​ប្រទេស​ចិន​ ៖ នៅ​រសៀល​ថ្ងៃ​ទី​១០​ខែ​កញ្ញា សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​និស្សិត​កម្ពុជា​ចំនួន​២២៩​នាក់ ដែល​កំពុង​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់ និង​ថ្នាក់​បរិញ្ញាបត្រ នៅ​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​និស្សិត​ទាំងអស់ ដែល​កំពុង​ខិតខំ​យកចិត្តទុកដាក់​សិក្សា​នៅ​ប្រទេស​ចិន ហើយ​បាន​ឆ្លៀត​យក​ពេលវេលា​ដ៏​មាន​តម្លៃ​ទៅ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​២៩ ខែ កក្កដា ឆ្នាំ​២០១៨ កន្លងមកនេះ​។ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​និស្សិត​ឲ្យខិត​ខំ​សិក្សា គោរព​ច្បាប់​ប្រទេស​។ កាលពីមុន​កម្ពុជា​មិន​សូវ​សំបូរ​ធនធាន​មនុស្ស​ទេ គឺ​រាល់ពេល​ដែល​សម្តេច​តេជោ​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច នៅ​ក្រៅប្រទេស គឺ​សម្តេច​តែងតែ​ស្នើសុំ​អាហារូបករណ៍ ដើម្បី​ផ្តល់ជូន​និស្សិត​កម្ពុជា បាន​ចេញ​ទៅ​សិក្សា​នៅ​បរទេស ទោះ​តិចក្តី​ឬ​ច្រើនក្តី គឺ​ដើម្បី​យក​ចំណេះដឹង​កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ​។​

​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​អំពី​នយោបាយ​ឈ្នះ​-​ឈ្នះ​ដែល​សម្តេច​បាន​ដាក់ចេញ​កាលពី​២០​ឆ្នាំមុន ដែល​បាន​នាំមក​នូវ​សុខសន្តិភាព​។ មាន​សន្តិភាព​ទើប​យើង​មាន​ឱកាស​អភិវឌ្ឍ​ប្រទេសជាតិ​បាន​។ ថ្ងៃ​នេះ​ទើបតែ​មាន​រយះពេល​៤​ថ្ងៃ​ប៉ុណ្ណោះ ដែល​រូប​សម្តេច​បាន​ដឹកនាំ​គណះប្រតិភូ​ជាន់ខ្ពស់ម​កក្រៅប្រទេស​ជា​លើកដំបូ​ង​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​បញ្ជាក់​ជូន​ក្មួយៗ​និស្សិត​ទាំងអស់​អោយបាន​ដឹង​ផង​ដែរ​ថា សម្តេច​បាន​អញ្ជើញ​មក​កាន់​ទីក្រុង​ណាន​នី​ង​ចំនួន​១១​លើក​រួចមកហើយ ស្របពេល​នោះ​កម្ពុជា​គឺជា ប្រទេស​សម្របសម្រួល​អាស៊ាន​-​ចិន កាលពី​ឆ្នាំ​២០០៣ ក្រោម​ការដឹកនាំ​របស់ លោក វ៉េ​ន ជាវ​ប៉ាវ អតីត​នាយករដ្ឋមន្ត្រី​ចិន​។ ជាពិសេស​នៅពេល​នេះ គឺ​មិត្ត​ចិន​បាន​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​កិត្តិយស​នៃ​ពិ​ព័​រណ៌​ចិន​-​អាស៊ាន លើក​ទី​១៥​ឆ្នាំ​២០១៨​នេះ​ផង​ដែរ​។ សម្តេច​តេជោ មាន​ជំនឿ​ជឿជាក់ និង​សង្ឃឹមថា នៅ​ពេល​ខាង​មុខ​នឹង​មាន​និស្សិត​កម្ពុជា​កាន់តែ​ច្រើនឡើង​មក​បំពេញ​ការសិក្សា​ថ្នាក់​អាហារូបករណ៍​នៅក្នុង​ប្រទេស​ចិន​។ សម្តេច​តេជោ ក៏​បាន​អរគុណ​កូន​ក្មួយ​ទាំង​អស់​ដែល​បាន​បោះឆ្នោត​អោយ​គណបក្ស​ប្រជាជន​កន្លងមកនេះ​។ ដោយ​មើលឃើញ​អំពី​កង្វះខាត​ជាក់ស្តែង សម្តេច​តេជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​ដល់​កូនក្មួយ​និស្សិត​អាហារូបករណ៍ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០០​ដុល្លារ​ដើម្បី​ទុក​ដោះស្រាយ​តម្រូវការ​នានា​ក្នុងពេល​កំពុង​សិក្សា​នៅក្នុង​ប្រទេស​ចិន​៕