រដ្ឋសភា​នីតិកាល​ទី​៦ ត្រូវ​បាន​បង្កើត​ឡើង​ជា​ផ្លូវ​ការ​ហើយ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​។ ក្នុង​នោះ លោក ហេង សំរិន ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន ឲ្យ​បន្ត​ដឹក​នាំ​រដ្ឋសភា​នីតិកាល​ទី​៦ អម​ដោយ​អនុ​ប្រធាន​ពីរ​រូប គឺ​លោក​ ងួន ញ៉ិល ជា​អនុ​ប្រធាន​ទី​១ និង​លោក​ស្រី ឃួន សុដារី ជាអនុ​ប្រធាន​ទី​២​។ ក្រៅ​ពី​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា សម័យ​​ប្រជុំ​ពេញ​អង្គ​ក៏​បាន​បោះ​ឆ្នោត​អនុម័ត​លើ​សមាសភាព​គណៈកម្មការ​ជំនាញ​ទាំង​១០​នៃ​រដ្ឋសភា​ផង​ដែរ​។

ខុស​ពី​នីតិកាល​ទី​៥ ដែល​រដ្ឋសភា​មាន​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​មក​ពី​ពហុ​គណបក្ស នៅ​នីតិកាល​ថ្មី​នេះ ទាំង​ក្បាល​ម៉ាស៊ីន​ដឹក​នាំ​រដ្ឋសភា និងថ្នាក់​ដឹក​នាំ​នៃ​គណៈកម្មការ​ជំនាញ​រដ្ឋសភា មាន​សមាសភាព​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​តែ​មួយ​គត់ ខណៈ​គណបក្ស​នេះ ឈ្នះ​ការ​បោះ​ឆ្នោត កាន់​កាប់​ទាំង​១២៥​អាសនៈ​នៅ​ក្នុង​រដ្ឋសភា​។

តាម​រយៈ​ការ​បោះ​ឆ្នោត​ជា​កញ្ចប់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី​០៦​កញ្ញា​នេះ លោក ហេង សំរិន ត្រូវ​បាន​ជ្រើស​តាំង​ជា​ប្រធាន ឲ្យ​បន្ត​ដឹក​នាំ​រដ្ឋសភា​។ ចំណែក​លោក ងួន ញ៉ិល ដែល​ធ្លាប់​ជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​កាល​ពី​អាណត្តិ​មុន ក្លាយ​ជា​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​នៅ​ក្នុង​អាណត្តិ​នេះ ខណៈ​លោក​ស្រី ឃួន ដារី ជា​អនុប្រធាន​ទី​២​។

នៅ​ក្នុង​ចំណោម​គណៈកម្មការ​ជំនាញ​​​វិញ គេ​ឃើញ​មានការ​ផ្លាស់​ប្ដូរ​ប្រធាន​ថ្មី នៅ​ក្នុង​គណៈកម្មការជំនាញ​​ចំនួន​៥​។ គណៈកម្មការ​ជំនាញ​​ដែល​មាន​ថ្នាក់​ដឹក​នាំ​ថ្មី​នោះ មាន​ជា​អាថិ៍៖ គណៈកម្មការ​ទី​១ មាន​លោក​ប៉ា សុជាតិវង្ស ជា​ប្រធាន, គណៈកម្មការ​ទី​៣ មាន​​លោក ជា វ៉ាន់ដេត ជា​ប្រធាន, គណៈកម្មការ​ទី​៧ ​លោក ហ៊ុន ម៉ានី ក្លាយ​ជា​ប្រធាន, គណៈកម្មការ​ទី​៨ ដឹក​នាំ​ដោយ​លោក​ស្រី ឡោក ខេង, និង​គណៈកម្មការ​ទី​១០ មាន​លោក ប៉ែន ស៊ីមន ជា​ប្រធាន​។ ដោយ​ឡែក គណៈកម្មការ​៥​ផ្សេង​ទៀត បន្ត​​ដឹក​នាំ​ដោយ​ប្រធាន​ពី​អាណត្តិ​មុន​ដដែល ដូច​ជា៖ គណៈកម្មការទី​២ លោក ជាម យៀប, គណៈកម្មការ​ទី​៤ លោក ហ៊ុន ណេង, គណៈកម្មការ​ទី​៥ លោក ឈាង វុន, គណៈកម្មការ​ទី​៦ លោក ប៉ែន បញ្ញា និង​គណៈកម្មការ​ទី​៩ លោក​ស្រី និន សាផុន​។

ជា​ការ​កត់​សម្គាល់ បន្ទាប់​ពី​ប្រកាស​រចនាសម្ព័ន្ធ​ថ្មីនៃ​រដ្ឋសភា​នីតិកាល​ទី​៦​រួច លោក ហេង សំរិន ប្រធាន​រដ្ឋសភា បាន​ប្ដេជ្ញា​ជា​ឱឡារិក​ថា នឹង​ខិត​ខំ​គ្រប់​សកម្មភាព បំពេញ​ភារកិច្ច​លើក​កម្ពស់​តួនាទី​ពិត​ប្រកដ​របស់​រដ្ឋសភា ដោយ​ឈរ​លើ​មូលដ្ឋាន​រដ្ឋធម្មនុញ្ញ បទ​បញ្ជា​ផ្ទៃ​ក្នុង​រដ្ឋសភា និង​គោលការណ៍​ច្បាប់​នានា​។ តួនាទី​របស់​រដ្ឋសភា មាន​ជា​អាថិ៍ ​កិច្ចការ​កសាង​ច្បាប់ ការងារ​ត្រួត​ពិនិត្យ ការ​អនុវត្ត​ច្បាប់ និង​ការពារ​ផល​ប្រយោជន៍​ម្ចាស់​ឆ្នោត​ជា​ដើម​៕ ប្រភព៖ RFI