វ៉ាស៊ីនតោន —កំណត់​និពន្ធ៖ លោក Nick Beresford ជា​នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា។ លោក Nick Beresford ធ្វើ​ការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​ចំនួន​១៦​ឆ្នាំ​មក​ហើយ លើ​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។ មុន​ពេល​លោក​កាន់​ដំណែង​ជា​នាយក​គ្រប់គ្រង​ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា លោក​ធ្លាប់​ជា​នាយករង​នៃ​ទី​ភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​នេះ​ប្រចាំ​ប្រទេស​បង់ក្លាដែស។ លោក​ក៏​ធ្លាប់​ធ្វើ​ការ​ជា​មួយ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ នៅ​ប្រទេស​សូម៉ាលី និង​ទីម័រ​ខាង​កើត​ផង​ដែរ។ លោក Nick Beresford បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​កញ្ញា យូ សុធារី នៃ​វីអូអេ អំពី​កិច្ចការ​របស់​ UNDP នៅ​ប្រទេស​កម្ពុជា។ សូម​លោក​អ្នក​នាង​អាន​ខ្លឹមសារ​លម្អិត​នៃ​បទ​សម្ភាសន៍​នេះ​ដូច​តទៅ៖

VOA៖ តើកម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​ UNDP ប្រចាំ​ប្រទេស​កម្ពុជា បាន​ជួយ​គាំទ្រ​ដល់​រដ្ឋាភិបាល​កម្ពុជា​លើ​វិស័យ​អ្វី​ខ្លះ?

Nick Beresford៖ យើង​អាច​បែងចែក​ការងារ​ដែល​យើង​បាន​ធ្វើ​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ទៅ​ជា​៣​ផ្នែក។ ផ្នែក​ទី១​ ​គឺ​ការ​ការពារ​បរិស្ថាន ដែល​ពាក់ព័ន្ធ​នឹង​ការ​បម្រែ​បម្រួល​អាកាសធាតុ។ ផ្នែក​ទី២ ​គឺ​ការ​រីក​ចម្រើន​ និង​ភាព​រឹងមាំ​នៃ​ការ​អភិវឌ្ឍ និង​ទី៣​ គឺ​ទៅ​លើ​បញ្ហា​គោលនយោបាយ​នានា ដូចជា​គោលនយោបាយ​សេដ្ឋកិច្ច និង​អភិបាលកិច្ច។

VOA៖ តើ​លោក​យល់​យ៉ាង​ណា​ចំពោះ​ការ​អភិវឌ្ឍ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​វិសមភាព​នៅ​ក្នុង​ប្រទេស? តើ​លោក​យល់​ថា គោលនយោបាយ​ទាំង​នោះ​បាន​រួម​ចំណែក​ដោះស្រាយ​បញ្ហា​យ៉ាង​ដូចម្តេច?

Nick Beresford៖ យើង​មើល​ទៅ​លើ​ការ​អភិវឌ្ឍ​ជា​ទូទៅ។ ដំបូង ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទទួល​បាន​ជោគជ័យ​ល្អ​ណាស់។ ក្នុង​រយៈពេល​១៥ឆ្នាំ​កន្លង​ទៅ​នេះ សេដ្ឋកិច្ច​កម្ពុជា​មាន​ការ​រីកចម្រើន​ជាងមុន​បី​ដង។ ភាព​ក្រីក្រ​ធ្វើ​បាន​ធ្លាក់​ចុះ​ជាង​ពាក់​កណ្តាល។ នេះ​ការ​សមិទ្ធិផល​ដ៏​អស្ចារ្យ​មួយ។ ចំពោះ​អភិបាលកិច្ច​វិញ ខ្ញុំ​គិត​ថា មាន​បញ្ហា​ប្រឈម​ខ្លះ​នៅ​ក្នុង​អភិបាលកិច្ច​ប្រកប​ដោយ​ប្រជាធិបតេយ្យ ហើយ​មាន​ការងារ​ច្រើន​ទៀត​ដែល​ចាំបាច់​ត្រូវ​ធ្វើ។ ផ្នែក​ចុង​ក្រោយ​នៃ​សំណួរ​របស់​អ្នក​ក៏​បាន​ផ្តោត​លើ​វិសមភាព​ដែរ។

ប្រសិនបើ​យើង​មើល​ទិន្នន័យ​ដែល​យើង​មាន មិន​ថា​យើង​ប្រើ​វិធីសាស្ត្រ Gini coefficient ឬ Tile data ឬ​វិធីសាស្ត្រ​ផ្សេង​នោះ​ទេ ទិន្នន័យ​ទាំង​នោះ​បង្ហាញ​ថា ពិត​ណាស់​វិសមភាព នៅ​តែ​អាច​គ្រប់​គ្រង​បាន​នៅ​ឡើយ។ កម្ពុជា​មាន​ភាព​ប្រសើរ បើ​ប្រៀបធៀប​ទៅ​ប្រទេស​ជិតខាង។ មិន​មាន​សញ្ញា​អវិជ្ជមាន​ខ្លាំង​នោះ​ទេ។ ប៉ុន្តែ​ខ្ញុំ​គិត​ថា បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​គឺ​ថា តើ​ទិន្នន័យ​ដែល​យើង​ប្រើ​ហ្នឹង​វា​ល្អ​ក្នុង​កម្រិត​ណា។ យើង​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​របស់​រដ្ឋាភិបាល​កម្ពុជា​មួយ​ចំនួន​ត្រូវ​ការ​កែលម្អ​ឲ្យ​ប្រសើរ​ជាង​មុន ហើយ​ជួលកាល​ទិន្នន័យ​ដែល​យើង​ប្រើប្រាស់​មិន​ប្រាកដ​ថា បង្ហាញ​ពី​ភាព​ត្រឹមត្រូវ​នៃ​ទិដ្ឋភាព​ទាំង​មូល​នោះ​ទេ។

VOA៖ តើ​លោក​មើល​ឃើញ​វឌ្ឍនភាព​នៃ​អភិបាល​កិច្ច​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​កម្រិត​ណា?

Nick Beresford៖ បើ​និយាយ​ពី​អភិបាលកិច្ច នៅ​មុន​ថ្ងៃ​បោះឆ្នោត​ប៉ុន្មាន​ថ្ងៃ លោក​អគ្គលេខាធិការ​ [អសប] បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ ហើយ​លោក​បាន​អំពាវនាវ​ឲ្យ​មាន​ដំណើរការ​នយោបាយ​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ លោក​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​ស្តង់ដារ​សិទ្ធិ​មនុស្ស​អន្តរជាតិ ធានា​ឲ្យ​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​អនុវត្ត​សិទ្ធិ​ប្រជាធិបតេយ្យ​របស់​ពួកគេ។​ យើង​គាំទ្រ​ការ​អំពាវនាវ​របស់​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ។

ក្នុង​ចំណោម​ក្រុម​ការងារ​អង្គការ​សហប្រជាជាតិ​ប្រចាំ​ប្រទេស​កម្ពុជា ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ (ហៅ​កាត់​ថា OHCHR) ក៏​បាន​បញ្ចេញ​ក្តី​បារម្ភ​របស់​ពួកគេ​ពាក់ព័ន្ធ​នឹង​បញ្ហា​នា​ពេល​ថ្មីៗ​នេះ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​មាន​និន្នាការ​នយោបាយ​ផ្សេងៗ មិន​មាន​ឱកាស​នយោបាយ ដែល​ពួកគេ​ធ្លាប់​មាន​កាលពី​ពេល​មុន។ ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ក៏​បាន​បញ្ចេញ​ក្តី​បារម្ភ​ជុំវិញ​ការ​រឹតត្បិត​ទៅ​លើ​សារព័ត៌មាន និង​ស្ថាប័ន​ផ្សេងៗ​ផង​ដែរ។ ខ្ញុំ​គិត​ថា សម្រាប់​អភិបាលកិច្ច យើង​ទទួល​ស្គាល់​ថា មាន​ការងារ​ខ្លះ​ត្រូវ​ធ្វើ​បន្ថែម។ បើ​គិត​ឲ្យ​វិជ្ជមាន​ទៅ យើង​ពិត​ជា​ចង់​ចូលរួម​ជាមួយ​នឹង​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​មើល​អ្វី​ដែល​យើង​អាច​ជួយ​បាន​ដើម្បី​ធ្វើ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​ជាងមុន។

លោក Nick Beresford (បន្ទាប់ស្តាំបង្អស់) គឺជា​នាយក​គ្រប់គ្រង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ប្រចាំ​ប្រទេស​កម្ពុជា។

VOA៖ តើ​ត្រូវ​ធ្វើ​អ្វី​ដើម្បី​ធានា​ថា ការ​អភិវឌ្ឍ​អាច​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ ជាពិសេស​ពលរដ្ឋ​រាប់លាន​នាក់​ដែល​រស់​នៅ​ក្រោម​បន្ទាត់ក្រីក្រ ឬ​រស់​នៅ​ក្បែរ​បន្ទាត់ក្រីក្រ​តែ​?

Nick Beresford៖ អ្នក​បាន​លើក​ឡើង​នូវ​ចំណុច​សំខាន់​ចំនួន​ពីរ។ អ្នក​និយាយ​ពី​អ្នក​ដែល​រស់​នៅ​ក្រោម​បន្ទាត់​ក្រីក្រ។ នៅ​ពេល​នេះ យើង​ប៉ាន់ស្មាន​ថា ប្រជាជន​កម្ពុជា​ប្រមាណ​ជា​១០%​ កំពុង​រស់​នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ​ជាតិ។ ប៉ុន្តែ​មាន​ពលរដ្ឋ​ជាច្រើន​ដែល​រស់​នៅ​ពី​លើ​បន្ទាត់​ភាព​ក្រីក្រ​តែ​បន្តិច​ប៉ុណ្ណោះ។ ពួកគេ​មិន​ត្រូវ​បាន​គេ​រាប់​បញ្ចូល​ជា​អ្នក​ក្រ​នោះ​ទេ​ ប៉ុន្តែ​ពួកគេ​ស្ទើរ​តែ​ត្រូវ​បាន​គេ​ចាត់​ទុកថា​ជាជន​ក្រីក្រ ហើយ​យើង​ចាត់​ទុក​ពួកគេ​ថា​ជា​ ក្រុម​ងាយ​រងគ្រោះ ដែល​ប្រឈម​មុខ​នឹង​បញ្ហា​សេដ្ឋកិច្ច បញ្ហា​សុខភាព និង​បញ្ហា​ផ្សេងៗ​ទៀត។

ខ្ញុំ​គិត​ថា គោល​នយោបាយ​មួយ​ក្នុង​ចំណោម​គោលនយោបាយ​សំខាន់ៗ​បំផុត​ដែល​គួរ​តែ​អនុវត្ត​នា​ពេល​ខាង​មុខ គឺ​គោលនយោបាយសន្តិសុខ​សង្គម។ យើង​សប្បាយ​ចិត្ត​ដែល​មើល​ឃើញ​ថា រដ្ឋាភិបាល​មាន​ភាព​សកម្ម​នៅ​ក្នុង​គោលនយោបាយ។ រដ្ឋាភិបាល​បាន​ចេញ​គោលនយោបាយ​នានា និង​ដាក់​ឲ្យ​បាន​អនុវត្ត​គោលនយោបាយ​សន្តិសុខ​សង្គម​មួយ​ចំនួន​រួច​ទៅ​ហើយ។ នេះ​ជា​មធ្យោបាយ​ដែល​យើង​ជួយ​បង្កើត​ភាព​រឹងមាំ និង​ការពារ​ពួកគេ​ពី​ភាព​ងាយ​រងគ្រោះ។

VOA៖ តើ​លោក​គិត​ថា បញ្ហា​ខាង​លើ​មាន​ពាក់ព័ន្ធ​ជាមួយ​នឹង​ការ​ពង្រឹង​ស្ថាប័ន​រដ្ឋ​ដែរ​ឬ​ទេ?

Nick Beresford៖ បាទ! នោះ​ជា​ផ្នែក​មួយ​ទៀត។ ខ្ញុំ​គិត​ថា វា​ក៏​មាន​សារៈសំខាន់​ដែរ​ដើម្បី​ឲ្យ​នយោបាយ​សន្តិសុខ​សង្គម​មាន​ដំណើរ​ការ​ល្អ។ រដ្ឋាភិបាល​ត្រូវ​ការ​ភាព​រឹងមាំ និង​សមត្ថភាព​ពេញលេញ​ក្នុង​ជួរ​រដ្ឋាភិបាល ដើម្បី​អនុវត្ត​ផែនការ​នោះ​បាន​ត្រឹមត្រូវ។ ដូច្នេះ​រដ្ឋាភិបាល អាច​ត្រួត​ពិនិត្យ​ការងារ និង​អាច​ការ​ពារ​សកម្មភាព​ពុក​រលួយ​នានា ហើយ​ផែនការ​ទាំង​នោះ​អាច​ទទួល​បាន​ទាំង​ប្រសិទ្ធភាព និង​ប្រសិទ្ធផល។ នោះ​ពលរដ្ឋ អាច​ទទួល​បាន​សេវា​សុខភាព​ដែល​ពួកគេ​ត្រូវការ។ ខ្ញុំ​គិត​ថា ដំបូង​រដ្ឋាភិបាល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ស្ត្រី ដែល​មាន​កូន​តូចៗ និង​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​អាច​ជា​ក្រុម​មនុស្ស​ដំបូង​ដែល​ស្ថិត​នៅ​ក្រោម​ផែនការ​សន្តិសុខ​សង្គម ដែល​នឹង​ទទួល​បាន​ប្រាក់​ជា​កញ្ចប់។ ​យើង​គិត​ថា នេះ​ជា​ចំណុច​សមហេតុ​សមផល​ក្នុង​ការ​ចាប់​ផ្តើម។ វា​ងាយ​ស្រួល​ទេ​ក្នុង​ការ​កំណត់​ក្រុម​អ្នក​ទទួល​ផល​ប្រយោជន៍​ឲ្យ​បាន​ត្រឹមត្រូវ ងាយ​ស្រួល​ក្នុង​ការ​កំណត់​ក្រុម​ស្រ្តី​ទាំង​នោះ ហើយ​នេះ​ជា​ជំហាន​ដំបូង​ដ៏​ល្អ​នៅ​ក្នុង​ការ​គាំពារ​សង្គម។

ខ្ញុំ​គិត​ថា ការ​ពង្រឹង​សមត្ថភាព​ស្ថាប័ន​រដ្ឋ​មាន​សារៈសំខាន់។ ខ្ញុំ​គិត​ថា វា​ក៏​មាន​សារៈសំខាន់​នៅ​ក្នុង​ដំណើរការ​កំណត់​ថវិកា​ឡើង​វិញ ដើម្បីបែងចែក​ថវិកា​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​កម្មវិធី​គាំពារ​សង្គម ហើយ​ត្រូវ​ផ្តល់​ថវិកា​ឲ្យ​បាន​ច្រើន​ជាង​មុន​ទៅ​ក្នុង​វិស័យ​សុខាភិបាល និង​វិស័យ​អប់រំ។ វិស័យ​ទាំង​នេះ​ជា​វិស័យសំខាន់ៗ និង​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​អាច​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ទីផ្សារ​ការងារ។ ដោយ​មាន​ការ​អប់រំ និង​ការ​ធានារ៉ាប់រង​លើ​សុខភាព​បាន​គ្រប់គ្រាន់​ ពួកគេ​អាច​រស់​នៅ​ប្រកប​ដោយ​ភាព​រីករាយ និងដោយ​មាន​ការ​ធានា​សង្គម។

VOA៖ ទាក់ទង​នឹង​ការ​បែងចែក​ថវិកា ជាច្រើន​ដង ​នៅ​ពេល​យើង​និយាយ​ទៅ​កាន់​មន្ត្រី​រដ្ឋាភិបាល​ ជា​ច្រើន​ដង យើង​បាន​ឮ​ថា ពួកគេ​មិន​មាន​ថវិកា​គ្រប់គ្រាន់​នោះ​ទេ ដោយសារ​កម្មវិធី​របស់​ពួកគេ​ពឹង​ផ្អែក​លើ​ជំនួយ​បរទេស។ តើ​ថវិកា​នោះ​គួរ​មាន​ប្រភព​មក​ពី​ណា ប្រសិន​បើ​រដ្ឋាភិបាល​ចង់​បែងចែក​ថវិកា​របស់​ខ្លួន​ឲ្យ​ទៅ​កម្មវិធី​សន្តិសុខ​សង្គម​កាន់​តែ​ច្រើន?

Nick Beresford៖ នេះ​ជា​សំណួរ​ដ៏​ល្អ​មួយ ដោយសារ​វា​ពាក់ព័ន្ធ​នឹង​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ជា​ច្រើន​ឆ្នាំ​កន្លង​ទៅ កម្ពុជា​ជា​ប្រទេស​ពឹង​ផ្អែក​លើ​ជំនួយ។ ប៉ុន្តែ​ឥឡូវនេះ ប្រទេស​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ពឹង​ផ្អែក​លើ​ពាណិជ្ជកម្ម។ ការ​បើក​ចំហរ​របស់​ប្រទេស​នេះ​ចំពោះ​ទីផ្សារ​បរទេស​ និង​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​បានបាន​ជួយ​ប្រជាជនឲ្យ​រួច​ផុត​ពី​ភាព​ក្រីក្រ ពីព្រោះ​កំណើន​សេដ្ឋកិច្ច​នោះ​ក៏​បាន​ជួយ​ដល់​កម្មករ​មិន​មាន​ជំនាញ ឬ​មាន​ជំនាញ​តិចតួច​ផងដែរ។ ជា​ឧទាហរណ៍ រោងចក្រ​កាត់​ដេរ បាន​ផ្តល់​ការងារ​ជាច្រើន​ដល់​ពលរដ្ឋ​សាមញ្ញ។

ត​ទៅ​មុខ​ទៀត អ្វី​ដែល​យើង​មើល​ឃើញ គឺ​រឿង​ពីរ​យ៉ាង។ ទី១ គឺ​កំណើន​សេដ្ឋកិច្ច​ដ៏​ខ្ពស់ ដែល​មាន​ប្រមាណ​៧% ឬ​ប្រហាក់​ប្រហែល​ហ្នឹង។ នេះ​ជា​ការ​ពិត​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ហើយ។ ទី២ គឺ​អត្រា​នៃ​ការ​ប្រមូល​ពន្ធ​ខ្ពស់ ដែល​មាន​ប្រមាណ​ជា​២០%​ ហើយ​តួលេខ​នេះ​ខ្ពស់​គួរសម​នៅ​ក្នុង​តំបន់​នេះ។ ជាក់​ស្តែង​ណាស់ វា​ជា​ការ​ល្អ បើ​ប្រៀប​ធៀប​ទៅ​នឹង​ប្រទេស​ជិត​ខាង។ ប្រសិន​បើ​យើង​បញ្ចូល​កត្តា​ទាំង​ពីរ​ជាមួយ​គ្នា ថវិកា​របស់​រដ្ឋាភិបាល​មាន​ការ​កើន​ឡើង​យ៉ាង​ខ្លាំង។ វា​មាន​ចំនួន​ប្រមាណ​ជា​២០%​ច្រើន​ជាង​ឆ្នាំ​ទៅ ដែល​មាន​ចំនួន​ប្រមាណ​ជា​៦ប៊ីលាន​ដុល្លារ ហើយ​សេដ្ឋកិច្ច​កម្ពុជា​មាន​ទឹកប្រាក់​ប្រមាណ​២០ពាន់​លាន​ដុល្លារ។ ដោយ​មាន​កើន​ឡើង​នេះ ប្រទេស​កម្ពុជា​នឹង​អាច​ផលិត​ធនធាន​ក្នុង​ស្រុក​បាន​ដោយ​ខ្លួន​ឯង ដើម្បី​អាច​វិនិយោគ​ទៅ​ក្នុង​វិស័យ​សុខាភិបាល អប់រំ និង​វិស័យ​ផ្សេងៗ​ទៀត។ យើង​ទាំង​អស់​គ្នា​ចង់​ឃើញ​រដ្ឋាភិបាល​ផ្តល់​ថវិកា​បន្ថែម​ទៀត​លើ​វិស័យ​ទាំង​នេះ។

VOA៖ ដូច្នេះ ថវិកា​២០%​ត្រូវ​បាន​គេ​ផ្តល់​ទៅ​ក្នុង​វិស័យ​ផ្សេង​ទៀត​ឬទេ?

Nick Beresford៖ ច្បាស់​ណាស់ របៀប​នៃ​ការ​បែងចែក​ថវិកាជា​ការ​សម្រេច​ចិត្ត​ថ្នាក់​ជាតិ​របស់​រដ្ឋាភិបាល​នីមួយៗ មិន​មែន​តែ​កម្ពុជា​នោះ​ទេ។ ប៉ុន្តែ​យើង​បាន​បញ្ចូល​ករណី​សិក្សា​ពី​ភាគី​អង្គការ​សហប្រជាជាតិ ហើយ​ខ្ញុំ​គិត​ថា ភ្នាក់ងារ​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត​យល់​ស្រប​លើ​ចំណុច​ថា គួរ​តែ​ព្យាយាម​ផ្តល់​ប្រាក់​បន្ថែម​ទៅ​ក្នុង​វិស័យ​សុខាភិបាល អប់រំ កម្មវិធី​គាំពារ​សង្គម និង​វិស័យ​ផ្សេងៗ តាម​តែ​អាច​ធ្វើ​ទៅ​បាន។ ទាំង​នេះ​ជា​វិស័យ​ដែល​អាច​ផ្តល់​ប្រយោជន៍​ដល់​ពលរដ្ឋ​ខ្មែរ​ទូទៅ​បាន​យ៉ាង​ពិត​ប្រាកដ។

VOA៖ តាម​ទស្សនៈ​របស់​អង្គការ​សហប្រជាជាតិ តើ​លោក​បារម្ភ​ពី​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែរ​ឬ​ទេ ជាពិសេស​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រព័ន្ធ​ពន្ធដារ?

Nick Beresford៖ ខ្ញុំ​គិត​ថា យើង​ត្រូវ​ចាំ​ថា គ្រប់​ប្រទេស​ចំណូល​មធ្យម​កម្រិត​ទាប​ទាំង​អស់​សុទ្ធ​តែ​ជួប​បញ្ហា​នេះ។ តាម​ពិត​ទៅ ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ប្រទេស​ចំណូល​ខ្ពស់​ជាច្រើន​ក៏​ជួប​បញ្ហា​នេះ​ដែរ។ ដូច្នេះ ប្រទេស​កម្ពុជា​មិន​មាន​បញ្ហា​នេះ​តែ​ម្នាក់​ឯង​នោះ​ទេ។

ខ្ញុំ​គិត​ថា វា​ជា​រឿង​ធម្មតា និង​ជា​ផ្នែក​នៃការ​អភិវឌ្ឍ​សេដ្ឋកិច្ច សម្រាប់​ប្រទេសមួយ ដែល​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ជា​ប្រទេស​មាន​ចំណុល​ទាប ដែល​បញ្ហា​នៃ​ការ​បាត់​ប្រាក់ អំពើ​ពុករលួយ តម្លាភាព និង​ទំនួលខុសត្រូវ​តែងតែ​កើត​ឡើង។ មិន​មែន​ថា​យើង​ត្រូវ​រំពឹង​ថា​វា​កើត​ឡើង​ទេ ប៉ុន្តែ​វា​មិន​មាន​មូលហេតុ​ផ្សេង​ក្រៅ​ពី​ទទួល​ស្គាល់​ការ​ពិត ឬ​និយាយ​យើង​មិន​គួរ​ព្យាយាម​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហា​ទាំង​នេះ​នោះ​ទេ។

​ខ្ញុំ​គិត​ថា ប្រសិនបើ​អ្នក​មើល​ទៅ​ប្រទេស​អ្នក​មាន​ ដូច​ជា​ចិន បាន​ធ្វើ​ការ​តាំង​ចិត្ត​ជា​សាធារណៈ និង​ខ្លាំងក្លា​ដើម្បី​ទទួល​ស្គាល់​បញ្ហានេះ ហើយ​ក៏​ចាត់​វិធានការ​ច្រើន​ដើម្បី​ដោះស្រាយ​វា​ដែរ។ ដូច្នេះ​ខ្ញុំ​គិត​ថា មាន​មេរៀន​ច្រើន​ដែល​យើង​អាច​រៀន​ពី​តំបន់​អាស៊ី ដែល​រដ្ឋាភិបាល​អាច​ជ្រើស​យក ហើយ​រៀន​ថា​តើ​ខ្លួន​អាច​ចាប់​ផ្តើម​បែប​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​បាន​ដោយ​ជោគជ័យ។

VOA៖ តើ​រដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​វិធានការ​គ្រប់គ្រាន់​ហើយ​ឬ​នៅ​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​ប្រទេស?

Nick Beresford៖ វា​ពិបាក​នឹង​និយាយ​ណាស់។ ខ្ញុំ​គិត​ថា នៅ​ពេល​នេះ វា​នៅ​តែ​ជា​បញ្ហា​ប្រឈម​សម្រាប់​រដ្ឋាភិបាល​កម្ពុជា។ ប៉ុន្តែ​ខ្ញុំ​គិត​ថា រដ្ឋាភិបាល​ដឹង​ពី​បញ្ហា​នេះ ហើយ​រដ្ឋាភិបាល​ត្រូវ​ស្វែងរក​វិធី​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ខ្លួន​ឯង ហើយ​ត្រូវ​ដោះស្រាយ​វា​ឲ្យ​បាន​ជោគជ័យ​ជាង​មុន។ ដៃគូ​អភិវឌ្ឍន៍​ដូច​ជា​យើង​ខ្ញុំ​ប្រឹងប្រែង​ជួយ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ​ដើម្បី​ជួយ​លុបបំបាត់​បញ្ហា​នេះ។ វិធី​មួយ​ដែល​រដ្ឋាភិបាល​អាច​ធ្វើ ​គឺ​ដំឡើង​ប្រាក់​បៀវត្សរ៍​ឲ្យ​មន្ត្រី​រាជការ ដោយ​ផ្តល់​ស្តង់ដារ​រស់នៅ​ដ៏​ល្អ​មួយ​ដល់​មន្ត្រី​រាជការ។ វា​នឹង​ជួយ​កាត់​បន្ថយ​តម្រូវ​ការ​របស់​មន្ត្រី​រាជការ​ក្នុង​ការ​ស្វែងរក​ប្រភព​ចំណូល​ផ្សេង។

ខ្ញុំ​គិត​ថា ឧទាហរណ៍​ល្បី​បំផុត​គឺ​ឧទាហរណ៍​របស់​លោក លី ក្វាន់យូ (Lee Kuan Yew) នៅ​ក្នុង​ប្រទេស​សិង្ហបុរី។ លោក​មាន​ជំហរ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ហើយ​ក៏​បាន​បង្កើន​ប្រាក់​បៀវត្សរ៍​យ៉ាង​ច្រើន​ដើម្បី​ធានា​ឲ្យ​បាន​ថា ការងារ​សាធារណៈ​នឹង​ទទួល​បាន​ប្រាក់​បៀវត្សរ៍​ល្អ។ មាន​វិធី​ផ្សេងៗ​ទៀត​ដែល​គេ​ប្រើ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​យើង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​មើល​ឧទាហរណ៍​ទាំង​នេះ និង​ធ្វើ​អ្វី​ដែល​ខ្លួន​អាច​ធ្វើ​បាន ​ដើម្បី​បោះ​ជំហាន​ទៅ​មុខ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។

VOA៖ លោក​បាន​លើក​ឡើង​អំពី​ការ​ជួយ​របស់​ដៃគូ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល។ ខ្ញុំ​មាន​ចម្ងល់​ទាក់ទង​នឹង​បរិបទ​នយោបាយ​សព្វ​ថ្ងៃ។ តើ​ដៃគូ​អភិវឌ្ឍន៍​បាន​ជួយ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​មាន​ទំនួល​ខុសត្រូវ​ដោយ​របៀប​ណា?

Nick Beresford៖ ខ្ញុំ​គិត​ថា យើង​មើល​ឃើញ​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ដំណើរ​ទៅ​មុខ​ដើម្បី​ឈាន​ដល់​ការ​ចងសម្ព័ន្ធ​នយោបាយ និង​ដើម្បី​ធ្វើ​ឲ្យ​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី ប៉ុន្តែ​យើង​ធ្វើ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​ដើម្បី​ជំរុញ​ដល់​រដ្ឋាភិបាល។ យើង​ត្រូវ​តែ​ចាំ​ថា បញ្ហា​នេះ​ត្រូវ​ការ​រដ្ឋាភិបាល និង​ពលរដ្ឋ​ខ្មែរ​ដោះស្រាយ។ នៅ​ពេល​ជាមួយ​គ្នា នៅ​ក្នុង​អង្គការ​សហប្រជាជាតិ​ យើង​ប្រកាន់​ខ្ជាប់​គោលការណ៍​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស។

នៅ​ក្នុង​អត្ថាធិប្បាយ​របស់​ការិយាល័យ OHCHR និង​លោក​អគ្គលេខាធិការ​ដែល​ខ្ញុំ​បាន​លើក​ឡើង​កាលពី​ខាង​លើ យើង​បាន​បញ្ចេញ​ក្តី​បារម្ភ​មួយ​ចំនួន​របស់​យើង ហើយ​ក្នុង​ពេល​ជាមួយ​គ្នា ក៏​បាន​បង្ហាញ​ការ​លើក​ទឹក​ចិត្ត​ដល់​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះស្រាយ​បញ្ហា​អភិបាលកិច្ច​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ និង​បញ្ហា​សិទ្ធិ​មនុស្ស​ជាច្រើន​ទៀត។ យើង​សង្ឃឹម​ថា នៅ​ក្នុង​ផែនការ​អភិវឌ្ឍន៍​ថ្មី បញ្ហា​ទាំង​នេះ​នៅ​តែ​ជា​ការងារ​ស្នូល​ដែល​ត្រូវ​ធ្វើ​នា​ពេល​អនាគត។

VOA៖ តើ​លោក​មាន​ការ​បារម្ភ​ថា រដ្ឋាភិបាល​អាច​នឹង​ផ្តោត​តែ​លើ​ការ​រីកចម្រើន​តាម​តួលេខ ប៉ុន្តែ​មិន​បាន​ខ្វល់​ពី​ការ​ចូលរួម​ពី​គ្រប់​ភាគី ដែរ​ឬ​ទេ?

Nick Beresford៖ ខ្ញុំ​គិត​ថា រឿង​ពីរ​នេះ​ពាក់ព័ន្ធ​គ្នា។ ខ្ញុំ​គិត​ថា ប្រទេស​កម្ពុជា​គួរ​មាន​ការ​ចូលរួម​ដ៏​ល្អ​នៅ​ក្នុង​ដំណើរការ​ផ្លាស់ប្តូរ​ទៅ​ជា​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់។ រដ្ឋាភិបាល​បាន​ធ្វើ​ការ​ប្តេជ្ញាចិត្ត​ជា​សាធារណៈ​ ព្យាយាម​ក្លាយ​ទៅ​ប្រទេស​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ត្រឹម​ឆ្នាំ២០៣០ និង​ក្លាយ​ទៅ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ត្រឹម​ឆ្នាំ២០៥០ ​ហើយ​យើង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង។ រដ្ឋាភិបាល​ត្រូវ​មើល​លើ​បញ្ហា​អភិបាលកិច្ច​ ដែល​ជួយ​គាំទ្រ​ដល់​ដំណើរ​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​នេះ។

ដូច្នេះ វា​នឹង​នាំ​ឲ្យ​មាន​បរិបទ​នយោបាយ និង​សង្គម​ដែល​មាន​ការ​ចូលរួម​ពី​គ្រប់​ភាគី។ ជា​ឧទាហរណ៍ ការ​ពង្រឹង​អំណាច​ស្ត្រី និង​កុមារី។ ស្ត្រី និង​កុមារី​មិន​ទទួល​បាន​ការ​អប់រំ​ ជំនាញ និង​ឱកាស​ត្រឹមត្រូវ នៅ​ក្នុង​សេដ្ឋកិច្ច​កម្ពុជា​នោះ​ទេ ហើយ​ពួកគេ​មិន​ទទួល​បាន​ការ​ការពារ​ផ្នែក​សិទ្ធិ​មនុស្ស​បាន​គ្រប់គ្រាន់​នោះ​ទេ។ ដូច្នេះ យើង​មាន​ប្រជាជន​ពាក់​កណ្តាល​មិន​បាន​រួម​ចំណែក​នៅ​ក្នុង​សេដ្ឋកិច្ច​ទេ។

ដូច្នេះ នេះ​ជា​ឧទាហរណ៍​មួយ​ល្អ ដែល​ខ្ញុំ​គិត​ថា ការ​ចូលរួម​ផ្នែក​នយោបាយ​ពី​គ្រប់​ភាគី ឬ​ការ​គោរព​សិទ្ធិ​មនុស្ស​នឹង​មាន​លទ្ធផល​សេដ្ឋកិច្ច​រយៈពេល​វែង​ជាង។ ដូច្នេះ​ ខ្ញុំ​គិត​ថា យើង​មិន​គួរ​តែ​មើល​តែ​ផ្នែក​សេដ្ឋកិច្ច ហើយ​មិន​ខ្វល់​ពី​បញ្ហា​អភិបាលកិច្ច​នោះ​ទេ ដោយសារ​ខ្ញុំ​គិត​ថា ក្នុង​រយៈពេល​ខ្លី ទំនាក់ទំនង​នេះ​ប្រហែល​ជា​មិន​ជា​ច្បាស់​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ក្នុង​រយៈពេល​វែង​វា​មើល​ឃើញ​ច្បាស់​តែ​ម្តង។ នេះ​ជា​អ្វី​ដែល​យើង​ចង់​ឃើញ ហើយ​រដ្ឋាភិបាល​ក៏​ចង់​ឃើញ​ដែរ។ រដ្ឋាភិបាល​បាន​លើក​ចំណុច​នេះ​ឡើង​នៅ​ក្នុង​គោលដៅ​របស់​ខ្លួន។

យើង​សប្បាយ​ចិត្ត​ដែល​ឃើញ កម្ពុជា​មាន​សេដ្ឋកិច្ច​ជឿនលឿន ​ចង់​ឃើញ​សេដ្ឋកិច្ច​ដែល​មាន​ជំនាញ​ខ្ពស់​ជាង​នេះ និង​ចង់​ឃើញ​វិស័យ​ជាច្រើន ជាពិសេស​វិស័យ​សេវាកម្ម​ដែល​នឹង​ហូរ​ចូល​មក​កម្ពុជា។ រដ្ឋាភិបាល​ក៏​ត្រូវ​គិត​ពី​អ្វី​ជា​យន្តការ​អភិបាលកិច្ច​សមស្រប ដែល​ត្រូវ​ការ​ដើម្បី​ជួយ​បង្កើត​បរិយាកាស ដែល​មាន​ភាព​ច្នៃប្រឌិត និង​ជំរុញ​ដល់​ពលរដ្ឋ​ខ្មែរ​ទាំង​អស់​ឲ្យ​ចូលរួម​ និង​ទទួល​បាន​ជំនាញ និង​ឱកាស​ជា​ចាំបាច់។ ដូច្នេះ ផ្នែក​នយោបាយ​គឺ​មាន​ជាប់​ពាក់ព័ន្ធ​ដោយ​ផ្ទាល់​ទៅ​នឹង​ការ​ផ្លាស់ប្តូរ​សេដ្ឋកិច្ច​ក្នុង​រយៈពេល​វែង៕ ប្រភព៖ VOA