​ខេត្ត​ព្រះសីហនុ ​៖ (​ដំណឹង​បឋម​) លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បានឲ្យដឹងថា នៅ​ល្ងាច​ថ្ងៃទី​៦ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ កម្លាំង​ជំនាញ របស់​លោក​បាន​ស្រាវជ្រាវ​ឈាន​ដល់​ការចាប់ខ្លួន​ជន​សង្សយ័​ជា​ជនជាតិ​ចិន​ចំនួន ២​នាក់ ដែល​ជា​ជនដៃដល់​ធ្វើ​សកម្មភាព​ប្រើប្រាស់​អាវុធ​បាញ់​ជនជាតិ​ចិន​ដូចគ្នា បណ្តាលឲ្យ​រងរបួស​ចំ​នួន​៤​នាក់ នៅ​ក្រុងព្រះ សីហនុ កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨​កន្លងទៅ​។



លោក ជួន ណា​រិន្ទ បន្តថា យុទ្ធនាការ​នោះ កម្លាំង​នគរបាល បាន​ដក​បាន​កាំភ្លើង​ខ្លី​ចំនួន​២​ដើម​។ លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិន្ទ បន្តថា ជនសង្ស័យ​ទាំង​២​រូប​ខាងលើ នគរបាល​នឹង​បង្ហាញខ្លួន និង អត្តសញ្ញាណ​ជា​មួយ​វត្ថុតាង​នៅ​ថ្ងៃទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

គួររំលឹកថា កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០១៨ ជនសង្ស័យ​ទាំង ២​នាក់​ខាងលើ បាន​បាញ់ប្រហារ​ទៅលើ​ជនជាតិ​ចិន​៤​នាក់ ពេល​កំពុង​ផឹកស៊ី​នៅក្នុង​ហាង «​ស៊ី ហ៊ូ​»​ក្នុង​សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ បណ្តាលឲ្យ​របួស​៤​នាក់ គឺ​របួស​លើ​ដងខ្លួន និង​ជើង រួច​បាន​គេចខ្លួន​បាត់ ប៉ុន្តែ​ពេល​នេះ​ត្រូវ​សមត្ថកិច្ច​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ចាប់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ កាន់​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕