​ភ្នំពេញ​ ៖ ក្នុង​កិច្ច​គណៈរដ្ឋមន្ត្រី​លើកដំបូង​នេះ សម្តេច​តេជោ​បាន​ថ្លែងថា លើក​នេះ​ពុំ​មាន​ដូរ​រដ្ឋមន្ត្រី​ណាមួយ​នោះ​ទេ​។ សម្តេច​តេជោ បានបញ្ជាក់​ថា ការកែទម្រង់​សំខាន់​លើ​ប្រសិទ្ធភាព​ការងារ មិន​សំខាន់​លើ​ការដោះដូរ​មនុស្ស​នោះទេ​។ ការដឹកនាំ​សម្តេច​បាន​អនុវត្តន៍ តាមរបៀប រក្សា​ចាស់ បង្កើន​ថ្មី សម្តេច​មិន​ដែល​បោះបង់​ចោល​អ្នក​ចាស់​ឡើយ​។

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​៧ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​លើក​ដំបូង​ក្នុង​អាណត្តិ​ថ្មី​ទី​៦ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ​។​

​សមាសភាព​សមាជិក​រា​ជ​រដ្ឋាភិបាល​អាណត្តិ​ទី​៦​នេះ ត្រូវបាន​បង្ហាញ​ជា​ផ្លូវកា​រហើយ ក្រោយ​ពី​រដ្ឋសភា​បាន​បោះឆ្នោត​ផ្ដល់​សេចក្ដី ទុកចិត្ត​នៅ​ថ្ងៃទី​៦ កញ្ញា ម្សិលមិញ​នេះ​។ ក្នុង​អាណត្តិ​ទី​៦​នេះ សមាជិក​រាជរដ្ឋាភិបាល​មាន​ចំនួន​៤៦​រូប ក្នុងនោះ​មាន សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​១​រូប ឋានៈ​ជា​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១០​រូប ក្នុង​នោះ​ទើប​តែងតាំង​ថ្មី​ចំនួន​៣​រូប ឋានៈ​ជា​ទេស​រដ្ឋមន្ត្រី​ចំនួន​១៧​រូប ទើប​តែងតាំង​ថ្មី​ចំនួន​៤​រូប ឋានៈ​រដ្ឋមន្ត្រី​ចំនួន​១៨​រូប​។​

​សម្តេច​តេជោ​បាន​បន្ថែម​ថា បើ​គ្មាន​ការចូលរួម​ពី​សមាជិក​រាជរដ្ឋាភិបាល មិន​អាច​ជោគជ័យ​បាន​នោះ​ទេ​។ ប្រជាជន បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជា​ជន​កម្ពុជា ដោយសារ​ពួក​គាត់​ឃើញ​ប្រសិទ្ធភាព​ការងារ របស់​គណបក្ស​ប្រជាជន​កម្ពុជា​។ សម្ដេច​តេជោ នាយក រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា​មនុស្ស​ដែល​ចូល​មក​ធ្វើការ​ជាមួយ​សម្ដេច​ហើយ​តិច​ណាស់ ដែល​ចេញ​ទៅ​វិញ​មាន​តែ​ចូល​មក​បន្ថែម​។ សម្ដេច​តេជោ ទុក​ឲ្យ​រដ្ឋមន្ត្រី​នានា ដែល​ធ្វើ​ការងារ​ល្អ​ហើយ ត្រូវ​ខិតខំ​បន្ត​ទៀត ហើយ​ការងារ​ណា​មិនទាន់​ល្អ ត្រូវ​ខិតខំ​ធ្វើ​ឲ្យបាន​ល្អ​ឡើង​វិញ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា រាជរដ្ឋាភិបាល នឹង​ឧបត្ថម្ភ​ថវិកា​ដល់​មន្ត្រីរាជការ​ចាប់​ពី​មន្ត្រី​ភូមិ​មក និង​និវត្តន៍​ជន ក្នុង​ម្នាក់ៗ​ចំនួន ៥​ម៉ឺន​រៀល ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ខាងមុខនេះ​។ ជាមួយគ្នា​នោះ ត្រូវ​រៀបចំ​ការបើក​បៀវត្សរ៍​សម្រាប់​ខែ​៩​នេះ គឺ​បើ​កនៅ​សប្ដាហ៍​ទី​៤ ធម្មតា ប៉ុន្តែ​នៅ​ខែតុលា គឺ​យើង​នឹង​មាន​បុណ្យ​ភ្ជុំ បូក​ប្រាក់ឧបត្ថម្ភ​ដូច្នេះ​អាទិត្យ​ទី​១ ខែតុលា​ត្រូវ​បើក​តែម្ដង ហើយ​ចាប់ពី​ឆ្នាំ​២០១៩​ទៅ នឹង​អនុវត្ត​ការបើកប្រាក់​២​ដង​ក្នុង​១​ខែ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ក្នុងនាម​នៃ​ប្រមុខ​រាជរដ្ឋាភិបាល សម្រាប់​នីតិកាល​ទី​៦ នៃ​រដ្ឋសភា សម្តេច​តេជោ សូម​ធ្វើ​ការប្ដេជ្ញា​ជា​ឱ​ឡា​រឹក ចំពោះ​បងប្អូន​ជនរួមជាតិ នៅ​ទូទាំង​ប្រទេស​ថា សម្តេច​នឹង​ប្ដូរផ្ដាច់​ដឹកនាំ​ស្ថាប័ន នីតិ​ប្រតិបត្តិ​របស់​ជាតិ ធានា​អនុវត្ត​ឲ្យបាន​សម្រេច​ជោគជ័យ នូវ​កម្មវិធី​នយោបាយ របស់​រាជរដ្ឋាភិបាល ដែល​ជា​ការសន្យា​របស់ គណបក្ស​ប្រជាជន​កម្ពុជា ជូន​ដល់​ប្រជាពលរដ្ឋ នៅមុន​កាល​បោះឆ្នោត ហើយ​ទើប​បាន​ដាក់ជូន​រដ្ឋសភា នា​ពេល​ថ្មីៗ​នេះ​។​

​រាជរដ្ឋាភិបាល​អណត្តិ​ទី​៦ បន្ត​យកចិត្តទុកដាក់ នូវ​វិធានការ​ជាក់ស្ដែង ជា​អាទិភាព​ទាំង​៤ ដែល​ត្រូវ​អនុវត្ត​នៅ​ឆ្នាំ​២០១៩ ខាងមុខ រួមមាន ,​ទី​១- បន្ដ​បង្កើន​ប្រាក់​ឈ្នូលក​ម្មករ និង​រៀបចំ​បើក​ប្រាក់​ឈ្នូល​ក្នុង រយៈពេល ២​សប្ដាហ៍​ម្ដង ,​ទី​២-​បន្ដ​បង្កើន​ប្រាក់បៀវត្ស និង​ប្រាក់​សោធ​និវត្តន៍​ជូន​មន្ដ្រីរាជការ ក្នុង​រយៈពេល​២​សប្ដាហ៍​ម្ដង តាម​ប្រព័ន្ធ​ធនាគារ ,​ទី​៣-​បញ្ចុះ​តម្លៃ​អគិ្គ​ស​នី និង​ទី​៤- ដាក់ឲ្យ​អនុវត្ត​កម្មវិធី គោលនយោបាយ​គាំពារ​សង្គម​។ ក្នុងនោះ​រាជរដ្ឋាភិបាល​ក៏​នឹង​បន្ត​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ជា​បន្ត​ទៀត ដោយ​អាទិភាព​ទី​១ គឺ​វិស័យ​ធនធានមនុស្ស និង​វិស័យ​បន្ទាប់​ទៀត​មាន ផ្លូវ ទឹក និង​ភ្លើង ដែល​វិស័យ​ទាំង​៤​នេះ បាន​រួមចំណែក​យ៉ាង​សំខាន់ ក្នុង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យមាន​ការ​រីកចម្រើន​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងថា សម្តេច​ចាប់ផ្តើម​ធ្វើការ​ពី​មនុស្ស​តែ​៥​នាក់ កើន​ដល់​រាប់លាន​នាក់ ដោយសារ​តែ​នយោបាយ​រក្សា​ចាស់​បង្កើន​ថ្មី​។ ជោគជ័យ​សម្រាប់​អាណត្តិ​នេះ មិនមែន​ដោយសារ​តែ​សម្តេច​ម្នាក់​ឯង​នោះ តែ​គឺ​បានមក​ពី​ការរួបរួម​គ្នា របស់​សមាជិក របស់​គណបក្ស​ប្រជាជន​ទាំងមូល​។ សម្តេច​តេជោ បាន​ថ្លែងថា មិន​ត្រូវការ​ឈ្នះ​សមរភូមិ​តែ​មួយ​សមរភូមិ​នោះទេ តែ​ត្រូវ​តែ​ឈ្នះ​គ្រប់​សង្គ្រាម តាមរយៈ​នយោបាយ​រក្សា​កម្លាំង​ចាស់ បង្កើន​កម្លាំង​ថ្មី​។ នយោបាយ​រក្សា​កម្លាំង​ចាស់ បង្កើន​កម្លាំង​ថ្មី​នេះហើយ ទើប​ធ្វើឲ្យ​មនុស្ស​ដែល​ចូល​មក​នៅ ជាមួយ​សម្តេច​ហើយ គឺ​មិន​ងាយ​ចេញ​ទៅ​វិញ​នោះទេ​។ ការជោគជ័យ​មិន​សំខាន់ លើ​ការដោះដូរ​នោះទេ តែ​សំខាន់​ដួល​កន្លែង​ណា ត្រូវ​ក្រោក​វិញ​នៅ​កន្លែង​នោះ​។ ក្នុង​នោះ​សូម្បី​កូនចៅ​របស់​សម្តេច ក៏​សម្តេច​ទម្លាប់​ធ្វើ​បែប​នេះ​ដែរ ពេល​ពួកគេ​ដួល សម្តេច​មិន​ដែល​ទៅ​លើ​ក​ឡើយ គឺ​ឲ្យគេ​ងើប​ឡើង​ដោយ​ខ្លួនឯង​។ ការរក្សា​រដ្ឋមន្ត្រី​ចាស់ ហើយ​ដាក់​ក្មេង​ចូលមក​ធ្វើការ​ជាមួយ គឺជា​រឿង​ចាំបាច់​ណាស់​។ មនុស្ស​ដែល​មក​រស់នៅ​ជាមួយ​សម្តេច​ហើយ គឺ​មិន​ងាយ​ទៅណា​ទេ តែ​បើ​នៅ​ជាមួយ​សម្តេច​មិន​កើត​ហើយ ទៅ​ណា​ក៏​មិន​កើត​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា ទោះជា​សមត្ថភាព​មាន​ព្រំដែន​កំណត់​រៀងៗ​ខ្លួន ប៉ុន្តែ​ចិត្ត​ស្មោះ និង​ការខិតខំ​បម្រើ ប្រជាពលរដ្ឋ​គ្មាន​ព្រំដែន កំណត់​ទេ គ្មាន​ឧបសគ្គ​ណា ដែល​យើង​មិន​អាច​ពុះពារ បានឡើយ ប្រជាពលរដ្ឋ​កំពុង​រង់ចាំ ការ​តបស្នង​របស់​រា​ជ​រដ្ឋា ភិបាល ទៅ​នឹង​ការបោះឆ្នោត គាំទ្រ​របស់​ពួកគាត់​។ យើង​មិន​ត្រូវ​ធ្វើឱ្យ​ប្រជាជន ខកចិត្ត​ដោយសារ​ទង្វើ​អសកម្ម ដោយសារ​ទង្វើ​ខុសឆ្គង របស់​យើង​នោះទេ បើ​មិន​ធ្វើ​អ្វី​ទេ សូម​កុំ​ធ្វើ​ឱ្យ​ប្រជាជន ឈឺចាប់​ដោយសារ​ទង្វើ​ខុសឆ្គង របស់​មន្ត្រី​យើង​៕