វ៉ាស៊ីនតោន —សហគមន៍​អន្តរជាតិ​មួយ​ចំនួន​រួម​ទាំង​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ផង បាន​សម្ដែង​«ការ​ខកចិត្ត»​និង​បាន​ថ្កោលទោស​ចំពោះ​ការ​កាត់ទោសអ្នក​កាសែត​ Reuters ពីរ​នាក់​ក្នុង​ប្រទេស​នេះ ​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ។



ប្រតិកម្ម​អន្តរជាតិ​នេះ​កើត​ឡើង​ភ្លាមៗ ក្រោយ​ពី​តុលាការ​មីយ៉ាន់ម៉ា​ នៅ​ថ្ងៃ​ច័ន្ទ​ ទី​៣ ខែ​កញ្ញា​ នេះ បាន​រក​ឃើញ​ថាអ្នក​កាសែត ​Reuters ទាំង​ពីរ​នាក់ គឺ​លោក Wa Lone និង​លោក Kyaw Soe Oo មាន​ទោស​ពី​បទ​រំលោភ​ច្បាប់​ស្ដីពី​ការ​សម្ងាត់​របស់​រដ្ឋ ហើយ​បានសម្រេច​កាត់​ទោស​អ្នក​កាសែត​ទាំង​ពីរ​នាក់​ឱ្យ​ជាប់​ពន្ធនាគារ​៧​ឆ្នាំ។

លោក Wa Lone (កណ្តាល) ដែល​ជា​អ្នក​កាសែត​របស់​បណ្តាញ​សារព័ត៌មាន Reuters និយាយ​ទៅ​កាន់​អ្នក​កាសែត​នានា ខណៈ​ដែល​លោក​ត្រូវ​បាន​ប៉ូលិស​នាំ​ខ្លួន​ចេញ​ពី​តុលាការ​ក្នុង​ទីក្រុង Yangon ប្រទេស មីយ៉ាន់ម៉ា កាល​ពី​ថ្ងៃ​ទី ៣ ខែ កញ្ញា ឆ្នាំ ២០១៨។ តុលាការ​ក្នុង​ប្រទេស មីយ៉ាន់ម៉ា បាន​កាត់ទោស​អ្នកកាសែត Reuters ពីរ​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​៧​ឆ្នាំ ចំពោះ​ការ​រក្សា​ទុក​ឯកសារ​ផ្លូវការ​ដោយ​ខុសច្បាប់ ដែល​សាលក្រម​នេះ​ត្រូវ​បាន​ធ្វើ​ឡើង ខណៈ​ដែល​សហគមន៍​អន្តរជាតិ​រិះគន់​ទៅ​លើ​ការ​ចោទប្រកាន់​ថា រដ្ឋាភិបាល​មីយ៉ាន់ម៉ាបំពាន​សិទ្ធិ​ជនជាតិ​រ៉ូហ៊ីងយ៉ា ដែល​កាន់​សាសនា​ឥស្លាម។ (AP Photo/Thein Zaw)

លោក Knut Ostby អ្នក​សម្របសម្រួល​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​មនុស្សធម៌​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​ឬ​ដែល​គេ​ធ្លាប់​ហៅ​ថា​ភូមា​នោះ បាន​មាន​ប្រសាសន៍​ក្នុង​សេចក្ដីថ្លែង​ការណ៍​នៅ​ថ្ងៃ​ច័ន្ទ​នេះ​ថា៖

«‍យើង​ខកចិត្ត​ចំពោះ​សេចក្ដី​សម្រេច​របស់​តុលាការ​នៅ​ថ្ងៃ​នេះ។​ អង្គការ​សហប្រជាជាតិ បាន​អំពាវនាវ​ឱ្យ​ដោះលែង​អ្នក​កាសែត ​Reuters ទាំង​ពីរ​នាក់ ហើយ​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ គោរព​សិទ្ធិ​របស់​ពួកគេ​ក្នុង​ការ​ស្វែងរក​សេរីភាព​បញ្ចេញ​មតិ​និង​ព័ត៌មាន។ លោក Wa Lone និង​លោក Kyaw Soe Oo គួរ​តែ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​វិល​ត្រឡប់​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​របស់​ពួកគេ​ ហើយ​បន្ត​ការងារ​របស់​ពួកគេ​ក្នុង​នាម​ជា​អ្នក​កាសែត​វិញ»។

ការ​កាត់​ទោស​អ្នក​កាសែត ​Reuters ទាំង​ពីរ​នាក់​នេះ​ធ្វើឡើង ក្រោយ​ពី​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ បាន​ព្យាយាម​ស្វះស្វែង​រក​និង​រាយការណ៍​ព័ត៌មាន​អំពី​អំពើ​ហិង្សា​របស់​អាជ្ញាធរ​មីយ៉ាន់ម៉ាទៅលើ​ពលរដ្ឋ​ភាគ​តិច​រ៉ូហ៊ីងយ៉ា កាន់​សាសនា​ឥស្លាម​ក្នុង​រដ្ឋ Rakhine ដែល​បាន​ភៀសខ្លួន​ចូល​ក្នុង​ប្រទេស​បង់ក្លាដេស ដើម្បី​គេច​ពី​អំពើ​ហិង្សា​ទាំង​នោះ។

​នៅ​ពេល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ​កំពុង​ស៊ើបអង្កេត​ទៅ​លើ​ករណី​សម្លាប់​អ្នកភូមិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ចំនួន​១០​នាក់​ពី​សំណាក់​កងកម្លាំង​សន្តិសុខ។

​នៅ​ពេល​នោះ អ្នក​កាសែត​ Reuters ទាំង​ពីរ​នាក់​ បាន​ជួប​ជាមួយ​នឹង​មន្ត្រី​ប៉ូលិស​មីយ៉ាន់ម៉ា​ពីរ​នាក់​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង​ក្នុង​ទីក្រុង​រ៉ង់ហ្គូន ហើយ​ក៏​ទទួល​បាន​កញ្ចប់​ឯកសារ​ពី​មន្ត្រី​ប៉ូលិស​ទាំង​ពីរ​នាក់​នោះ។

ប៉ុន្តែ​អ្នក​កាសែត​Reuters ទាំង​ពីរ​នាក់​ ក្រោយ​មក បែរ​ជា​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​បាន​រំលោភ​លើ​ច្បាប់​រក្សា​ការ​សម្ងាត់​ផ្លូវការ​របស់​មីយ៉ាន់ម៉ា ទោះបីជា​អ្នក​កាសែត​ទាំង​ពីរ​នាក់នេះ បាន​បដិសេធ​ថា ពួកគេ​មិន​បាន​សុំ​ឯកសារ​ទាំង​នោះ​ពី​ប៉ូលិស​ក៏​ដោយ។

​លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៃ​អង្គការ ​Human Rights Watch បាន​សរសេរ​តាម​បណ្ដាញ ​Twitter របស់​លោក​នៅ​ថ្ងៃ​ ច័ន្ទ​ នេះដែរ​ថា «‍គ្មាន​វាចា​នឹង​ថ្លែង​ចំពោះ​ភាព​អយុត្តិធម៌​ហួសហេតុ ប្រឆាំង​នឹងអ្នក​កាសែត ​Reuters ទាំង​ពីរ​នាក់ គឺ​លោក Wa Lone និង​លោក Kyaw Soe Ooនេះ​ទេ»។

លោក Phil Robertson សរសេរ​បន្ត​ថា «‍តើ​ប្រព័ន្ធ​យុត្តិធម៌​មីយ៉ាន់ម៉ា អាច​ពន្យល់​ហេតុ​ផល​យ៉ាងម៉េច​បាន​ ចំពោះ​ការ​ចាប់​អ្នក​កាសែត​ដែល​ធ្វើ​ការងារ​របស់​ខ្លួន ឱ្យ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ដ៏​យូរ ជាជាង​ចាប់​ពួក​ទាហាន​ដែល​បានសម្លាប់​ជនជាតិ​ភាគតិច​ រ៉ូហ៊ីងយ៉ា ១០​នាក់ ដូច​ដែល​អ្នក​កាសែត​ទាំង​ពីរ​នាក់​បាន​រាយការណ៍​ក្នុង​រឿង​របស់​ពួកគេ​នោះ? »

កន្លងមក ទាំង​អង្គការ​សហប្រជាជាតិ ទាំង​សហភាព​អឺរ៉ុប ព្រមទាំង​បណ្ដា​ប្រទេស​ដែល​កាន់​លទ្ធិប្រជាធិបតេយ្យ​ធំៗ​ដូច​ជា​សហរដ្ឋ​អាមេរិក កាណាដា និង​អូស្ត្រាលី​ជាដើម សុទ្ធ​តែ​បាន​អំពាវនាវ​ឱ្យ​មាន​ការ​ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​ប្រឆាំង​អ្នក​កាសែត ​Reuters ទាំង​ពីរ​នាក់​នេះ។​

លោក Charles Santiago ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន ដើម្បី​សិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បាន​ថ្លែង​តាម​សារ​អេឡិចត្រូនិកនៅ​ថ្ងៃ​ច័ន្ទ ​នេះ​ដែរ​ថា ការ​កាត់​ទោស​អ្នក​កាសែត​ Reuters ទាំង​ពីរ​នាក់នេះ គឺ​ជា​ការ​ចំអក​ឱ្យ​យុត្តិធម៌ ដែល​ការណ៍​នេះ​ធ្វើ​ឱ្យ​ខ្សោយ​ដល់​សេរីភាព​សារព័ត៌មាន​និង​ប្រព័ន្ធ​យុត្តិធម៌​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា»។​

លោក Charles Santiago បាន​សរសេរ​បន្ត​ទៀត​ថា «បុរស​ជា​អ្នក​កាសែត​ទាំង​ពីរ​នាក់​នេះ កំពុង​ត្រូវ​បាន​បំបែក​ចេញ​ពី​ក្រុម​គ្រួសារ​របស់​ពួកគេ ដោយ​គ្មាន​ហេតុផល​ត្រឹមត្រូវ​សោះ។ នៅ​ទូទាំង​តំបន់​ទាំងមូល អ្នកកាសែតកំពុង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ ឬ​ក៏​ស្ថានភាព​អាក្រក់អាក្រី​ជាង​នេះ​ទៀត ដោយសារ​តែ​ការ​គ្រាន់​តែ​ធ្វើ​ការងារ​របស់​ខ្លួន​ប៉ុណ្ណោះ។ ក្តី​សង្ឃឹម​យ៉ាង​មុតមាំ​ពី​ដំបូង​ថា ប្រទេស​មីយ៉ាន់ម៉ា ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​ស្រី អង់សាន ស៊ូជី នឹង​ឈរ​នៅ​ខាង​បណ្ដា​ប្រទេស​ទាំង​ឡាយ ដែល​ជំរុញ​ឱ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​និង​សេរីភាព​កាន់​តែ​ទូលាយ​ជាង​មុន​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ កំពុង​តែ​កាន់​តែ​ស្រអាប់​ឡើង»។

អ្នក​កាសែត​ Reuters ទាំង​ពីរ​នាក់ គឺ​លោក Wa Lone និង​លោក Kyaw Soe Oo បាន​បដិសេធ​ថា ​ពួកគេ​គ្មាន​កំហុស​ដូច​ការ​ចោទប្រកាន់​នោះ​ទេ៕ ប្រភព៖ VOA