បុរស​ដែល​បាន​បង្កើត​បណ្តាញ​ Haqqani ដែល​ជា​សាខាមួយ​គេ​ខ្លាច​បំផុត​និង​បាន​សម្លាប់​មនុស្ស​ច្រើន​បំផុត​នៃ​ពួក​តាលីបង់​អាហ្វហ្គានីស្ថាន​បានស្លាប់​ហើយ​ក្រោយ​ពី​មាន​ជំងឺ​ក្នុង​រយៈពេល​យូរ។​

នៅ​ថ្ងៃ​អង្គារនេះ​ អ្នកនាំ​ពាក្យ​របស់​ពួក​តាលីបង់​ឈ្មោះ Zabihullah Mujahid បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​មួយ​បញ្ជាក់​អំពី​ការ​ស្លាប់​របស់​ឈ្មោះ Jalaluddin Haqqani ហើយ​បាន​សម្តែង​ការ​គោរព​ដល់​ «ការ​តស៊ូ​របស់​លោក​ក្នុង​សង្គ្រាម​សាសនា​ Jihad» និង​បាន​សម្តែង​មរណទុក្ខ​ដល់ «គ្រួសារ​លោក​ដែល​ស្មោះស្ម័គ្រក្នុង​សង្គ្រាម​សាសនា​ Jihad»។

បណ្តាញ Haqqani បានចូល​រួម​ក្នុង​សង្គ្រាម​សាសនា​ Jihad របស់​ប្រទេស​អាហ្វហ្គានីស្ថាន​ប្រឆាំង​នឹង​សហភាព​សូវៀត​នៅ​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៨០។​

នៅ​ពេល​នោះ​ដែរ​ បណ្តាញ Haqqani ក៏ជិត​ស្និទ្ធ​ជាមួយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស.រ.អា. CIA ដែល​បាន​គាំទ្រ​ពួក​យុទ្ធ​ជន​ប្រឆាំង​នឹង​អតីត​សហភាព​សូវៀត។​

នៅ​ក្រោយ​ពួក​តាលីបង់​ឡើង​កាន់​អំណាច​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០​ បណ្តាញ Haqqani បាន​ចូល​រួម​ជាមួយ​ពួក​នេះ​ហើយ​បាន​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ខាង​ព្រំដែន​និង​បាន​ក្លាយ​ទៅ​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ប្រឹក្សា​ដឹកនាំ​របស់​ពួក​នេះ​ផង​ដែរ។

នៅ​ពេល​ដែល​ពួក​តាលីបង់​បាន​ត្រូវ​បណ្តេញ​ចេញ​ពី​អំណាច​ដោយ​ការ​វាយប្រហារ​ដឹកនាំ​ដោយ​ស.រ.អា.​កាល​ពី​ឆ្នាំ២០០១ គាត់​បាន​រត់គេច​ខ្លួន​ទៅ​ប្រទេស​ប៉ាគីស្ថាន​នៅ​ជិត​ខាង។​

ក្រុម​របស់គាត់​គឺ​បណ្តាញ Haqqani បាន​ធ្វើការ​វាយ​ប្រហារ​ខ្លះ​មាន​ភាព​សាំញ៉ាំ ​ចំៗ និង​នាំ​ឱ្យមាន​មនុស្ស​ស្លាប់​ច្រើន​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ​ពួក​មន្ត្រី​អាហ្វហ្គានីស្ថាន និង​បស្ចិម​ប្រទេស​មាន​ជំនឿ​ថា ​ការ​បំផ្ទុះ​គ្រាប់បែក​ក្នុង​ឡាន camion មួយ​គ្រឿង​នៅ​ក្នុង​ក្រុង​កាប៊ុល​កាលពី​ឆ្នាំ២០១៧ ដែល​បានបណ្តាល​ឱ្យ​មនុស្ស​ជាង​១៥០នាក់​ស្លាប់ និង​បាន​ធ្វើ​ឱ្យ​មាន​ការ​ខូច​ខាត​ដល់​ស្ថានទូត​អាល្លឺម៉ង់​ជា​សកម្មភាព​វាយ​ប្រហារ​របស់​បណ្តាញ​នេះ។

នៅ​ពេល​នេះ​ក្រុម​នេះ​ត្រូវ​ដឹកនាំ​ដោយ​កូន​គាត់​ឈ្មោះ Sirajuddin Haqqani ដែល​ជា​បុរស​មាន​ឋានៈ​ទី​ពីរ​នៅ​ក្នុង​ចំណោម​ពួក​អ្នក​ដឹកនាំ​តាលីបង់​អាហ្វហ្គានីស្ថាន​នៅ​បន្ទាប់ពី​មេដឹកនាំ​របស់​ពួកគេ​គឺ​ Mawlawi Hibatullah Akhundzada។​ គេ​មាន​ជំនឿ​ជា​ទូទៅ​ថា​គាត់​ជា​ជន​ដែល​ដឹកនាំ​កិច្ចខិតខំប្រឹង​ប្រែង​ខាង​យោធា​ប្រឆាំង​និង​កង​កម្លាំងរបស់​អង្គការ​អូតង់ និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន៕ ប្រភព៖ VOA