ភ្នំពេញ —សាលាដំបូង​រាជធានី​ភ្នំពេញ​បង្គាប់​ឲ្យ​លោក គឹម សុខ​ ​អ្នកវិភាគ​នយោបាយ​ ដែល​ទើប​ត្រូវ​បាន​ដោះ​លែង​ក្រោយ​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារគ្រប់​អាជ្ញាយុកាល​ ចូល​ខ្លួន​ទៅ​តុលាការ​នៅថ្ងៃទី​១៤​ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ ​ដើម្បី​សួរ​ចម្លើយ​ពីបទ​ ​«បរិហារកេរ្តិ៍​ជា​សាធារណៈ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍»។

ដីកា​បង្គាប់របស់​លោក លាង សំណាត់​ ​ចៅក្រម​ស៊ើប​ ចេញ​នៅ​ថ្ងៃទី​២៨​ ​ខែ​សីហា ឆ្នាំ​២០១៨​ ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ ​បន្ទាប់ពី​លោក​នាយក​រដ្ឋមន្រ្តីហ៊ុន សែន​ កាលពី​ថ្ងៃទី​២៣ ​ខែ​សីហា​ ​បាន​ព្រមាន​ដោយ​មិន​ចំ​ឈ្មោះ ​តែ​សំដៅ​លើលោក​ ​គឹម សុខ​ថា ​នឹង​ចាប់​អ្នក​ទើប​ចេញ​ពី​ពន្ធនាគារ​ដាក់​ឃុំ​ម្តងទៀត ​ប្រសិន​បើ​បន្ត​និយាយធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្វី​ដែល​លោក​ហ៊ុន សែន ហៅ​ថា ​ជា​ការ​និយាយប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដ​ទៃ។

យោង​តាមដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​នោះ​ ​លោក​ លាង សំណាត់បាន​ហៅ​លោក​ ​គឹម សុខ​ឲ្យ​ចូលតុលាការ​ដើម្បី​សួរ​ចម្លើយ​ពាក់ព័ន្ធ​នឹង​បទ​បរិហារកេរ្តិ៍​ ​ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា ​ពាក់ព័ន្ធ​នឹង​បទ​បរិហារ​កេរ្តិ៍​នរណា​នោះ​ទេ។

លោក លាង សំណាត់​បញ្ជាក់​ក្នុង​ដីកា​តាម​ន័យ​ដើម​យ៉ាងដូច្នេះ៖​

«បង្គាប់​មក​ឈ្មោះ​គឹម សុខ​[…]ឲ្យចូល​ខ្លួន​មក​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ បន្ទប់​«ឈ»​ជាន់​ទី៤ថ្ងៃទី​១៤ខែ​កញ្ញាឆ្នាំ​២០១៨​ មក​សាកសួរ​យក​ចម្លើយ​ពី​ដំណើរ​រឿង៖​ ​បរិហាកេរ្ដិ៍​ជា​សាធារណៈ​ ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍។​ សាម៉ី​ខ្លួន​ត្រូវ​យក​លិខិត​ផ្សេងៗ​ដែល​ទាក់ទង​នឹង​រឿង​នេះ​មកជាមួយ​ផង ​ប្រសិន​បើ​មាន។ ​ក្នុង​ករណីមិនចូល​ខ្លួន​តាម​ការ​កំណត់​ខាង​លើ​នេះ​ទេ ​យើង​នឹង​ចេញ​ដីកា​បញ្ជាឲ្យ​នាំខ្លួន»។​

លោក​ គឹម សុខ​ ​អ្នកវិភាគ ​ដែល​តែង​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ ​និង​កំពុង​រង​ការ​ព្រមាន​ជាបន្ត​បន្ទាប់​ពីលោក​នាយក​រដ្ឋមន្រ្តីកម្ពុជា​ដ៏​មាន​ឥទ្ធិពល​ ​បាន​ប្រាប់​ ​VOA​ ​នា​រសៀល​ថ្ងៃ​ច័ន្ទ​នេះ​ថា​ ​លោក​នាយក​រដ្ឋ​មន្រ្តីហ៊ុន​ សែន​បាន​និង​កំពុង​អនុវត្តផ្ទុយ​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ តាម​រយៈ​ការព្យាយាម​កម្ចាត់​លោក​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ ​ខណៈ​លោក​ប្រើប្រាស់​សិទ្ធិ​បញ្ចេញ​មតិ​ដូច​ពលរដ្ឋ​ជា​ទូទៅ។​

លោក​បញ្ជាក់​ថា៖​

«ខ្ញុំ​តែង​តែសួរ​ថា ​សេរី​ភាព​នៅ​កម្ពុជា​យើង​ ​ជាពិសេស​ខ្ញុំ​ហ្នឹង​ មុន​នឹង​និយាយ​ ឬ​ក៏​និយាយហើយ ​ត្រូវ​បង់​លុយ​សិន​ទេ​ ទើប​អាច​និយាយ​បន្ត​ទៀតបាន?​ ​មួយ​ទៀត​ ​ខ្ញុំ​មើល​ឃើញ​ថា​ មើលទៅ​ជាក់ស្តែង​លោក​ហ៊ុន សែនដូច​ជាខ្លាំង​តែ​ពីរ​ចំណុច​ ​ចំណុច​ទី​១ ដើម្បីឈ្នះ​គាត់​ប្រើ​គ្រប់​ឧបាយកល​ ​ទោះបី​អ្នក​ណា​វិនាស​ក៏​ដោយ។​ ចំណុច​ទី២ ​ដើម្បី​គ្រាន់តែ​ឈ្នះ​បាន​អំណាច​របស់​ខ្លួន​ហ្នឹង គឺ​ថា​ ឧបាយ​កល​បែប​ណា​ក៏​ដោយ ​គាត់​ប្រើ​ដោយ​មិនចេះ​អៀន​ខ្មាស»។

លោក ​គឹម សុខបន្ថែមថា​ ​លោក ​និង​កូន​ស្រី​ទើបតែចាក​ចេញ​ពី​ប្រទេស​កម្ពុជា​ ​ក្រោយ​រង​ការ​ព្រមាន​ដល់​សុវត្ថិភាព​ជា​បន្តបន្ទាប់។​ ​លោក​បញ្ជាក់​ថា​ ​ការ​ចាក​ចេញ​របស់​លោក​គឺដោយ​សារ​បារម្ភ​ពី​សុវត្ថិភាព​របស់​កូនស្រី​ ​មិនមែន​ដោយ​សារ​ការ​ខ្លាច​ចាប់​ដាក់​ពន្ធនាគារ​ម្តង​ទៀត​នោះ​ទេ។

VOA​ ​មិនអាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​លោកសុខ ឥសាន​ ​អ្នក​នាំពាក្យ​គណបក្ស​កាន់អំណាច​បាន​ទេ​ ​រហូត​ដល់​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​

កាលពី​ថ្ងៃ​ទី​១០​ ​ខែ​សីហា​ ​ឆ្នាំ​២០១៧​ ​លោកគឹម សុខ​ត្រូវ​បាន​ចៅ​ក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជ​ធានីភ្នំពេញសម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ចំនួន​១៨​ខែ​ និង​ពិន័យ​ជា​ប្រាក់​ចំនួន៨លាន​រៀល ​រួម​នឹង​ប្រាក់​សង​ជំងឺ​ចិត្ត​ដល់គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជាដើម​បណ្តឹង​ចំនួន៨០០​លាន​រៀល​ ពី​បទ​បរិហារ​កេរ្តិ៍​ ​និង​ញុះញង់​ឲ្យ​ប្រព្រឹត្តិបទឧក្រិដ្ឋ​ជាអាទិ៍​ ​ពាក់ព័ន្ធ​នឹង​ការ​ថ្លែង​ថា​ គណបក្ស​ប្រជាជន​កម្ពុជាស្ថិត​នៅ​ពីក្រោយ​ការ​ស្លាប់​របស់​លោក​បណ្ឌិត​កែម ឡី។

ក្រោយ​ការ​អនុវត្ត​ទោស​ចប់​ លោក​គឹម សុខត្រូវ​បាន​តុលាការ​ដោះលែង​ឲ្យ​មាន​សេរីភាព ​កាលពី​ថ្ងៃទី​១៧ខែសីហា​ឆ្នាំ​២០១៨។​ ​ក្រោយ​ចេញពី​ពន្ធនាគារ​ អ្នក​វិភាគ​រូបនេះ​នៅ​បន្ត​រិះគន់​ការ​ដឹកនាំ​របស់​រដ្ឋាភិបាល​លោក​ហ៊ុន សែន ជា​បន្ត​បន្ទាប់។ ​តួយ៉ាង​លោក​បាន​ផ្តល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័​ត៌មាន​អំពី​ស្ថាន​ការណ៍​នយោបាយ​បច្ចុប្បន្ន ​ព្រម​ទាំង​បាន​បង្ហោះ​សារ​ផ្សេងៗ​មួយ​ចំនួន​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​ ​ពាក់ព័ន្ធ​នឹង​ «ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ​ និង​ផ្ដល់​យោបល់»​ដែល​ផ្តើម​បង្កើត​ដោយ​លោក​ហ៊ុន សែន​រវាង​រដ្ឋាភិបាល ​និង​គណ​បក្ស​មិន​ទទួល​បាន​អាសនៈ​សភា​ចំនួន​១៥​ ព្រមទាំង​បាន​រិះគន់​ថា ​រដ្ឋាភិបាល​កម្ពុជា​ប្រើប្រាស់​«នីតិមាត់»​ក្នុង​ការ​អនុវត្ត​ច្បាប់នៅ​កម្ពុជា។

ក្រៅពី​ការ​ព្រមាន​ចាប់​ដាក់​ពន្ធនាគារ​លើ​ករណី​នោះ​ ​លោកហ៊ុន សែន​កាលពី​ថ្ងៃ​ទី​២៩ខែ​សីហា​ឆ្នាំ​២០១៨​នេះ​ ​ក៏បាន​ព្រមាន​ខ្លាំងៗ​ម្តង​ទៀត​ថា ​នឹង​ប្តឹងលោក​គឹម សុខដាក់​ពន្ធនាគារ​វិញ ​ប្រសិន​បើ​លោកគឹម សុខមិន​សង​ប្រាក់​សំណង​ ​៨០០​លាន​រៀល ​ស្មើ​នឹង​ប្រមាណជា​២០​ម៉ឺន​ដុល្លារ​ ឲ្យ​គណ​បក្ស​ប្រជាជន​កម្ពុជាលើ​បណ្តឹង​កន្លង​ទៅ​ទេ​នោះ៕ ប្រភព៖ VOA