នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​នាយករដ្ឋមន្រ្តី​ស្ហ៊ីនហ្សូ អាបេ​បាន​សន្យា​នា​ថ្ងៃ​ចន្ទ ទី១០ កញ្ញា​ថា លោក​នឹង​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ជប៉ុន បើ​លោក​ជាប់​ឆ្នោត​អាណត្តិ​ថ្មី។ លោក​អាបេ​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី​នៃ​គណបក្ស​សេរី ប្រជាធិបតេយ្យ​ដែល​គ្រោង​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី២០ កញ្ញា​ខាង​មុខ។ នៅ​ក្នុង​ការ​បោះឆ្នោត​លើក​នេះ លោក​អាបេ​សង្ឃឹម​នឹង​ទទួល​បាន​អាណត្តិ​ថ្មី​ជា​ប្រធាន​គណបក្ស​សេរី ប្រជាធិបតេយ្យ​ដែល​លោក​បាន​កាន់កាប់​តាំង​ពី ៦ឆ្នាំ​មក​ហើយ។

នៅ​លើ​សៃវៀន​នៃ​ការ​ប្រកួត​ដណ្តើម​តំណែង​ប្រធាន​គណបក្ស​សេរី ប្រជាធិបតេយ្យ​ពេល​នេះ មាន​កីឡាករ​តែ ២នាក់​គត់ គឺ​លោក​ស្ហ៊ីនហ្សូ អាបេ​មាន​អាយុ ៦៣ឆ្នាំ និង​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិ​លោក ស្ហ៊ីហ្កឺរូ អ៊ីស្ហ៊ីបា​មាន​អាយុ ៦១ឆ្នាំ។ ក៏​ប៉ុន្តែ បេក្ខជន​ដែល​នៅ​ពេញនិយម និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​គឺ​គ្មាន​នរណា​ក្រៅ​ពី​លោក​អាបេ ទោះ​បី​ជា​លោក​បាន​កាន់​តំណែង​មួយ​នេះ​តែ​ម្នាក់​ឯង​តាំង​ពី ៦ឆ្នាំ​ក៏​ដោយ។ ជោគជ័យ​ជា​យថាហេតុ​របស់​លោក​អាបេ​នៅ​ក្នុង​ការ​បោះឆ្នោត​នា​ថ្ងៃទី២០ កញ្ញា​ខាង​មុខ​នឹង​អនុញ្ញាត​ឲ្យ​លោក​កាន់​តំណែង​ចំនួន ៣ឆ្នាំ​បន្ថែម​ទៀត​ជា​ប្រធានបក្ស និង​ជា​ប្រមុខ​រដ្ឋាភិបាល។ ក្នុង​ករណី​នេះ លោក​អាបេ​នឹង​ក្លាយ​ជា​នាយករដ្ឋមន្រ្តី​ដែល​បាន​កាន់​តំណែង​យូរ​ជាង​គេ​នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ជប៉ុន។

នៅ​ក្នុង​សុន្ទរកថា លោក​អាបេ​ដែល​ជា​អ្នកអភិរក្សនិយម​មិន​ភ្លេច​លើក​ឡើង​ពី​ប្រសិទ្ធិភាព​បាន​មក​យុទ្ធសាស្រ្ត​នៃ​កំណែទម្រង់​សេដ្ឋកិច្ច​តាម​រយៈ​រូបមន្ត « abenomics »របស់​លោក​ដែល​បាន​អនុញ្ញាត​បញ្ចុះ​អត្រា​អ្នក​អត់​ការងារធ្វើ បង្កើន​ចំនួន​អ្នក​ទេសចរណ៍ និង​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ឡើង​វិញ។ បន្ទាប់​មក លោក​អាបេ​ក៏​បាន​បញ្ជាក់​ពី​បំណង​ចង់​ធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញសន្តិភាពនិយម​របស់​ជប៉ុន​ដោយ​គ្រោង​ដាក់​ទៅ​សភា​នូវ​សេចក្តីព្រាងច្បាប់​មួយ​ពី​ពេល​នេះ​ដល់​ដំណាច់​ឆ្នាំ ២០១៨។ លោក​អាបេ​យល់​ថា វា​ល្មម​ដល់​ពេល​ដែល​ជប៉ុន​ត្រូវ​គិតគូរ​ឡើង​វិញ​ពី​រដ្ឋធម្មនុញ្ញ​ដែល​សល់​តាំង​ពី​ក្រោយ​សង្រ្គាមលោក​លើកទី២។

គួរ​រម្លឹក​ថា រដ្ឋធម្មនុញ្ញ​សព្វថ្ងៃ​ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​ឆ្នាំ ១៩៤៧ ពោល​បន្ទាប់​ពី​ជប៉ុន​បាន​ចាញ់​សង្រ្គាមលោកលើក​ទី២។ លោក​អាបេ​ចង់​ធ្វើ​វិសោធនកម្ម​លើ​មាត្រាទី៩ ដែល​ចែង​ពី​ការ​លះបង់​មហិច្ឆតាយោធានិយម​របស់​ជប៉ុន។ តែ​តាំង​ពី​ជប៉ុន​បាន​ក្លាយ​ជា​សម្ព័ន្ធមិត្ត​របស់​អាមេរិក​ក្នុង​សម័យ​សង្រ្គាមត្រជាក់​មក ទីក្រុង​តូក្យូ​បាន​បង្កើត​កម្លាំងទ័ព​ដែល​ហៅ​ថា « កម្លាំង​ស្វ័យការពារ »។ ជា​គោលការណ៍ កម្លាំង​មួយ​នេះ​ត្រូវ​ចូល​អន្តរាគមន៍​តែ​ក្នុង​ករណី​ណា​ដែល​ប្រទេស​រង​ការ​វាយប្រហារ។ លោក​អាបេ​បាន​ពន្យល់​បន្ថែម​ថា នៅ​ក្នុង​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ លោក​ចង់​ផ្តល់​លក្ខន្តិកៈ​ឲ្យ​បាន​ច្បាស់លាស់​លើ « កម្លាំង​ស្វ័យការពារ » ដោយ​រក្សា​ទុក​នូវ​គោលការណ៍គ្រឹះ​សន្តិភាពនិយម​ដែល​ប្រជារាស្រ្ត​ជប៉ុន​ចង់​បាន៕ ប្រភព៖ RFI