​ភ្នំពេញ​ ៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​និស្សិត​ខ្មែរ ដែល​សិក្សា​នៅ​ក្រុង​ណាន​នី​ង ខេត្ត​ក្វា​ស៊ីង ប្រទេស​ចិន​ថា ការដាក់​ឲ្យ​លោក កឹម សុខា ស្ថិតនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​ថ្ងៃនេះ​គឺ​ដោយសារ​បញ្ហា​សុខភាព​។​



​សម្តេច​តេជោ ហ៊ុន សែន បាន​អះអាង​បែបនេះ ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​នឹង​និស្សិត​ខ្មែរ​ជាង​២០០​នាក់ ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ទៅ​ចូលរួម​ការតាំង ពិព័រណ៍​នៅ​ក្នុង​ទីក្រុង​នេះ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ក្នុងឱកាស​សំណេះសំណាល​នោះ សម្តេច​បាន​លើកឡើង ទាក់ទិន​ទៅ​នឹង​ការដាក់​ពិរុទ្ធជន កឹម សុខា ឲ្យនៅ​ក្រៅ​ឃុំ​ដែល​ធ្វើឡើង​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃទី​១០ កញ្ញា ដោយសារ​ហេតុផល​សុខភាព​របស់ លោក កឹម សុខា​។ ជាមួយនឹង​ការ​ថ្លែង​បែប​នោះដែរ សម្តេចនាយក​រដ្ឋមន្ត្រី​មានប្រសាសន៍​សង្កត់ធ្ងន់​ថា ការ​នៅ​ក្រៅ​ឃុំ​របស់​ពិរុទ្ធជន កឹម សុខា គឺ​ស្ថិត​នៅក្រោម​ការតាមដាន​យ៉ាង​យកចិត្តទុកដាក់​ពី​សំណាក់​តុលាការ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​បង្ហើប​ពី​លិខិត​របស់​ពិរុទ្ធជន កឹម សុខា ក្នុងការ​សុំ​ការជួយ​អន្តរាគមន៍​ពី​ស្ថាប័ន​ក្រសួង​មហាផ្ទៃ ក្នុង​ជួយ​ការពា​រសុខ​សុវត្ថិភាព​ចំពោះ​រូបលោក កឹម សុខា បើ​ទោះបី​ស្ថិត​ក្នុង​មន្ទីរឃុំឃាំង ឬ​ចេញ​នៅ​ក្រៅ​ឃុំ ក៏ដោយ​។​

​បើ​តាម​លិខិត​របស់​លោក​កឹម សុខា ដែល​សរសេរ​ផ្ទាល់ដៃ បានស្នើ​ដល់​អគ្គស្នងការ​នគរ​បាល​ជាតិ ជួយ​ការពារ​សុវត្ថិភាព​របស់​លោក​ផង ។ ក្នុង​សារលិខិត មាន​ខ្លឹមសា​ថា “​យោង​តាម​ការសម្រេចឲ្យនៅ​ក្រៅឃុំខ្លួន បណ្តោះអាសន្ន និង​ដាក់ឲ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមផ្លូ​វ​តុលាការ របស់​ចៅក្រម​ស៊ើបសួរ ខ្ញុំបាទ កឹម សុខា សូម​ស្នើ​សុំ​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​មេត្តា ជួយ​ការពារ​សុវត្ថិភាព​របស់​ខ្ញុំ ដោយ​ក្តី​អនុគ្រោះ​”​។​

​គួរបញ្ជាក់​ថា លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ត្រូវបាន​តុលាការ​សម្រេច​ដោះ​លែងឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​វេលា​ទៀបភ្លឺ​ឈាន​ចូល​ថ្ងៃទី​១០ ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ដោយសារ​តែ​បញ្ហា​សុខភាព​របស់​លោក បន្ទាប់​ពី​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង (​ម​៣) រយៈពេល​ជាង​១​ឆ្នាំ​។​

​ទាំង​មេធាវី​លោក កឹម សុខា ទាំង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏​សុទ្ធតែ​បាន​អះអាង​ថា ទោះពីជា​មាន​ការដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​ក៏ដោយ ក៏​សំណុំរឿង​ក្បត់ជាតិ​របស់លោក កឹម សុខា នៅតែ​បន្ត​អនុវត្ត​ទៅតាម​នីតិវិធី​។ ជាមួយគ្នានេះ លោក កឹម សុខា ក៏​ត្រូវបាន​ដាក់​ឱ្យ​ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ ដោយ​ភ្ជាប់​នូវ​លក្ខខណ្ឌ​មួយចំនួន​ផងដែរ​៕