក​ សេង សុខហេង ដាក់​ការ​សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី​កើត​មាន​ឡើង​ច្រើន ទាក់ទង​នឹង​ប្រសិទ្ធ​ភាព​ក្នុង​ការ​ទប់ស្កាត់ និង​បង្រ្កាប​សកម្មភាព​កាប់​ឈើ​នៅ​ក្នុង​ព្រៃ​ឡង់។

នៅ​ក្នុង​ខេត្ត​ក្រចេះ​វិញ​។ ការ​បោះ​ឆ្នោត​ក្នុង​ខែ​កក្កដា និង​ករណី​ទឹក​ជំនន់​ក្នុង​ខេត្ត​ក្រចេះ បាន​ធ្វើ​ឲ្យ​សកម្ម​ភាព​កាប់​ឈើ​មិន​កើត​ឡើង​ច្រើន​នោះ​ទេ ប៉ុន្តែ​សកម្មភាព​នៃ​ការ​ដឹក​ឈើ​តាម​រទេះ​គោ និង​គោយន្ត​ច្នៃ​នៅ​តែ​បន្ត​កើត​មាន​។ នេះ​គឺ​ជា​ការ​បញ្ជាក់​របស់​តំណាង​សហគមន៍​ព្រៃឡង់​ពី​ខេត្ត​ក្រចេះ លោក ផៃ ប៊ុនលាង ដែល​បាន​អះអាង​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​អាទិត្យ​នេះ​។ លោក​បន្ត​ថា សហគមន៍​របស់​លោក នឹង​ចុះ​ល្បាត​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា​ខាង​មុខ​នេះ​ទៀត ដើម្បី​ទប់ស្កាត់​សកម្មភាព​កាប់​ឈើ និង​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ។

លោក អេង ហ៊ី អ្នក​នាំ​ពាក្យ​គណៈកម្មការ​ជាតិ​ទប់​ស្កាត់ និង​បង្ក្រាប​បទ​ល្មើស​ធនធាន​ធម្មជាតិ អះអាង​ថា បើ​បទ​ល្មើស​នៅ​តែ​បន្ត​កើត​មាន នោះ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នឹង​បន្ត​សកម្មភាព​របស់​ខ្លួន ប៉ុន្តែ​លោក​អះអាង​ថា​ក្នុង​រយៈពេល​មួយ​ខែ ក្រោយ​ការ​បោះ​ឆ្នោត​កន្លង​ទៅ​នេះ លោក​មិន​ទាន់​មាន​តួ​លេខពី​ការ​បង្រ្កាប​បទ​ល្មើស​ព្រៃ​ឈើ ដូច្នេះ​លោក​មិន​អាច​ធ្វើ​ការ​វាយ​តម្លៃ​ថា​កើន​ឡើង ឬ​ថយ​ចុះ​ទេ​។

សូម​ជម្រាប​ជូន​ថា​តំបន់​ព្រៃ​ឡង់ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​ខេត្ត​ចំនួន​៤​គឺ កំពង់ធំ ស្ទឹងត្រែង ព្រះវិហារ និង​ក្រចេះ មាន​ផ្ទៃ​ដី​សរុប ​៤​សែន​ហិកតា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ចេញ​អនុក្រឹត្យ​បង្កើត​ជា​ដែន​ជម្រក​សត្វ​ ព្រៃ “ព្រៃ​ឡង់” កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៦។ នៅ​ខែ​មីនា ឆ្នាំ​២០១៨ ក្រសួង​បរិស្ថាន សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​បាន​ចុះ​ហត្ថលេខា លើ​កិច្ច​ព្រម​ព្រៀង​មួយ ក្នុង​គម្រោង​ការ​អភិរក្ស ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់ ក្នុង​គោល​បំណង រួម​គ្នា​ការពារ និង​អភិរក្ស​ព្រៃ​នេះ។

យោង​តាម​ឯកសារ​ស្រាវជ្រាវ ដែល​បាន​ធ្វើ​បទ​បង្ហាញ​ទៅ​កាន់​អង្គការ​សហប្រជាជាតិ កាល​ពី​ចុង​ខែ​មិថុនាកន្លងទៅ ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នឹង​បាត់​បង់​នៅ​ក្នុង​ឆ្នាំ​២០៤០ ប្រសិន​បើ​ការ​កាប់​បំផ្លាញ​នៅ​តែ​បន្ត​កើត​មាន៕ ប្រភព៖ RFI