​សៀមរាប​ ៖ ក្រុម​មន្ត្រី​តំណាង​ស្ថាប័ន​ត្រួតពិនិត្យ​គ្រឿងញៀន​កម្ពុជា និង​អាស៊ាន បើក​កិច្ចប្រជុំ​លើក​ទី​៨ ក្រុម​ការងារ​បង្ការ ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន តាម​ច្រក​អាកាស​យាន្តដ្ឋាន​អន្តរជាតិ ថ្ងៃ​អង្គារ​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៨ នា​ខេត្តសៀមរាប ក្រោម​អធិបតីភាព​លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ។​

​លោក​ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃ​អាជ្ញាធ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន បាន​ប្រាប់​ថ្លែងថា កិច្ចប្រជុំ​នេះ​បាន​ធ្វើឡើង​ក្នុង​គោលបំណង ធ្វើ​បច្ចុប្បន្នភាព និង​ចែករំលែក​ព័ត៌មាន​ពាក់ព័ន្ធ នឹង​សភាពការណ៍​ទូទៅ​នៃ គ្រឿងញៀន ពិសេស​និន្នាការ និង​ល្បិចកល​របស់​ក្រុម​ឧក្រិដ្ឋជន ក្នុងការ​ចរាចរ​គ្រឿងញៀន ឆ្លងកាត់​ព្រលានយន្តហោះ ។ ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​រួម​គ្នា​រក​វិធានការ​ថ្មីៗ ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព ក្នុង​ការបង្ការ និង​ទប់ស្កាត់ បទល្មើស​គ្រឿងញៀន​ឆ្លងដែន​។ ពង្រឹង​យន្តការ​សម្រាប់​ការធ្វើទំនាក់ទំនង ដើម្បី​សម្រួល​ដល់​ការចែករំលែក​ព័ត៌មាន ក៏​ដូច​ជា​រួម​គ្នា​បង្ក្រាប​បទល្មើស ។​

​ក្នុងឱកាស​នោះ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​បាន​ប្រសាសន៍ថា ក្រុម​ការងារ​បង្ការ ទប់ស្កាត់ បទល្មើស​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន តាម​ច្រក​អាកាស​យាន្តដ្ឋាន​អន្តរជាតិ បាន​ដើរតួ​យ៉ាង​សំខាន់ ក្នុងនាម​ជា​មន្ត្រី អនុវត្ត​ច្បាប់​ជួរ​មុខ​ក្នុង​បង្ការ និង​ទប់ស្កាត់ នូវ​ការ​ចរាចរ​គ្រឿងញៀន ខុស​ច្បាប់​ចូល​មក​ក្នុង​ប្រទេស ដែល​កន្លងមក​ក្រុម​ការងារ​នេះ បាន​ទទួល​ជោគជ័យ​ជា​ច្រើន ក្នុង​ការបង្ក្រាប​បទល្មើស​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន តាម​ច្រក​អាកាសយានដ្ឋាន​អន្តរជាតិ តាមរយ​:​ការផ្លាស់ប្តូរ​ព័ត៌មាន ទាន់​ហេតុការណ៍ ដោយ​តម្លាភាព និង​ទាន់​ពេលវេលា​។​

​ក្នុងឱកាស​នោះ​ដែរ លោក នាយ​ឧត្តមសេនីយ៍ មាស វិរិ​ទ្ធ អគ្គលេខាធិការ បាន​ថ្លែង​អរគុណ​ចំពោះ​រដ្ឋ​ជា​សមាជិក​អាស៊ាន​ទាំងអស់ និង​លេខាធិការដ្ឋាន​អាស៊ាន សម្រាប់​ការផ្តល់​ការគាំទ្រ ជាប្រចាំ និង​កិច្ចសហប្រតិបត្តិការ​ល្អ ជាមួយ​ប្រទេស​កម្ពុជា ក្នុង​ការប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ហើយ​សមិទ្ធផល ដែល​ប្រទេស​កម្ពុជា សម្រេចបាន ជាពិសេស​សមិទ្ធផល ក្នុង​ការបង្ក្រាប​ការជួញដូរ​គ្រឿង​ញៀន តាម​ព្រលានយន្តហោះ​នេះ មិន​អាច​ធ្វើ​ទៅរួច​ទេ បើ​គ្មាន​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ​ជាមួយ​រដ្ឋ​ជា​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា ដែល​ក្នុងនោះ​កិច្ចប្រជុំ​ក្រុមការងារ បង្ការ​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន ឆ្លងកាត់​ព្រំដែន តាម​ច្រក​អាកាស​យាន្តដ្ឋាន​អន្តរជាតិ ពិតជា​ត្រូវ​បាន​បម្រើ​ជា​វេទិកា ដ៏​សំខាន់​មួយ និង​បន្ត​ស្វែងរក​ចាប់ខ្លួន ក្រុម​ឧក្រិដ្ឋជន ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ ចែកចាយ​គ្រឿងញៀន​ទាំងនោះ ទាំង​អ្នក​ប្រគល់​និង​អ្នកទទួល​៕​