តាម​ការទម្លាយ​ចេញ​របស់​កាសែត​Daily Mail, Park Chae-seo ដែលមាន​ឈ្មោះ​សម្ងាត់​ថា Black Venus, បាន​លាក់​ប្រដាប់​ថត​សំឡេង​ក្នុង​ផ្លូវ​មូត្រ នៅក្នុង​ជំនួប​កន្លះ​ម៉ោង​ជាមួយ​លោក​Kim Jong Il,​ពុក​របស់​មេដឹកនាំ​កូរ៉េខាងជើង​បច្ចុប្បន្ន ។​

​ចារបុរស Park Chae-se និង​អតីត​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Il

​ពិតជា​កម្រ​មាន​ចារបុរស​ណា​អាច​ចូល​កៀក​បាន​ជាមួយនឹង​មេដឹកនាំ​ប្រទេស​ជាស​ត្រូវ​។​ប៉ុន្ដែ Black Venus របស់​កូរ៉េខាងត្បូង​ធ្វើបាន​នូវ​រឿងនេះ​។ នៅមុន​ជំនួប​ជាមួយ​លោក Kim Jong Il ចារបុរស Park បាន​ប្រាប់​គេឯង​ថា​ក្រោកពីដំណេក​យឺត​រួច​ចូល​បន្ទប់ទឹក​ដើម្បី​ញាត់​មីក្រូ​ចូលក្នុង​ផ្លូវ​មូត្រ រូ​ច​ស្លៀកពាក់​ស្អាតបាត​ឆ្ពោះទៅ​កន្លែង​ត្រូវ​ជួប​លោក Kim Jong Il ។​

​នៅក្នុង​អំឡុង​ទសវត្ស​១៩៩០ Park Chae-se បាន​បន្លំ​ដើរតួ​ជា​អតីត​នាយទាហាន​កងទ័ព​កូរ៉េខាងជើង​ម្នាក់​ដែល​ធុញទ្រាន់​នឹង​ជីវភាព​យោធា ដូរ​របរ​មក​ធ្វើជា​ពាណិជ្ជករ​វិញ​។ ជាមួយនឹង​របរ​ថ្មី​នេះ គាត់​បាន​ស្វែងរក​វិធី​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឱ្យ​ក្រុមហ៊ុន​កូរ៉េខាងត្បូង​នៅ​កន្លែង​មាន​ទេសភាព​ស្អាត​នៅ​ប្រទេស​កូរ៉េខាងជើង​។​

​​លោក​Park Chae-se ពេលនេះ​អាយុ​៦៤​ឆ្នាំ​ហើយ បាន​ឆ្លើយ​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​ទូរទស្សន៍​បរទេសមួយ​ថា​៖ «​ចារកម្ម​គឺជា​កិច្ចការ​មួយ​ដ៏​តានតឹង​។​ខ្ញុំ​អាច​ត្រូវ​បែកការណ៍​ប្រសិន​ហ៊ាន​ជ្រុលមាត់​មួយ​ម៉ាត់​ប៉ុណ្ណោះ​។​លោក​ប្រាប់ថា ខុសពី​ចារកម្ម​កូរ៉េខាងជើង​ដែល​ជ្រៀតចូល​មកកាន់​កូរ៉េខាងត្បូង​ដើម្បី​ធ្វើ​សកម្មភាព តែង​ផ្ដល់​ថ្នាំ​សម្រាប់​ធ្វើអត្តឃាត​ពេល​បែកការណ៍ គាត់​ត្រូវ​ហ្វឹកហ្វឺន​ដើម្បី​ធ្វើអត្តឃាត​ដោយ​ចុច​ជីពចរ​មួយចំនួន​លើ​រាងកាយ​។

​ជំនួប​ជាមួយ​Kim Jong Il កើតឡើង​នៅ​ឆ្នាំ​១៩៩៧ Park ត្រូវបាន​គេ​នាំទៅ​កាន់​អគារ​ទទួលភ្ញៀវ​នៅ​Paekhwawon នា​ក្រុង​ព្យុងយ៉ាង​។​នៅទីនេះ​Park មាន​ជំនួប​ឯកជន​ជាមួយ​មេដឹកនាំ​Kim Jong Il រយៈពេល​៣០​នាទី ហើយ​ក្នុង​ប្រដាប់ភេទ​របស់គាត់​មាន​បង្កប់​ប្រដាប់​ថត​សំឡេង​។​

​លោក​រំលឹក​ឡើងវិញ​ថា Kim Jong Il ពុំមាន​ការខ្លាច​រអែង​យកដៃ​មក​ចាប់ដៃ​លោក​ទេ ។​លោក​ចាប់ផ្ដើម​ពោល​ដោយ​សំឡេង​ស្អកៗ ចំណែក​ខ្ញុំ​វិញ​មាន​អារម្មណ៍​ស្ងប់​ចិ​ត្ដ​ព្រោះ​ដឹងថា​កូរ៉េខាងជើង​មានការ​ជឿ​ជាក់​ទាំងស្រុង​។​គួររំលឹកថា Park បានធ្វើ​ចារកម្ម​យោធា​តាំងពី​ឆ្នាំ​១៩៩០ ក្រោយមក​ក៏​ប្ដូរ​ទៅកាន់​អង្គភាព​ចារកម្ម​នៅ​ឆ្នាំ​១៩៩៥ ហើយពី​ពេល​នោះមក​លោក​មានឈ្មោះ​សម្ងាត់ Black Venus ។​

​អ្វីៗ​ដែល​លោក​ទម្លាយ​ចេញ​ពេលនេះ​ត្រូវបាន​គេ​ថត​ជា​ខ្សែភាពយន្ដ​និង​សរសេរ​ជា​សៀវភៅ​។​វា​ត្រូវ​បានទទួល​ការ​សាទរ​យ៉ាងខ្លាំង​ពី​ទស្សនិកជន​៕