​ខេត្ត​ព្រះសីហនុ​៖ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា រដ្ឋបាល​ខេត្ត​នេះ ត្រៀម​ស្ថាបនា​ផ្លូវ​ចាក់​បេតុង ជូន​ប្រជាពលរដ្ឋ​រស់នៅ​មូលដ្ឋាន​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​ប្រើប្រាស់​ក្នុង​ពេល​ឆាប់ៗ នៅក្រោយ​ស្ងប់​ទឹកភ្លៀង​រដូវវស្សា​ឆ្នាំ​នេះ​។​



ទាក់ទិន​បញ្ហា​នេះ ឯកឧត្តម យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ កាល​ពី​សៀ​ល​ថ្ងៃអាទិត្យ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០១៨​។ លោក​មិន​បាន​ឈប់​សំរាក​ពី​ការងារ​ទេ ដោយ​បាន​ឲ្យ​អ្នក​បើក​ឡាន និង​ជំនួយការ របស់លោក ជូន​ទៅ​ពិនិត្យ​មើល​ផ្លូវ​ដី ១​ខ្សែ មាន​ទីតាំង​ក្នុង​ក្រុម​២០ និង​២១ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ដើម្បី​ត្រៀម​ស្ថាបនា​ផ្លូវ​បេតុង​១​ខ្សែ ផ្តល់ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ប្រើប្រាស់​។​
​ផ្លូវដី​ខាងលើនេះ មាន​ប្រវែង ឬ​បណ្តោយ ២១០​ម៉ែត្រ និង​ទទឹង ១០​ម៉ែត្រ គ្រោង​នឹង​ចាក់​បេតុង ៨​ម និង​ដាក់លូ​សង្ខាង ក្នុង​ពេល​ដ៏​ឆាប់​ខាងមុខ​។​

​មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា គម្រោង​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ខាងលើនេះ គឺ​បាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ ដែល​បាន​មក​តាំង​លំនៅដ្ឋាន ឬ​សង់ផ្ទះ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ​។​

បញ្ហា​នេះ មន្ត្រី​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំពុង​រក​ដំណោះស្រាយ​ដោយ​សន្តិវិធី ដើម្បី​សម្របសម្រួល​ឲ្យ​ពួកគាត់​ទាំង ៤​គ្រួសារ​រុះរើ​ផ្ទះ​ចេញ​ពីលើ​ចំណី​ផ្លូវ​សាធារណៈ ឲ្យបាន​រួចរាល់​សិន មុន​នឹង​រដ្ឋបាល​ខេត្ត ចាប់ផ្តើម​ស្ថាបនា​ផ្លូវ​ចាក់​បេតុង​ខាងលើ ជូន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ប្រើប្រាស់​ឲ្យបាន​ប្រសើរ​ជាង​ពេល​បច្ចុប្បន្ន​៕