​ខេត្ត​ស្វាយរៀង ៖ លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កញ្ញា​ឆ្នាំ​២០១៨​នេះ​បាន សហការ​ជាមួយ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ស្វាយរៀង​រួម​និង​មន្ត្រីក្រោមឱវាទ​បន្ត ចុះ​ពិនិត្យ​ទំនិញ​បន្លែ​ផ្លែ​ឈើ​នៅ​ទីតាំង​ផ្សារ​ប្រសូត្រ​ស្រុក​ស្វាយ​ទាប​និង​ផ្សារ​ជី​ភូ​ក្រុង​បាវិត ក្នុងនោះ​បាន រកឃើញ​ចា​ហ៊ួយ​សង្ស័យថា​មាន​ដាក់​ជាតិ​ប្លា​ស្ទិក​ចំនួន​១៥​ក្រឡរ​ស្មើរ​និង​៣៧.៥​គីឡូក្រាម​និង​រកឃើញ​សា​ដក​៣១​កញ្ចប់​នៅ​ផ្សារ​ជី​ភូ​ដែល​មាន​ទឹកដោះគោ​ថ្នាំដុះធ្មេញ​និង​សាប៊ូ​ដែល​ខូច​គុណភាព និង​ទំនិញ​ខូច​គុណភាព​ជា​ច្រើន​មុខ​ទៀត ដែល​ដាក់​តាំង​លក់​នៅ​ផ្សារ​ប្រសូត្រ​ស្រុក​ស្វាយ​ទាប​និង​ផ្សារ​ជី​ភូ ក្រុង​បាវិត ខេត្ត​ស្វាយរៀង ហើយ​បាន​ដកហូត​យក​ទៅ​ពិសោធន៍​និង​ដុត​កម្ទេច​ចោល​។​



​លោក ផឹង និល បានឱ្យដឹង​ទៀតថាៈ ដោយ​មាន​ការណែនាំ​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម និង​លោក ម៉ក់ ពេជ្ជ​រិទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​កាំកុងត្រូល ក្នុងនោះ​កាំកុងត្រូល​ខេត្ត​ស្វាយរៀង តែងតែ​ចុះ​ពិនិត្យ​មុខទំនិញ​បាន​ជាច្រើនលើក ហើយ​ការចុះពិនិត្យ​មុខ​ទំនិញ​នៅ​ថ្ងៃនេះ ក្នុង​គោលបំណង​ធានា​បាន​សុវត្ថិភាព​ម្ហូបអាហារ ជូន​ប្រជាពលរដ្ឋ និង​លើកកម្ពស់​សុខុមាភាព​ដល់​ពួកគាត់​ព្រោះវា​មាន​សារសំខាន់​ណាស់​ក្នុង​សង្គម និង​ជីវភាព​ប្រចាំថ្ងៃ ហើយ​ការទទួលខុសត្រូវ​លើ​សុវត្ថិភាព​ម្ហូបអាហារ គឺជា​ការទទួលខុសត្រូវ​រួម​គ្នា ទាំង​ស្ថាប័ន​ជំនាញ ទាំង​អ្នក​នាំចូល អ្នក​ផលិត អ្នក​ចែកចាយ និង​អ្នកប្រើប្រាស់​ផងដែរ ព្រោះ​សុខភាព គឺជា​កត្តា​ចំបង នៃ​ភាព​រស់រាន​នៃ​ជីវិត​។​

​លោក​បាន​បញ្ជាក់ទៀតថា មន្ត្រី​ជំនាញ​បាន​ធ្វើ​ការចុះពិនិត្យ​មុខទំនិញ​ជាច្រើន​មុខ ក្នុង​ទីតាំង​ផ្សា​ប្រសូត្រ​និង​ផ្សារ​ជី​ភូ​នាពេលនេះ បាន​រកឃើញ​ចា​ហ៊ួយ​ចំនួន​១៥​ក្រឡ​ស្មើ​និង​៣៧.៥ គីឡូ​ព្រោះ​ប្រភេទ​ចា​ហ៊ួយ​នេះ​នាំចូល​ពី​ប្រទេសជិត​ខាង​វា​មាន​ជាតិ​រឹង​ស្វិត​ដែល​បង្ករ​អោយ​ប៉ះពាល់​ដល់​ក្រពះ​ពោះវៀន​យ៉ាងធ្ងន់ធ្ង​រខ​ណះ​ដែល​យើង​បាន​បរិភោគ​វា​ជាពិសេស​នោះ​ក្មេងៗ​តូច​ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​។​ហើយ​ក្នុងនោះ​ក៏​បាន​រកឃើញ​ទំនិញ​ហួស​កាលបរិច្ឆេទ​មួយចំនួន​ទៀត​ផង​ដែរ មន្ត្រី​ជំនាញ​បាន​ធ្វើតេស្ត​ទៅ​លើ​មុខ​ទំនិញ​ជា​ច្រើន​មុខ​មាន​ដូច​ជា​បន្លែ ផ្លែឈើ ផ្អក ប្រហុក ជ្រក់ សណ្តែក​បណ្តុះ ឈាម​គោ​។​ល​។​ប៉ុន្តែ​ពុំ​មិន​បាន​រកឃើញ​ផ្ទុក​សារធាតុ​គីមី​នោះទេ ដោយឡែក​នៅ​ផ្សារ​ជី​ភូ​វិញ​សមត្ថកិច្ច​បាន​រកឃើញ​មាន​ទឹកដោះគោ​ចំនួន​៣១​កំប៉ុង ថ្នាំ​ដុសធ្មេញ និង​សាប៊ូ​គឺ​ហួស​កាល​បរិច្ចេទ​ផុតកំណត់​ប្រើប្រាស់​ត្រូវ​បាន​ធ្វើ​ការដកហូត​។​

​ចំណែក​អ្នកលក់​ក៏​បាន​យល់ព្រម​បញ្ឈប់​ការដាក់​លក់​ទំនិញ​ដែល​ខូច​គុណភាព ហួសការ​បរិច្ឆេទ​ប្រើប្រាស់ ព្រោះ​ពួកគេ​ទាំងអស់​នោះ​បាន​យល់ដឹង នូវ​ផល​ប៉ះពាល់​ដល់​សុខភាព នៅពេល​ដែល​ប្រើប្រាស់​ទំនិញ​ដែល​ខូចគុណភាព​។​

​លោក ផឹង និល ក៏​បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ នៅ​ខេត្ត​ស្វាយរៀង សូម​មាន​ការប្រុងប្រយ័ត្ន​ចំពោះ​ការ​បរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យ​មើល​ស្លាក​សញ្ញា​កាលបរិច្ឆេទ​ឲ្យបាន​ច្បាស់លាស់ មុន​ទិញ​យក​ទៅ​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅ​តាម​ផ្សារ​នានា នៅក្នុង​ខេត្ត​ស្វាយរៀង ឲ្យបាន​ញឹកញាប់​បន្ថែម​ទៀត​ជា​ពិសេ​សជិ​តរ​ដូវ​បុណ្យ​ភ្ជុំបិណ្យ​ខាងមុខនេះ​៕