​ភ្នំពេញ​ ៖ សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ក្រាបបង្គំ​ទូល​ថ្វាយ​ព្រះមហាក្សត្រ ត្រាស់បង្គាប់​តែងតាំង និង​តម្លើង​ឋានន្ដរស័ក្ដិ នាយទាហាន​ជាន់ខ្ពស់​៣​រូប ជា​ថ្នាក់ដឹកនាំ​កំពូល​នៃ​កងយោធពល​ខេមរភូមិន្ទ​។ នេះ​បើ​យោងតាម​លិខិត​របស់​សម្ដេច​តេជោ ហ៊ុន សែន ទូល​ថ្វាយ​ព្រះមហាក្សត្រ​។​

​នៅក្នុង​លិខិត​នេះ​បាន​បង្ហាញថា ឧត្តមសេនីយ៍ឯក វង្ស ពិ​សេន ត្រូវ​បាន​ស្នើ​តែងតាំង​ជា​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ និង​តម្លើង​ឋានន្ដរស័ក្ដិ ថ្នាក់​នាយ​ឧត្តមសេនីយ៍​, នាយ​ឧត្តមសេនីយ៍ ឥត សារ៉ាត់ ត្រូវ​បាន​ស្នើ​តែងតាំង​ជា នាយសេនាធិការ​ចម្រុះ​នៃ​កងយោធពល​ខេមរភូមិន្ទ បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន និង​លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​បាន​ស្នើ​តែងតាំង​ជា មេបញ្ជាការ​កងទ័ពជើងគោក បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​។​

​យោង​តាម​បញ្ជី​សមាសភាព​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ នៃ​រដ្ឋសភា អតីត​មេទ័ព​កម្ពុជា​៣​រូប ត្រូវបាន​ដំឡើង​ឋានៈ​ជា​ទេស​រដ្ឋ​​មន្រី្ត ក្នុង​សមាសភាព​រាជរដ្ឋាភិបាល​កម្ពុជា​នៅ​អាណត្តិ​ទី​៦​នេះ​។ អតីត​មេទ័ព​ទាំងបី ដែល​ត្រូវ​ដំឡើង​ឋានៈ​ជា​ទេសរដ្ឋមន្ត្រី ទទួល​បន្ទុក​បេសកកម្ម​ពិសេស រួមមាន​៖ នាយ​ឧត្តមសេនីយ៍ ប៉ុល សារឿ​ន អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ​, នាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ​, និង​នាយ​ឧត្តមសេនីយ៍ មាស សុភា អគ្គមេ​បញ្ជា​ការ​​រង​នៃ​យោធពលខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​។​

​ចំណែក តំណាងរាស្ត្រ​ចំនួន​២​អាណត្តិ​ជាប់ៗ​គ្នា លោក ហ៊ុន ម៉ា​នី តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ ជា​កូន​របស់​សម្តេច​តេជោ ហ៊ុន សែន ត្រូវបាន​រដ្ឋសភា​បោះឆ្នោត​ជ្រើសតាំង ជា​ប្រធាន​គណៈកម្មការ​ទី​៧ នៃ​រដ្ឋសភា​សម្រាប់​អាណត្តិ​ទី​៦ គឺ​គណៈកម្មការ​អប់រំ យុវជន កីឡា ធម្មការ កិច្ចការ​សាសនា វប្បធម៌ និង​ទេសចរណ៍​។​

សម្រាប់​អាណត្តិ​ទី​៥ កន្លងទៅនេះ លោក ហ៊ុន ម៉ា​នី មាន​តួនាទី​ជា​សមាជិក​សភា តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា មណ្ឌល​កំពង់ស្ពឺ និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​។​ ​លោក ស សុខា ត្រូវ​តែងតាំង​ជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ សម្រាប់​អាណត្តិ​ទី​៦ ។ ​រីឯ លោក ស សុខា អតីត​តំណាងរាស្ដ្រ​មណ្ឌល​ព្រៃវែង នៅ​អាណត្តិ​ទី​៥ ជា​កូន​របស់​សម្តេច​ក្រឡាហោម ស ខេង ត្រូវបាន​រាជរដ្ឋាភិបាល​តែងតាំង​ទៅ​ជា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​អាណត្តិ​ទី​៦​។​

នេះ​ជា​ការប្រកាស​ឲ្យដឹង​របស់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ថ្លែង​ក្នុង​បើក​កិច្ចប្រជុំ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​រដ្ឋសភា និង​រាជរដ្ឋាភិបាល នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​។ ក្នុង​អាណត្តិ​ទី​៥​កន្លងទៅ លោក ស សុខា មាន​តួនាទី​ជា​សមាជិក​សភា តំណាងរាស្ដ្រ​គណបក្ស​ប្រជាជ​កម្ពុជា​មណ្ឌល​ព្រៃវែង និង​ជា​អនុប្រធាន​សហភាព​សហ​ព័ន្ធ យុវជន​កម្ពុជា​ទទួល​បន្ទុក​ខេត្តព្រៃវែង និង​ខេត្ត​បាត់ដំបង​៕​