​ប៉ូលិស​ឥណ្ឌា​ទើប​ចាប់ខ្លួន​សង្ឃ​ជាន់ខ្ពស់​មួយអង្គ​ដែល​បាន​រំលោភ​ផ្លូវភេទ​លើ​កុមា​វ័យ​ជំទង់​នៅ​មូលដ្ឋាន​វិបស្សនា​មួយ ដែល​គាត់​ជា​អ្នកគ្រប់គ្រង​។​

​សង្ឃ Bhante Shanghpriya Sujoy ដែល​បាន​រំលោភ​ផ្លូវភេទ​ក្មេងប្រុស​វ័យ​ជំទង់​

​​សមត្ថកិច្ច​ឥណ្ឌា​ឱ្យដឹងថា សង្ឃ​ឈ្មោះ​Bhante Shanghpriya Sujoy បាន​ត្រូវ​ចាប់ខ្លួន​នៅ​ទីក្រុង​Bodh Gaya ដែល​ធ្លាប់​ត្រូវបាន UNESCO ទទួលស្គាល់ថា​ជាម​រតក​ប្រវត្តិសាស្ដ្រ បន្ទាប់ពី​ក្មេងប្រុស​ជាច្រើន​បាន​ចោទប្រកាន់ថា បាន​រង​ការវាយដំ​បំពាន​ផ្លូវភេទ​និង​ចាប់បង្ខំ​ឱ្យ​រាំ​ស្រាត​។​

​នាយប៉ូលិស​ជាន់ខ្ពស់​នៅ Bodh Gaya ដែលជា​ទីក្រុង​ល្បីល្បាញ​ទាក់ទាញ​ភ្ញៀវទេសចរ​រាប់ម៉ឺន​នាក់​មកកាន់​ទីនេះ​មួយឆ្នាំៗ​នោះ បញ្ជាក់ថា «​ពិតជា​មានការ​ចោទប្រកាន់​យ៉ាងធ្ងន់ធ្ងរ​»​ប្រឆាំងនឹង​លោក​Bhante Shanghpriya Sujoy ដែលជា​អ្នកមាន​ភារកិច្ច​ថែទាំ បង្ហាត់បង្រៀន​ដល់​ពួកក្មេង​ប្រុស​មាន​អាយុ​ពី​៦​ឆ្នាំ​ដល់​១២​ឆ្នាំ ហើយ​សុទ្ធសឹង​ជា​កូនចៅ​របស់​អ្នកក្រីក្រ​នៅ​តំបន់​ឦសាន​ប្រទេស​ឥណ្ឌា​។

​នាយប៉ូលិស​ខាងលើ​ឱ្យដឹងថា​៖ ក្មេងៗ​ទាំង​នោះបាន​និយាយប្រាប់​អាណាព្យាបាល​របស់ខ្លួន​ពី​ការ​ត្រូវ​សង្ឃ​អង្គ​នេះ​វាយ​ធ្វើបាប និង​បំពាន​ផ្លូវភេទ​។​ក្មេង​ទាំងនោះ​និយាយថា ពួកគេ​នឹងត្រូវ​បង្ខាំង​មិនឱ្យ​ចំណីអាហារ​បរិភោគ​ប្រសិនបើ​ហ៊ាន​ប្រឆាំង​នោះ​៕