ភ្លាមៗ បន្ទាប់​ពី​ការ​បញ្ជូន​លោក កឹម សុខា ចេញ​ពី​ពន្ធនាគារ មក​បន្ត​ឃុំ​នៅ​ក្នុង​ផ្ទះ​ដោយ​អាជ្ញាធរ​កម្ពុជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) បាន​លើក​ឡើង​ថា​នេះ​ជា​ការ​វិវឌ្ឍន៍​មួយ​។ ប៉ុន្តែ​អង្គការ​មួយ​នេះ អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ទៅ​ជា​ការ​ដោះ​លែង​មួយ​ ជា​អចិន្ត្រៃយ៍។



លោក មីណា ភីមផល (Minar Pimple) មន្ត្រី​ជាន់​ខ្ពស់​ទទួល​បន្ទុក​ផ្នែក​គ្រប់​គ្រង​នៃ​អង្គការ​លើក​លែង​ទោស​អន្តរ​ជាតិ កាល​ពី​ថ្ងៃទី១០ ខែ​កញ្ញា បាន​បង្ហាញ​ការ​ស្វាគមន៍​ចំពោះ ការ​អនុញ្ញាត​ឲ្យ​លោក កឹម សុខា មក​ស្នាក់​នៅ​ក្នុង​ផ្ទះ ហើយ​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​សម្រាប់​ភាព​អយុត្តិធម៌ ដែល លោក កឹម សុខា នៅ​តែ​បន្ត​ស៊ូទ្រាំ។

យ៉ាងណា​ក៏​ដោយ លោក មីណា ភីមផល ​អះអាងថា ពេល​នេះ លោក កឹម សុខា បាន​ក្លាយ​ខ្លួន​ជា​អ្នក​ទោស​ក្នុង​ផ្ទះ​របស់​ខ្លួន​ឯង។ លោក អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ទម្លាក់​ចោល​រាល់​ការ​ចោទ​ប្រកាន់​ផ្សេងៗ​ប្រឆាំង​នឹង​លោក កឹម សុខា ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ ត្រូវ​ដោះ​លែង​លោក កឹម សុខា ជា​អចិន្ត្រៃយ៍ ដោយ​គ្មាន​លក្ខខណ្ឌ​។ លោក មីណា ភីមផល បន្ត​ថា លោក កឹម សុខា ត្រូវ​ការ​ពិនិត្យ​សុខ​ភាព ដូច្នេះ​អាជ្ញាធរ​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់ និង​អនុញ្ញាត​ឲ្យ​គាត់​អាច​ពិនិត្យ​សុខភាព​របស់​គាត់​ភ្លាមៗ​ដែរ​។

លោក ជិន​ ម៉ាលីន អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ការ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះ​លែង​លោក កឹម សុខា ជា​អចិន្ត្រៃយ៍ គឺ​មិន​អាច​ទៅ​រួច​នោះ​ទេ ព្រោះ​សំណុំ​រឿង​របស់​លោក កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរ​ការ​នីតិវិធី​របស់​តុលាការ ដូច្នេះ​រដ្ឋាភិបាល​មិន​មាន​សមត្ថកិច្ច​លូកលាន់​កិច្ច​ការ​របស់​តុលាការ​ឲ្យ​មាន​ការ​ដោះ​លែង​នោះ​ទេ​។

សូមបញ្ជាក់ថា នៅ​ម៉ោង​ប្រមាណ​៣ និង​៣០នាទី​ទៀប​ភ្លឺ​ថ្ងៃទី១០ ខែកញ្ញា ​លោក​កឹម សុខា ​ត្រូវ​បាន​បញ្ជូន​មក​ដល់​គេហដ្ឋាន​របស់​លោក​នៅក្នុង​ខណ្ឌ​ទួលគោក ពីពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ​។ ​លោក​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ដោះលែង​ពី​ពន្ធនាគារ​ ​ក្រោម​ហេតុផល​បញ្ហា​សុខភាព​។ ​ប៉ុន្តែ​នេះ​ មិនមែន​ជា​ការ​ដោះលែង​ឲ្យ​មាន​សេរីភាព​ទាំងស្រុង​នោះ​ទេ ​ពោល​ គឺ​តុលាការ​ប្តូរ​ការ​ឃុំខ្លួន​លោក កឹម សុខា ​ពី​ក្នុង​ពន្ធនាគារ​មក​ឃុំខ្លួន​នៅក្នុង​គេហដ្ឋាន​របស់​លោក​វិញ​។

សូម​រំលឹក​ដែរ​ថា លោក កឹម សុខា ត្រូវ​បានអាជ្ញាធរ​ចាប់​ខ្លួន នៅ​ម៉ោង​ប្រមាណ​​ជាង​១២ រំលង​អធ្រាត​ឈាន​ចូល​ថ្ងៃ​ទី០៣ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​អាជ្ញាធរ​កម្ពុជា​ជា​ច្រើន​នាក់​បាន​ឆ្មក់​ចូល​ផ្ទះ​លោក ​នៅ​ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្រោយការចាប់ខ្លួន សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​រូប​លោក​ពីបទ “សន្ទិដ្ឋិភាព​ជា​មួយ​បរទេស” តាម​មាត្រា៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។ បទល្មើស​នេះ អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ពី១៥ ដល់៣០​ឆ្នាំ​៕ ប្រភព៖ RFI