នៅ​ថ្ងៃ​ចន្ទ ទី១០ កញ្ញា អាមេរិក​តាម​រយៈ​ទីប្រឹក្សាសន្តិសុខជាតិ​លោក​ចន បុលតុន​បាន​វាយប្រហារ​ដោយ​សម្តី​ធ្ងន់ៗ​លើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ (ICC) ក្រុង​ឡាអេ។ ICC ដែល​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៧ បាន​បើក​ការ​ស៊ើបអង្កេត​លើ​ឧក្រិដ្ឋកម្មសង្រ្គាម​ជា​យថាហេតុ​ប្រព្រឹត្ត​ដោយ​ទាហានអាមេរិក​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន។ លោក​ចន បុលតុន​បាន​ចោទ ICC ថា​ជា​ស្ថាប័ន​មិន​ស្របច្បាប់ គ្មាន​ប្រសិទ្ធិភាព គ្មាន​ការ​ទទួល​ខុសត្រូវ និង​គ្រោះថ្នាក់។ ទីប្រឹក្សាសន្តិសុខជាតិ​របស់​ប្រធានាធិបតី​រូប​នេះ​ដដែល​បាន​ព្រមាន​ចំៗ​ថា បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហ៊ាន​ចាត់​វិធានការ​លើ​អាមេរិក អ៊ីស្រាអែល ឬ​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​អាមេរិក ទីក្រុង​វ៉ាស៊ីតោន​នឹង​មិន​ឈរ​ក្រពាត់ដៃ​នៅ​ស្ងៀម​ឡើយ។



« អាមេរិក​នឹង​ប្រើ​គ្រប់​មធ្យោបាយ​ទាំង​អស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​ការពារ​ពលរដ្ឋ​របស់​ខ្លួន និង​ពលរដ្ឋ​របស់​ក្រុម​ប្រទេស​សម្ព័ន្ធមិត្ត​អាមេរិក​ទាំង​អស់​ទល់​នឹង​ការ​ប្តឹង​ដ៏​អយុត្តិធម៌​ពី​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ខុសច្បាប់។ យើង​នឹង​មិន​សហការណ៍​ជាមួយ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ទេ យើង​នឹង​មិន​ផ្តល់​ជំនួយ​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ឡើយ ហើយ​ប្រាកដ​ណាស់ យើង​នឹង​មិន​ចូល​ជា​សមាជិក​របស់​តុលាការ​មួយ​នេះ​ដែរ។

យើង​នឹង​ទុក​ឲ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ស្លាប់​ដោយ​ខ្លួន​ឯង។ តែ​ក្នុង​ករណី​ណា​ក៏​ដោយ​សម្រាប់​យើង តុលាការ​មួយ​នេះ​បាន​ស្លាប់​តៃហោង​បាត់​ទៅ​ហើយ។ ស្ថាប័ន​មួយ​នេះ គឺ​ជា​សុបិន្ត​ដ៏​អាក្រក់​ខ្លាំង​ណាស់​នៃ​បិតា​ស្ថាបនិក​របស់​យើង។ បើ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ហ៊ាន​ចាត់​វិធានការ​លើ​អាមេរិក លើ​អ៊ីស្រាអែល និង​លើ​សម្ព័ន្ធមិត្ត​ផ្សេង​ទៀត​របស់​អាមេរិក យើង​នឹង​មិន​ឈរ​ឳបដៃ​មើល​នៅ​ស្ងៀម​នោះ​ឡើយ។

យើង​នឹង​ហាម​មិន​ឲ្យ​ក្រុម​ចៅក្រម និង​ក្រុម​រដ្ឋអាជ្ញា​របស់​តុលាការ​មួយ​នេះ​ជាន់​ទឹកដី​អាមេរិក​ទេ។ បន្ទាប់​មក យើង​នឹង​ចាត់​វិធានការ​ដាក់​ទណ្ឌកម្ម​ដោយ​បង្កក​ទ្រព្យសម្បត្តិ​របស់​ពួក​គេ​ដែល​មាន​នៅ​អាមេរិក និង​ចុង​ក្រោយ យើង​នឹង​ធ្វើ​ការ​ប្តឹង​បក​លើ​ពួក​វិញ​ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​អាមេរិកាំង។ អាគារ​ដ៏​ល្អ​ស្កឹមស្កៃ​របស់​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​បាន​តាំង​លើ​ប្រទេស​បរទេស​មួយ ហើយ​កំណត់​ពី​ភាព​មាន​កំហុស និង​ភាព​គ្មាន​កំហុស​របស់​ពលរដ្ឋ​អាមេរិក »៕ ប្រភព៖ RFI