​ភ្នំពេញ ​៖ ​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហគម​ន៍​ពាណិជ្ជកម្ម និង​ពិព័រណ៍​នៃ​ទីក្រុង​ម៉ា​កាវ លោក ឈួន ដា​រ៉ា បាន​ថ្លែងថា កម្ពុជា​មាន​ស្ថេរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​រូប​បី​យ​ប័ណ្ណ ហើយ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​វិស័យ​វិនិយោគ តាមរយៈ​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​អ្នក​វិនិយោគិន​។​



​នៅ​ទីស្តីការក្រសួង កាលពី​ព្រឹក​ថ្ងៃទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៨ ឯកឧត្តម ឈួន ដា​រ៉ា រដ្ឋលេខាធិការ និង​ជា​តំណាង​របស់​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហគម​ន៍​ពាណិជ្ជកម្ម និង​ពិព័រណ៍​នៃ​ទីក្រុង​ម៉ា​កាវ (Macau Fair & Trade Association [MFAT]) ដឹកនាំ​ដោយ​លោក Li Xua Hui ប្រធាន​នៃ MICE Alliance of Pan-Pearl Delta Cities​។​

​កិច្ចប្រជុំ​ពិភាក្សា​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្សព្វផ្សាយ និង​ធ្វើការ​ផ្លាស់ប្តូរ​បទពិសោធ​ន៍​នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការតាំងពិព័រណ៍ ព្រមទាំង​ពង្រីក​ទំនាក់ទំនង និង​ការសហការ​គ្នា​រវាង​ប្រទេស​កម្ពុជា និង​ឧស្សាហកម្ម MICE នៃ​ទីក្រុង​ម៉ា​កាវ​ផងដែរ​។​

​នៅក្នុង​ឱកាស​នោះ លោក ឈួន ដា​រ៉ា បាន​ធ្វើ​ការបង្ហាញ​អំពី​សក្កា​នុព​ល និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា ដោយ​បាន​គូស​បញ្ជាក់ថា កម្ពុជា​មាន​ស្ថេរភាព​នយោបាយ ម៉ាក្រូសេដ្ឋកិច្ច និង​រូប​បី​យ​ប័ណ្ណ និង​មាន​ទីតាំង​ស្ថិត​នៅ​ចំ​កណ្តាល​អាស៊ាន ហើយ​រាជរដ្ឋាភិបាល​បាន​លើកទឹកចិត្ត​វិស័យ​វិនិយោគ តាមរយៈ​ការផ្តល់​ភាពអនុគ្រោះ​ពន្ធ​ដល់​អ្នក​វិនិយោគិន​។​

​លោក បាន​បន្តទៀតថា ការវិនិយោគ​ពី​ប្រទេស​ចិន​ឈរ​នៅ​លំដាប់​ទី​១ ដែល​នេះ​បង្ហាញ​ពី​ការទំនាក់ទំនង​សហប្រតិបត្តិកា​ររ​ល្អ​វាង​កម្ពុជា និង​ចិន ហើយក៏​ជា​សញ្ញា​វិជ្ជមាន​នៃ​ការពង្រឹង​កិច្ចសហប្រតិបត្តិកា​ររ​វាង​កម្ពុជា និង​ទីក្រុង​ម៉ា​កាវ​ផងដែរ​។​

​លោក Li Xua Hui បាន​សម្តែង​អំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ជា​ពិសេស​ក្រសួង​ពាណិជ្ជកម្ម ដែល​បាន​គាំទ្រ និង​តែង​ជួយ​សម្របសម្រួល​វិនិយោគិន​ចិន​។ លោក​បាន​អញ្ជើញ​មន្ត្រី​កម្ពុជា ចូលរួម​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការតាំ​ង​ពិ​ព័រ​ណ៍ំ ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខនេះ ក្រោម​ការរៀបចំ​ដោយ​ក្រុមប្រឹក្សាភិបាល​ចិន សម្រាប់​ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​អន្តរជាតិ (CCPIT)​។​

​ទន្ទឹមគ្នានេះ លោក Li Xua Hui បាន​ផ្តល់​នូវ​អាហារូបករណ៍ ៥០​ភាគរយ លើ​ការសិក្សា​ផ្នែក​រៀបចំ​ពិព័រណ៍​អន្តរជាតិ ដែល​រៀបចំ​ដោយ​គណៈកម្មាធិការ​ជំរុញ​ពាណិជ្ជកម្ម​ទីក្រុង​ម៉ា​កាវ ថែម​ទៀត​។​

​ឆ្លើយតប​នឹង​ការអញ្ជើញ​របស់​លោក Li Xua Hui តំណាង​សហគមន៍​ពាណិជ្ជកម្ម និង​ពិព័រណ៍​នៃ​ទីក្រុង​ម៉ា​កាវ លោក ឈួន ដា​រ៉ា បាន​សន្យា​នឹង​ពាំនាំ​ដំណឹង​នេះ ធ្វើការ​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ដើម្បី​ពិនិត្យ និង​សម្រេច​៕