តៃប៉ិ —រដ្ឋាភិបាល​ចិន​យល់​ថា ប្រទេស​វៀតណាម​គឺ​ជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏​តឹងតែង​មួយ នៅ​ពេល​ដែល​ក្រុមហ៊ុន​ចិន​បាន​ព្យាយាម​ធ្វើ​ពាណិជ្ជកម្ម​នៅ​តាម​បណ្ដោយ​ព្រំដែន​ភាគ​ខាង​ត្បូង​នៃ​ប្រទេស​នេះ។

សភា​វៀតណាម ដែល​រង​ការ​ជំទាស់​ពី​សាធារណជន បាន​ពន្យារពេល​ការ​បោះ​ឆ្នោត​លើ​សេចក្ដី ព្រាង​ច្បាប់​មួយ​រហូត​ដល់​ខែ​ឧសភា ឆ្នាំ ២០១៩។ ប្រសិនបើ​អនុម័ត ច្បាប់​នេះ​នឹង​អនុញ្ញាត​ឲ្យ​វិនិយោគិន​ចិន និង​វិនិយោគិន​បរទេស​ផ្សេង​ទៀត​អាច​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​របស់​វៀតណាម​បាន។

រដ្ឋាភិបាល​វៀតណាម​ក៏​បាន​ព្រមាន​ប្រឆាំង​ផង​ដែរ​ទៅ​នឹង​ការ​លុប​ចោល​កម្ចី​ដែល​មាន​អាទិភាព​ពី​ប្រទេស​ចិន​សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ។ ជាង​នេះ​ទៀត រដ្ឋាភិបាល​វៀតណាម​ក៏​រំឭក​ផង​ដែរ​ឲ្យ​មាន​ការ​ប្រយ័ត្នប្រយែង​ចំពោះ​ជំនួយ​អភិវឌ្ឍ​របស់​ចិន។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ រដ្ឋាភិបាល​វៀតណាម​នៅតែ​អនុញ្ញាត​ឲ្យ​មាន​ការ​បង្កើត​អាជីវកម្ម​ឯកជន​របស់​ចិន​បន្ថែម​ទៀត​នៅ​ក្នុង​ប្រទេស ដោយសារតែ​វៀតណាម​ទទួល​បាន​ផល​ប្រយោជន៍​ពី​អាជីវកម្ម​ទាំង​នោះ។

សញ្ញា​មួយ​នៃ​ទំនោរ​នេះ​គឺ​ថា ក្រុមហ៊ុន​ចិន​កំពុង​បង្កើត​រោងចក្រ​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម​ដើម្បី​គេច​ពី​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Maxfield Brown សមាជិក​ជាន់​ខ្ពស់​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Dezan Shira & Associates នៅ​ក្នុង​ទីក្រុង​ហូជីមិញ ប្រទេស​វៀតណាម។

នៅ​ក្នុង​ករណី​មួយ​ផ្សេង​ទៀត ចាប់ពី​ខែ​តុលា​ខាង​មុខ​នេះ​ត​ទៅ ក្រុមហ៊ុន​នានា​នៅ​តាម​ព្រំដែន​អាច​ចុះ​កិច្ច​ព្រមព្រៀង​ជា​ទឹក​ប្រាក់​យ័ន​របស់​ចិន​តាម​ការ​ទាមទារ​របស់​ប្រជាពលរដ្ឋ​បាន ស្រប​ពេល​ដែល​ការ​ធ្វើ​អាជីវកម្ម​មាន​ការ​កើន​ឡើង។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​កាសែត Viet Nam News កាល​ពី​ខែ​សីហា។

លោក Adam McCarty សេដ្ឋវិទូ​ចម្បង​នៃ​ក្រុមហ៊ុន​ប្រឹក្សា​អាជីវកម្ម Mekong Economics នៅ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម បាន​និយាយ​ថា៖ «គំនិត​របស់​ខ្ញុំ​គឺ​ថា ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​នឹង​កាន់តែ​រឹងមាំ​ឡើង​នៅ​ក្នុង​រយៈពេល ៥ ឆ្នាំ​ខាង​មុខ ដែល​មួយ​ផ្នែក​គឺ​ដោយសារតែ​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ចំពោះ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នៅ​ក្នុង​ការ​ផ្ដល់​អាទិភាព​លើ​សហរដ្ឋ​អាមេរិក​ជា​មុន ប៉ុន្តែ​ចំណុច​សំខាន់​គឺ​ផល​ប្រយោជន៍​ផ្នែក​សេដ្ឋកិច្ច​ដ៏​ច្រើន​ដែល​ប្រទេស​ទាំង​ពីរ​ទទួល​បាន​ពី​ទំនាក់ទំនង​នេះ»។

ដៃគូ​ពាណិជ្ជកម្ម​ដ៏​តឹងតែង

កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ណា​ដែល​ជួយ​វៀតណាម​បាន​លឿន ដោយ​មិន​ខ្លាច​ចិន​ត្រួតត្រា​លើ​សេដ្ឋកិច្ច​របស់​ខ្លួន នឹង​ដំណើរការ​ទៅ​មុខ។ រី​ឯ​កិច្ច​ព្រមព្រៀង​ផ្សេង​ទៀត​នឹង​ប្រឈម​នឹង​ការ​ជំទាស់។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា។

អ្នក​វិភាគ​បាន​បញ្ជាក់​ថា ករណី​នេះ​អាច​បង្អាក់​ទឹក​ចិត្ត​ប្រទេស​ចិន ដែល​ជា​ប្រទេស​មួយ​ធ្លាប់​ធ្វើ​ឲ្យ​ជម្លោះ​នយោបាយ​មាន​ភាព​ធូរស្រាល​ឡើង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា​តាម​រយៈ​ការ​ផ្ដល់​ផល​ប្រយោជន៍​ផ្សេងៗ​ដល់​ប្រទេស​ទាំង​នោះ ដែល​ផល​ប្រយោជន៍​ទាំង​នេះ​គឺ​បាន​មក​ពី​សេដ្ឋកិច្ច​របស់​ខ្លួន​ដែល​មាន​ទំហំ​ជាង ១២ លាន​លាន​ដុល្លារ​អាមេរិក។

ប្រទេស​ណា​ដែល​មិន​សប្បាយ​ចិត្ត​ជាមួយ​នឹង​ប្រទេស​ចិន ពេល​ខ្លះ​បាន​ងាក​ទៅ​ធ្វើ​អាជីវកម្ម​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក ដែល​ជា​គូ​ប្រជែង​ភូមិសាស្ត្រ​នយោបាយ​ដ៏​ចម្បង​របស់​ចិន។

លោក Fabrizio Bozzato អ្នក​ស្រាវជ្រាវ​ជំនាញ​ខាង​តំបន់​អាស៊ី​ខាង​កើត​នៃ​អង្គការ Taiwan Strategy Research Association បាន​និយាយ​ថា៖ «មូលហេតុ​ដែល​ថា​ការ​កើន​ឡើង​នូវ​ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ​ថា វា​កំពុង​តែ​កើត​ឡើង ទោះបីជា​ប្រជាពលរដ្ឋ​វៀតណាម​មិន​ពេញចិត្ត​ចំពោះ​ឥទ្ធិពល និង​ការ​បញ្ជ្រាប​ចូល​នៃ​សេដ្ឋកិច្ច​របស់​ចិន​ទៅ​ក្នុង​ប្រទេស​វៀតណាម​ក៏​ដោយ»។

លោក​បាន​បញ្ជាក់​ថា៖ «គោល​នយោបាយ​របស់​ចិន​នៅ​ក្នុង​ការ​បញ្ជ្រាប​សេដ្ឋកិច្ច​ចូល​ក្នុង​ប្រទេស​វៀតណាម​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​ទស្សនវិស័យ​របស់​ប្រធានាធិបតី​ចិន​លោក Xi Jinping ចំពោះ​ទំនាក់ទំនង​ប្រសើរ​ជាង​មុន​ថ្មី​មួយ​ជាមួយ​នឹង​ប្រទេស​វៀតណាម»។

ចាប់​តាំង​ពី​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចាញ់​ក្ដី​នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​ហ្វីលីពីន​ដែល​ប្ដឹង​ទៅ​កាន់​តុលាការ​អាជ្ញា​កណ្ដាល​អន្តរជាតិ​កាល​ពី​ឆ្នាំ ២០១៦ ទាក់ទិន​នឹង​មូលដ្ឋាន​ផ្លូវ​ច្បាប់​សម្រាប់​ការ​ទាមទារ​កាន់កាប់​សមុទ្រ​ចិន​ខាង​ត្បូង​មក ចិន​បាន​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​នឹង​ប្រទេស​វៀតណាម ដែល​ជា​ប្រទេស​ចេញ​មុខ​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​ការ​ទាមទារ​កាន់កាប់​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​នេះ។

ប្រជាពលរដ្ឋ​វៀតណាម​ជា​ច្រើន​ក៏​មាន​ការ​ខក​ចិត្ត​ជាមួយ​នឹង​ប្រទេស​ចិន​ផង​ដែរ ដោយសារតែ​ជម្លោះ​ព្រំដែន​កាល​ពី​អតីតកាល ដែល​បាន​ឈាន​ដល់​ការ​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ទសវត្សរ៍ ១៩៧០។

កាល​ពី​ឆ្នាំ ២០១៤ ប្រជាពលរដ្ឋ​វៀតណាម​បាន​ធ្វើ​កុបកម្ម​ប្រឆាំង​នឹង​ក្រុមហ៊ុន​ចិន បន្ទាប់ពី​មាន​ហេតុការណ៍​បុក​ទូក​មួយ​បាន​កើត​ឡើង​នៅ​ឯ​សមុទ្រ។

កាល​ពី​ខែ​មិថុនា​ឆ្នាំ​នេះ ការ​តវ៉ា​ប្រឆាំង​នឹង​សំណើ​ច្បាប់​តំបន់​សេដ្ឋកិច្ច​ពិសេស​នៅ​វៀតណាម​បាន​ធ្វើ​ឲ្យ​សមាជិក​សភា​ពន្យារ​ពេល​ពិភាក្សា​អនុម័ត​ច្បាប់​នេះ។

លោក McCarty នៃ​ក្រុមហ៊ុន Mekong Economics និយាយ​ថា ប្រជាពលរដ្ឋ​វៀតណាម​ចង់​បាន «ការ​ធ្វើ​ពាណិជ្ជកម្ម» ប៉ុន្តែ​មិន​ចង់​ឲ្យ​ប្រទេស​វៀតណាម​ក្លាយជា «រដ្ឋ​ចំណុះ​របស់​ចិន» នោះ​ទេ។

កិច្ច​សហប្រតិបត្តិការ និង​ការ​ប្រឹងប្រែង

តាំង​ពី​ឆ្នាំ ២០០៣ មក ប្រទេស​វៀតណាម​បាន​កសាង​ទំនាក់ទំនង​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​នានា លើ​គោល​នយោបាយ​នៃ «កិច្ច​សហប្រតិបត្តិការ និង​ការ​ប្រឹងប្រែង»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Carl Thayer សាស្ត្រាចារ្យ​ចូល​និវត្តន៍​ជំនាញ​ខាង​តំបន់​អាស៊ី​អាគ្នេយ៍​នៃ​សាកលវិទ្យាល័យ New South Wales ប្រទេស​អូស្ត្រាលី។

លោក​បាន​និយាយ​ថា៖ «ករណី​នេះ​អាច​មាន​ន័យ​ថា​ជា​កិច្ច​សហប្រតិបត្តិការ នៅ​ពេល​ដែល​វា​ស្រប​ទៅ​តាម​ផល​ប្រយោជន៍​សេដ្ឋកិច្ច និង​ការ​ប្រឹងប្រែង​របស់​ប្រទេស​វៀតណាម។ ប៉ុន្តែ​វា​អាច​មាន​ន័យ​ថា​ជា​ការ​ប្រឆាំង​នឹង​ប្រទេស​មួយ នៅ​ពេល​ដែល​វា​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​ជាតិ​របស់​វៀតណាម»។

ប្រទេស​វៀតណាម​នៅ​ពេល​បច្ចុប្បន្ន​នេះ​មាន​ការ «ប្រយ័ត្នប្រយែង» អំពី​ការ​សុំ​កម្ចី​ពី​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Le Hong Hiep អ្នក​ស្រាវជ្រាវ​នៃ​វិទ្យាស្ថាន ISEAS Yusof Ishak ក្នុង​ប្រទេស​សិង្ហបុរី នៅ​ក្នុង​អត្ថបទ​ស្រាវជ្រាវ​របស់​លោក​ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ខែ​មិនា​កន្លង​ទៅ​នេះ។

គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​របស់​ចិន​គឺ​ជា​យុទ្ធនាការ​ដែល​មាន​ទឹក​ប្រាក់ ១ លាន​លាន​ដុល្លារ​អាមេរិក ដើម្បី​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ និង​ផ្លូវ​ពាណិជ្ជកម្ម​នៅ​ជុំ​វិញ​ទ្វីប​អឺរ៉ុប និង​អាស៊ី។ បណ្ដា​ប្រទេស​មួយ​ចំនួន​ដូចជា​កាហ្សាក់ស្ថាន ម៉ាឡេស៊ី និង​ស្រីលង្កា​ជា​ដើម បាន​អនុញ្ញាត​ឲ្យ​ប្រទេស​ចិន​ប្រឡូក​ក្នុង​កិច្ចការ​អភិវឌ្ឍ​ក្នុង​ប្រទេស​របស់​ពួកគេ។

លោក Le Hong Hiep បាន​និយាយ​ថា ប្រទេស​វៀតណាម​ប្រហែល​ជា​សាកល្បង​គម្រោង​របស់​ប្រទេស​ចិន​នេះ ដោយ​អនុវត្ត «គម្រោង​សាកល្បង​មួយ​ចំនួន​តូច»។ លោក​បាន​បន្ថែម​ថា ប្រទេស​ចិន​ខ្វល់​អំពី​វិធី​ដែល​វៀតណាម​ឆ្លើយតប​មក​វិញ ដោយ​លោក​និយាយ​យ៉ាង​ដូច្នេះ​ថា៖ «ដោយសារតែ​គម្រោង​ក្រវាត់​ផ្លូវ​ពាណិជ្ជកម្ម​នេះ​គឺ​ជា​កេរ្តិ៍​ឈ្មោះ​របស់​ចិន​ក្នុង​នាម​ជា​មហា​អំណាច​ដែល​កំពុង​លេច​មុខ​ឡើង​បែប​សប្បុរស​មួយ ការ​គាំទ្រ​របស់​វៀតណាម​ចំពោះ​គម្រោង​នេះ​គឺ​នៅតែ​ជា​រឿង​សំខាន់​សម្រាប់​ចិន​ដដែល»។

ការ​ធ្វើ​ពាណិជ្ជកម្ម​ឯកជន និង​ការ​វិនិយោគ

អាជីវកម្ម​ឯកជន​មក​ពី​ប្រទេស​ចិន​កំពុងតែ​កើន​ឡើង​នៅ​ក្នុង​ប្រទេស​វៀតណាម ហើយ​រដ្ឋាភិបាល​វៀតណាម​បាន​យល់ព្រម​សហការ​ជាមួយ​នឹង​ក្រុមហ៊ុន​ទាំង​នោះ ដូច្នេះ​ក្រុមហ៊ុន​វៀតណាម​អាច​កាន់តែ​មាន​លក្ខណៈ «ប្រកួតប្រជែង» ជាង​មុខ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Maxfield Brown នៃ​ក្រុមហ៊ុន Dezan Shira & Associates។ ក្រុមហ៊ុន​របស់​ចិន​ជា​រឿយៗ មាន​ទំហំ​វិនិយោគ​ធំ​ជាង និង​មាន​ទំនាក់ទំនង​នៅ​ក្រៅ​ប្រទេស​ប្រសើរ​ជាង​ក្រុមហ៊ុន​វៀតណាម។

ការ​វិនិយោគ​របស់​ចិន​នៅ​ក្នុង​ប្រទេស​វៀតណាម​បាន​កើន​ដល់​ចំនួន ៧,៧ ភាគរយ នៃ​ការ​វិនិយោគ​សរុប​ដែល​វៀតណាម​ទទួល​បាន​ពី​ប្រទេស​ដទៃ​ទៀត​នៅ​ក្នុង​ឆ្នាំ ២០១៦។ ការ​កើន​ឡើង​នៃ​ការ​វិនិយោគ​របស់​ចិន​នោះ​មាន​ចំនួន ១ ពាន់ ៨៨០ លាន​ដុល្លារ​អាមេរិក បន្ទាប់ពី​មាន​ការ​កើន​ឡើង​ថេរ​តាំង​ពី​ឆ្នាំ ២០១២ មក។

ប្រទេស​ជប៉ុន កូរ៉េ​ខាង​ត្បូង សិង្ហបុរី និង​កោះ​តៃវ៉ាន់ ស្ថិត​ក្នុង​ចំណោម​ប្រទេស​វិនិយោគ​សំខាន់ៗ​របស់​ប្រទេស​វៀតណាម។ ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​វៀតណាម​ជាមួយ​នឹង​ចិន​មាន​ចំនួន ៩៣ ពាន់ ៨ រយ​លាន​ដុល្លារ​អាមេរិក​កាល​ពី​ឆ្នាំ​មុន និង​បាន​កើន​ឡើង​ចំនួន ២៨,៨ ភាគរយ​នៅ​ក្នុង​រយៈពេល ៦ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ នេះ។

ក្រុមហ៊ុន​ចិន​កំពុង​បង្កើត​រោងចក្រ​នៅ​ក្នុង​ប្រទេស​វៀតណាម​ជា​ពិសេស​នៅ​ពេល​បច្ចុប្បន្ន​នេះ ដើម្បី​ជៀសវាង​ការ​បង់​ពន្ធ​គយ​ខ្ពស់​លើ​ការ​នាំ​ចេញ​របស់​ខ្លួន​ទៅ​កាន់​សហរដ្ឋ​អាមេរិក ដែល​ជា​ការ​តម្រូវ​របស់​រដ្ឋាភិបាល​អាមេរិក​សម្រាប់​ទំនិញ​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​នានា​នៅ​ក្នុង​ប្រទេស​វៀតណាម។

ការ​វិនិយោគ​ទាំង​នេះ​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រទេស​វៀតណាម ស្រប​ពេល​ដែល​ប្រទេស​វៀតណាម​ស្វែង​រក​ការ​វិនិយោគ​លើ​រោងចក្រ​ដើម្បី​ធ្វើ​ឲ្យ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​ក្នុង​ចំនួន ៦,៨ ភាគរយ​កាល​ពី​ឆ្នាំ​មុន មាន​កម្រិត​ថេរ។

លោក Maxfield Brown បាន​និយាយ​ថា៖ «សម្រាប់​ស្ថានការណ៍​ជាក់លាក់​នេះ វា​ហាក់​ដូចជា​មាន​ការ​ផ្លាស់ប្ដូរ ដោយសារតែ​ប្រទេស​ចិន​ដែល​កាល​ពី​មុខ​ជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​មួយ និង​ដោះស្រាយ​ជាមួយ​នឹង​វៀតណាម​តាម​វិធី​ដែល​ខ្លួន​រំពឹង​ថា វៀតណាម​ចង់​ធ្វើ​ការ​ជាមួយ​នឹង​ខ្លួន​នោះ ឥឡូវ​នេះ​កំពុង​ស្ថិត​ក្នុង​ជំហរ​ទន់​ខ្សោយ​មួយ»៕ ប្រភព៖ VOA