ស្រប​ពេល​ដែល​ទីក្រុង​បាងកក ប្រទេស​ថៃ ត្រៀម​រៀបចំ​សន្និសីទ​អង្គការ​សហប្រជាជាតិ​ស្ដី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​នៅ​ថ្ងៃ​អង្គារ​ខាង​មុខ​នេះ ទីក្រុង​ដែល​មាន​ប្រជាជន​ជាង ១០ លាន​នាក់​នេះ​បាន​រង​សម្ពាធ​បរិស្ថាន​យ៉ាង​ខ្លាំង ដោយ​អ្នក​ជំនាញ​បាន​ព្រមាន​ថា ទីក្រុង​នេះ​អាច​លិច​ទឹក​មួយ​ផ្នែក​ក្នុង​រយៈពេល​តែ​ជាង ១០ ឆ្នាំ​ទៀត​ប៉ុណ្ណោះ។



ទីក្រុង​បាងកក ដែល​បាន​កសាង​ឡើង​លើ​ផ្ទៃ​ដី​ដែល​ធ្លាប់​ជា​ដី​ភក់​កម្ពស់​ប្រហែល ១ ម៉ែត្រ​កន្លះ​ផុត​កម្ពស់​ទឹក​សមុទ្រ ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយជា​តំបន់​ទីក្រុង​ដែល​រង​ការ​ប៉ះពាល់​ខ្លាំង​បំផុត​មួយ​នៅ​លើ​ពិភពលោក ដូច​ទៅ​នឹង​ទីក្រុង​ហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី និង​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ផង​ដែរ។

របាយការណ៍​របស់​ធនាគារ​ពិភពលោក​បាន​បញ្ជាក់​ថា ទីក្រុង​បាងកក​ប្រហែល​ជិត ៤០ ភាគរយ អាច​នឹង​ជន់​លិច​នៅ​ដើម​ឆ្នាំ ២០៣០ ដោយសារតែ​ទីក្រុង​នេះ​ប្រឈម​នឹង​ការ​ធ្លាក់​ភ្លៀង​ខ្លាំង និង​ធាតុ​អាកាស​ប្រែប្រួល។

នៅ​ពេល​បច្ចុប្បន្ន​នេះ ទីក្រុង​នេះ «កំពុង​លិច​ទឹក​ពី​មួយ​ទៅ​ពីរ​សង់ទីម៉ែត្រ​ក្នុង​មួយ​ឆ្នាំ ហើយ​គេ​ឃើញ​ថា​មាន​ហានិភ័យ​នៃ​គ្រោះ​ទឹក​ជំនន់​ធ្ងន់ធ្ងរ​នៅ​ពេល​អនាគត​ដ៏​ខ្លី​ខាង​មុខ​នេះ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Tara Buakamsri ប្រធាន​អង្គការ Greenpeace ប្រចាំ​ប្រទេស​ថៃ។

កម្ពស់​ទឹក​សមុទ្រ​នៅ​ឈូង​សមុទ្រ​ថៃ​ក្បែរ​ទីក្រុង​បាងកក​កំពុង​កើន​ឡើង​ប្រហែល ៤ មិល្លីម៉ែត្រ​ជា​រៀងរាល់​ឆ្នាំ ដែល​ជា​ការ​កើន​ឡើង​លើ​ពី​កម្រិត​មធ្យម​នៃ​ការ​កើន​ឡើង​កម្ពស់​ទឹក​សមុទ្រ​នៅ​លើ​ពិភពលោក។

អ្នកស្រី Tara Buakamsri បាន​បញ្ជាក់​ថា ផ្នែក​ភាគ​ច្រើន​នៃ​ទីក្រុង​បាងកក «គឺ​ស្ថិត​ក្រោម​កម្ពស់​ទឹក​សមុទ្រ​រួច​ទៅ​ហើយ»។

អ្នក​ជំនាញ​នានា​ថា ការ​រៀបចំ​ទីក្រុង​មិន​បាន​ល្អ និង​មាត់​សមុទ្រ​ដែល​លិច​បន្តិច​ម្ដងៗ នឹង​ធ្វើ​ឲ្យ​ទីក្រុង​បាងកក និង​ប្រជាជន​នៃ​ទីក្រុង​នេះ​ប្រឈម​នឹង​ស្ថានការណ៍​ហានិភ័យ​ខ្ពស់៕ ប្រភព៖ VOA