​ក្រចេះ ​៖ មនុស្ស​ជិត ២០​នាក់ ដែល​ភាគច្រើន​ជា​ស្ត្រី​មេផ្ទះ ត្រូវ​កម្លាំង អាវុធហត្ថ​ក្រុង​ក្រចេះ ហៅ​មក​អប់រំ ណែនាំ ពេល​កំពុងប្រមូលផ្តុំ​គ្នា លេង​ល្បែងស៊ីសង (​បៀ​) កាលពី​ល្ងាច ថ្ងៃទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៨ នៅ​ផ្ទះ​ឈើ មួយកន្លែង ក្នុង​សង្កាត់​ក្រគរ ក្រុង​ក្រចេះ​។​



​លោក ផាត សុ​ភក្រ័វាសនា មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ក្រចេះ បានឲ្យដឹងថា កម្លាំង​របស់លោក បាន​នាំ​ខ្លួន ស្ត្រី​វ័យ​ចំណាស់ ចំនួន ១៣​នាក់ សុទ្ធ​តែ​អ្នក​រស់នៅ ក្រុង​ក្រចេះ មក​អប់រំ​ណែនាំ ដោយ​ប្រមូល វត្ថុតាង ម៉ូតូ​ចំនួន ៣​គ្រឿង និង​សម្ភារៈ ល្បែងស៊ីសង​។​

កម្លាំង​អាវុធហត្ថ​ក្រុង​-​ខេត្ត​ក្រចេះ ក្រោម​ការសម្របសម្រួល​ដោយ​លោក ជា សុភ័​ក្រ ព្រះ​អាជ​អាជ្ញា​រង​សាលាដំបូង​ខេត្ត បាន​បើក​ប្រតិបត្តិការ​បង្ក្រាប​អ្នក​ញៀន​ល្បែង (​បៀ​) ដោយ​ឃាត់​មនុស្ស​ជិត​២០​នាក់​នេះ មក​អប់រំ​ណែនាំ ព្រមទាំង​ដកហូត​វត្ថុតាង​មួយ​ចំនួន​។​
​បច្ចុប្បន្ន​ស្ត្រី​វ័យ​ចំណាស់ ទាំង ១៣​នាក់​នោះ ត្រូវបាន​លោក កែវ សុជាតិ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​ក្រចេះ ឲ្យ​វិលត្រឡប់ ទៅ​ផ្ទះ​រៀងៗ​ខ្លួន​វិញ​ហើយ បន្ទាប់ពី​ធ្វើ​កិច្ចសន្យា ឈប់​លេងល្បែងស៊ីសង​។​

​ប្រជាពលរដ្ឋ​ក្រុង​ក្រចេះ បាន​លើកឡើង​ថា ល្បែងស៊ីសងនៅ​ក្រុង​ក្រចេះ មិនមែន​មាន​តែ​ល្បែង​បៀរ​នោះទេ នៅ​មាន​ល្បែងភ្នាល់​បាល់ និង​ល្បែង​ផ្សេងៗ​ជាច្រើន​ទៀត ហើយ​ពួកគាត់​សំណូម​ពរ​ឲ្យ​អាជ្ញាធរ និង​សមត្ថកិច្ច​គួ​តែ​មាន​វិធានការ​បង្ក្រាប​បន្តទៀត​៕ ​