ទំព័រដើម
 
សង្គម
ចែករំលែក
Print
ដោយ៖ ខ្មែរឃ្លាំមើល 19/07/2010 ភ្នំពេញ
លទ្ធផល​សង្ខេប​នៃ​ការ​ស្រាវ​ជ្រាវ៖ ការសិក្សា​អំពី​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ប្រយោល​មក​ពីឧ​ស្សា​ហកម្ម​កាត់​ដេរ
សាវតា
    កាលពីពេល​ថ្មីៗនេះ អង្គ​ការ​ពល​កម្ម​អន្តរជាតិ​បាន​ធ្វើ​ការ​​សិក្សា​ស្រាវ​​ជា​ច្រើន​ ដើម្បី​ស្វែង​យល់​ពី​ផល​ប៉ះ​ពាល់​ដែល​ឱន​ភាព​សេដ្ឋ​កិច្ច​ ជា​សកល​មាន​មក​លើ​ឧស្សា​ហកម្ម​កាត់​ដេរ​កម្ពុជា។ គោល​បំណង​មច្បង​នៃ​ការ​សិក្សាទាំង​នេះ​ គឺ​ដើម្បី​ពង្រឹង​ការ​យល់​ដឹង​របស់​យើង​ទាំង​អស់​គ្នា ​អំពី​ផល​ប៉ះ​ពាល់​នៃ​ឱនភាព​នេះ​នៅ​កម្រិត​បុគ្គល សហ​គ្រាស និង​វិស័យ ​ពិនិត្យ​លើ​វិធាន​ការ​ឆ្លើយ​តប​ដែល​បាន​យក​ប្រើ​ប្រាស់ និង​ជួយ​ដល់​ការ​តាក់​តែង​ និង​ការ​​អនុវត្តគោល​នយោ​បាយ​ ក៏​ដូច​ជា​អន្តរាគមន៍​ជាក់​ស្តែង​នានា​ សំ​ដៅ​គាំ​ទ្រ​ដល់​ការ​ងើប​ឡើង​វិញ​របស់​ឧស្សា​ហកម្ម និង​ដល់​កម្មករ​ និយោ​ជិត​របស់​ឧស្សា​ហកម្ម​នេះ ទាំង​អ្នក​ដែល​កំពុង​មាន​ការ​ងារ​ធ្វើ និង​អ្នក​ដែល​បាត់​បង់​ការងារ​ ឲ្យ​ពួក​គេ​ទទួលបាន​ការ​ងារ​សម​រម្យ​ ដោយ​ផលិត​ភាព​ និង​ទទួល​បាន​ការ​កា​ពារ​ពីសង្គម ។

    លទ្ធផល​សង្ខេបនៃ​ការ​ស្រាវ​ជ្រាវ​នេះ​ បង្ហាញ​ពីលទ្ធផល​រក​ឃើញ​នៃ​ការ​សិក្សា​បន្ថែម​តូច​មួយ​ ដែល​ពិនិត្យ​លើ​ស្ថាន​ភាព​ដ៏​លំ​បាក​របស់​កម្មការិនី​មួយក្រុម​ ដែល​តែង​ត្រូវ​បាន​គេ​លើក​មក​និយាយ​ច្រើន ប៉ុន្តែ​ត្រូវ​បាន​គេ​យល់​ដឹង​តិច​តួច ពោលគឺ​កម្ម​ការិនី ដែល​បាន​ចាក​ចេញ​ពី​ការងារ​ក្នុង​រោង​ចក្រ​ក្នុង​ពេល​មានវិបត្តិ​កើត​ឡើង ហើយ​បាន​មក​ចាប់​ផ្តើម​ធ្វើ​​ការងារ​ជា​អ្នក​ប្រើ​សេ​វា​កម្ម​ផ្លូវ​ភេទ​ ដោយ​ប្រយោល នៅ​ក្នុង​វិស័យ​កម្សាន្ត​សម្បាយ​។ ការ​​សិក្សា​នេះ​ផ្តោត​សំខាន់​លើ​ភាព​ងាយ​រងគ្រោះ​របស់​កម្មករ និយោ​ជិត​ ដោយ​សារ​មេ​រោគ​អេដស៍ ជំងឺ​អេដស៍​ដែល​ជា​បញ្ហា​ដ៏សំខាន់​បំផុត​មួយ​ ក្នុង​ចំណោម​បញ្ហា​នានា​ដែល​កើត​ឡើង​នៅ​កន្លែង​ធ្វើការ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា។
 
 សេចក្តី​ពិពណ៌​នា​នៅក្នុង​ការ​សិក្សានេះ​ បង្ហាញ​ពី​ស្ថាន​ភាព ដែល​គេ​តែង​ចង់​ដឹង​​ចង់​ឮ អំពី​កម្មការិនី​មួយ​ក្រុម​ ដែល​តែង​តែ​ទទួល​រង​ការ​ប្រ​កាន់​គំនិត​ជា​អវិជ្ជមាន​។ ការ​ប្រកាន់​គំនិត​បែប​នេះ​មិនត្រឹម​តែ​ធ្វើ​ឲ្យ​កម្មការិនី​​ទាំង​នេះ​អាប់​ឱន​កិត្តិយស​ក្នុង​នាម​ជា​មនុស្ស​ដុច​គេ​ដូច​ឯង​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ប៉ះ​​ពាល់​ដល់​លទ្ធ​ភាព​របស់​ពួក​គេ​ក្នុង​ការ​ទាម​សិទ្ធិ​មនុស្ស និង​អត្ថ​ប្រ​យោជន៌​ជាមូល​ដ្ឋាន​នានា ​ដែល​ពួក​គេ​គួរ​ទទួល​បាន​បាន​ថែម​ទៀត​ផង​លើស​ពី​នេះ​ វា​បាន​រុញ​ច្រាន​ពួក​គេ​ឲ្យ​ធ្លាក់​ចូល​ទៅ​ក្នុង​ស្ថាន​ភាព​កាន់​លំ​បាក​ថែម​ទៀត​ ធ្វើ​ឲ្យ​ពួក​គេ​មិន​អាច​ទទួល​បាន​សេវា​សុខ​ភាព​របស់​កម្មារិនី​ទាំង​នេះ ដើម្បី​ឲ្យ​យើង​អាច​ផ្តល់​ឲ្យ​ពួក​គេ​នូវ​ជំនួយ​ជាក់​ស្តែង​សម្រាប់​ជួយ​កាត់បន្ថយ​ភាព​ងាយ​រង​គ្រោះ​ដោយ​សារ​មេ​រោគ​អេដស៍​ ដែល​ពួកគេ​កំពុង​ជួប​ប្រទះ ។

    ការសិក្សា​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឈន៍​របស់​ប្រទេស​អូស្រ្តាលី មាន​ឈ្មោះ​ថា Union Aid Abroad - APHEDA ដែល​ជាទី​ភ្នាក់​ងារ​មាន​បទ​ពិសោធន៍​ធ្វើ​ការ​ងារ​ជា​ច្រើន​ ជាមួយ​អ្នក​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទដោយ​ផ្ទាល់​ និង​ដោយ​ប្រយោល នៅ​ក្នុង​ប្រទេស​កម្ពុជា (២៥ឆ្នាំ) អ្នក​ចូល​រួម​នៅក្នុង​ការ​សិក្សានេះ ត្រូវ​បាន​កំណត់​ដោយ​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​ស្រ្តី​កម្ពុជា​ ជា​អង្គ​ក្រៅ​រដ្ឋា​ភិបាលក្នុង​ស្រុក​មួយ​ ដែល​ធ្វើ​ការ​ងារ​ជុំ​វិញ​បញ្ហា​ជា​ច្រើន​ ដើម្បី​លើក​កម្ពស់​សិទ្ធិ​សេដ្ឋ​កិច្ច​ និង​សង្គម​របស់​ស្រ្តី​​។
 
 វិធី​សាស្រ្តៈ
    ការសម្ភាស​បែប​គុណ​វិស័យ​ ត្រូវ​បាន​ធ្វើ​ឡើង​ជា​មួយ​អតីត​កម្មការិនី​រោង​ចក្រ​ចំនួន ១៦​នាក់ ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការ​ងារ ក្នុង​កំឡុង​ពេល​មាន​វិបត្តិ​សេដ្ឋ​កិច្ច ហើយ​ដែល​បច្ចុប្បន្ន​កំពុង​ធ្វើ​ការ​ងារ​នៅ​ក្នុង​វិ​ស័យ​កម្សាន្ត​​សប្បាយ​ និង​ផ្តល់​សេ​វា​ភ្លូវ​ភេទ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ។
    បន្ទាប់​ពី​ការ​សម្ភាស​នេះ ការ​សិក្សា​ក្រុម​គោល​ដៅ​ចំនួន​ពីរ ក្នុង​មួយ​ក្រុម​មាន​ស្រ្តី​ ៨នាក់​ ត្រូវ​បាន​ធ្វើ​ឡើង ដើម្បី​បញ្ជាក់​ និង​ស្វែង​យល់​បន្ថែម​ទៀត​លើ​ព័ត៌មាន​ ដែល​ប្រ​មូល​បាន​ក្នុង​ការ​សម្ភាស​ បន្ទាប់​មក​​ព័ត៌មាន​ស៊ី​ជម្រៅ ដែល​ទទួល​បាន ត្រូវ​បាន​យក​មក​សំយោគ​ចេញ​ជា​ករណី​សិក្សា​ខ្លីៗ ផ្តោត​លើ​ប្រធាន​បទដូច​ខាង​ក្រោម៖
    ១- ជីវភាព​រស់​នៅ​កាល​នៅ​វ័យ​កុមារ
    ២- បទ​ពិ​សោធន៍​ក្នុង​វិស័យ​កាត់​ដេរ
    ៣- បទ​ពិសោធន៍ក្នុង​វិស័យ​កម្សាន្ត​សប្បាយ
    ៤- បទ​ពិសោធន៍​ធ្វើ​ការ​ងារ​ជា​អ្នក​បម្រើ​សេវាកម្ម​ផ្លូវ​ភេទ​ ដោយ​ប្រ​យោល
    ៥- ការ​ផ្លាស់​ប្តូរ​ជីវភាព​រស់​នៅ​ នៅ​ពេល​ប្តូរ​ពី​មុខ​របរ​មួយ​ទៅ​មុខ​របរ​មួយ​ទៀត​ និង​ផល​ប៉ះពាល់​គួរឲ្យ​កត់​សម្គាល់​ដោយ​សារ​វិបត្តិ​សេដ្ឋ​កិច្ច
    ៦- ការប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​អតិថិ​ជន​ និង​អ្នក​មិន​មែន​ជា​អតិថិជន។

លក្ខណៈទូទៅ៖ កម្មការិនី​ដែល​ត្រូវ​បានសង្កេត
    ១- កម្មការ និយោជិត​ទាំង​អស់​មាន​អាយុ​ពី​១៧ ទៅ​៣៨​ឆ្នាំ ដោយ​អាយុ​មធ្យម​គឺ ២៥​ឆ្នាំ
    ២- ពួក​គេ​ភាគ​ច្រើន​មកម​ពី​គ្រួ​សារ​ក្រី​ក្រ​ រស់​នៅ​តាម​ជនបទ​ និង​ពាក់​កណ្តាលជនបទ ដោយ​ឪពុក​ម្តាយ​ ជា​អ្នក​ប្រកប​របរ​បង្ក​បង្កើន​ផល ឬ​ជា​អ្នក​លក់​ដូរ​បន្តិច​បន្តួច ។ ពួកគេ​ភាគ​ច្រើន​មក​ពី​គ្រួសារ​ដែល
មាន​កូន​លើស​ពី​៥នាក់
    ៣- ស្រ្តី​ភាគ​ច្រើន​ចាប់​ផ្តើម​ធ្វើ​ការ​ងារ​តាំង​ពី​អាយុ​ទើប​ជាង​ ១០ឆ្នាំ ជាអ្នក​លក​ដូរ​តាម​ផ្លូវ អ្នក​បម្រើ​ការ​ងារ​តាម​ផ្ទះ និង​ជួញ​របរ​រក​ស៊ីរបស់​គ្រួសារ ។

         ការ​ពីភាក្សា​ក្រុម​គោល​ដៅ​សរុប​ចំនួន​៦ ត្រូវ​បាន​ធ្វើ​ឡើង -៤មុន និង​២ ក្រោយ​ការ​សម្ភាស​ស៊ី​ជម្រៅ​ ការ​ពីភាក្សា​ក្រុម​គោល​ដៅ​និមួយ​ៗ​ ដែល​ធ្វើ​ឡើង​ក្រោយ​ការ​សម្ភាស​ចូល​រួម​ដោយ​ស្រ្តី​ចំនួន​៨​នាក់ មក​ពី​ក្រុម​ដៅ​ប៉ុន្តែ​មិន​មាន​ការ​ចូល​រួម​ពី​អ្នក​ដែល​បាន​ចូល​រួម​ក្នុង​ការ​ពិភាក្សា​ក្រុម​គោល​ដៅ​មុនៗ ឬ​ក្នុង​ការ​សម្ភាស​ស៊ី​ជម្រៅ​ឡើយ ។
    - ស្រ្តី​ភាគ​ច្រើន​រៀន​ចប់​ត្រឹម​ថ្នាក់​ទី១ ដល់​ថ្នាក់​ទី៧ ដោយ​កម្រិត​អប់​រំ​ជា​មធ្យម​ត្រឹម​ថ្នាក់​ទី៤ ។ មូល​ហេតុ​ចំបង​បំផុត​ដែល​ធ្វើ​ឲ្យ​ពួក​គេ​ឆាប់​ឈប់​រៀន​គឺ (ក)​ភាពក្រីក្រ និង​(ខ)​ជំនឿ​វប្បធម៌​(ដែល​ថា​ស្រ្តី​គួរ​
នៅ​ធ្វើ​ការ​ងារ​ផ្ទះ​វិញ​ប្រ​សើរ​ជាង)
    - អ្នក​ឆ្លើយ​តប​ប្រ​មាណ​ពាក់​កណ្តាល​បាន​រៀបការ​ នៅ​ពេលពួក​មាន​អាយុ​ជិត​២០ ឬជាង​២០ឆ្នាំ ប៉ុន្តែ​ភាគច្រើន​ក្រោយ​មក​បាន​លែង​លះ​គ្នា​វិញ
    - ស្រ្តី​មួយ​ភាគ​បួន​មាន​កូន​រួច​ហើយ​ កូន​ភាគ​ច្រើន​កំពុង​ត្រូវ​បាន​សាច់​ញាតិ​ជួយ​មើល​ថែ​ ហើយ​ស្រ្តី​ទាំង​នេះ ជា​អ្នក​ជួយ​ឧ​បត្ថម្ភ​ថិវកា​
    - ស្រ្តី​ស្ទើ​រតែ​ទាំង​អស់​ ដែល​បាន​សាក​សួរ​ ឆ្លើយ​ថា ពួក​គេ​ឈប់​ធ្វើការ​ងារ​ពី​រោង​ចក្រ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋ​កិច្ច​ជា​សកល បើ​ទោះ​បី​ជា​មិន​អាច​ធ្វើ​ការ​ផ្ទៀង​ផ្ទាត់​ថា តើ​មូល​ហេតុ​នេះ​ពិត ឬមិនពិត​ក៏​ដោយ។
ស្រ្តី​​ម្នាក់​លា​លែង​ពី​ការ​ងារ​ក្នុង​រោង​ចក្រ​ មុន​ពេល​ដែល​វិបត្តិ​ហិរញ្ញ​វត្ថុកើត​ឡើង​ ហើយ​ម្នាក់​ទៀត​ត្រូវ​បាន​បណ្តេញ​ចេញ​ ដោយ​សារ​តែ​ធ្វើ​ការ​ងារ​មិន​បាន​ល្អ​។
    - ក្នុង​ចំណោម​ស្រ្តី​ផ្សេង​ទៀត មាន​ពាក់​កណ្តាល​ត្រូវ​បាន​បញ្ឈប់​ពីការ​ងារ ដោយ​សារ​តែ​រោង​ចក្រ​បិទ​ទ្ធារ។ ពាក់​កណ្តាល​ទៀត​ត្រូវ​បាន​គេ​បញ្ចប់​កិច្ច​សន្យា​មុន​ពេល​បិទ​រោង​ចក្រ​ ដោយ​សារ​តែ​ពួក​គេ​តវ៉ា​រឿង​​ប្រាក់​ឈ្នួល ដែល​អាច​ ឬ​មិន​អាច​មាន​ការ​ពាក់​ព័ន្ធ​ជា​មួយ​នឹង​ស្ថាន​ភាព​សេដ្ឋ​កិច្ច​។

លទ្ធផល​រក​ឃើញ​សំ​ខាន់ៗ
ភាព​ងាយ​រង​គ្រោះ​ពាក់​ព័ន្ធ​នឹង​មេ​រោក​អេដស៍
    ភាព​ងាយ​រង​គ្រោះ​ពាក់ព័ន្ធ​នឹង​មេ​រោគ​អេដស៍​របស់អ្នក​បម្រើ​ការ​ងារ​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ មាន​ទំនាក់​ទំនង​យ៉ាង​ជិត​ស្និទ​ជាមួយ​នឹង​លក្ខ​ខ័ណ្ឌ​ការ​ងារ​ជា​ផ្លូវ​ការ​របស់​ពួក​គេ​។ ភាព​ងាយ​រង​គ្រោះ​ជា​
ច្រើន​កើត​ឡើង​ដោយ​សារ​បញ្ហា​រចនា​សម្ព័ន្ធ​ និង​បញ្ហា​គោល​នយោ​បាយ​ ហើយ​ការ​កែ​លម្អលក្ខ​ខ័ណ្ឌការ​ងារ​ជា​រួម​ នឹង​អាច​កាត់​បន្ថយ​ភាព​ងាយ​រង​គ្រោះ​ ដោយ​សារ​មេ​រោគ​អេដស៍​របស់​ពួក​គេ​បាន​។

    -អំពើហិង្សា និង​ការ​រំលោភ​បំពាន​នៅ​កន្លែង​ធ្វើ​ការ
    អ្នក​បម្រើ​សេវាកម្សាន្ត​សប្បាយ​ទាំង​អស់​សុទ្ធ​តែ​ធ្លាប់​ជួប​ប្រទះ​ការ​រំលោភ​បំពាន​នៅ​កន្លែង​ធ្វើ​ការ ក្នុង​ទម្រង់​មួយ​ចំនួន​ ចាប់​ពី​ការ​បំពារ​បំ​ពានជាពាក្យ​សម្តី រហូត​ដល់​ការ​បៀត​បៀន​លើ​រូប​រាង​កាយ​ និង​ផ្លូវ​ភេទ​​​ក្នុង​ទម្រង់​ធ្ងន់​ធ្ងរ ។ ប៉ុន្តែ​ករណី​រំលោភ​បំពាន​ភាគ​ច្រើន​កើត​ឡើង នៅ​កន្លែង​ធ្វើ​ការ​ជា​ផ្លូវ​ការ​របស់​ពួក​គេ ជា​ជាង​នៅ​ក្នុង​បរិបទ​ នៃ​ការ​ងារ​បម្រើ​សេវា​ផ្លូវ​ភេទ​របស់​ពួក​គេ (ស្រ្តី​ម្នាក់​ដែល​បាន​សម្ភាស​ធ្លាប់​ត្រូវ​បាន​ប្អូន​​ប្រុស​របស់​ថៅ​កែ​របស់​នាង​ចាប់​រំលោភ​នៅ​កន្លែង​ធ្វើ​ការ​របស់​នាង) ។
    - កង្វះ​ជំនាញ​ដើម្បី​ចរ​ចា​អំពី​សុវត្ថិភាព
    អ្នកបម្រើសេវាកម្សាន្ត​សប្បាយ​ថ្មីៗ​ជា​ច្រើន​នាក់​ ដែល​ទើប​ចូល​មក​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​នេះ ក្នុង​ពេល​មាន​ឱនភាព​សេដ្ឋកិច្ច​ មិន​មាន​បទ​ពិសោធន៍​ក្នុង​ការ​ចរ​ចារ​ដោះ​ខ្លួន​ពី​ការ​ស្នើ​សុំ​រួម​ភេទ​ដែល​ពួក​គេ​មិន​​ចង់​​ពី​សំណាក់​អតិថិជន​ និង​បុគ្គលិក​ជា​បុរស​ ឬ​អតិ​ជន​ដែល​ស្រ​វឹង​ដែល​គ្មាន​ហេតុ​ផល ឬ​ដែល​តែង​ចង់​រំលោភ​បំពាន​នោះ​ទ។
    - សម្ពាធ​មិន​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ជា​មួយ​អតិថិ​ជន
    ជា​មួយ​នឹង​ប៉ាន់​គំរូ​ ដែល​មាន​កម្រិត​បែប​នេះ ការ​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​​ជា​មួយ​ភ្លៀវ​ហាក់​បី​ដូច​ជា​មាន​កម្រិត​ខ្ពស់​ នៅ​ក្នុង​ចំណោម​អ្នក​បម្រើ​សេ​វា​កម្សាន្ត​សប្បាយ​ ដែល​បម្រើ​សេវា​ផ្លូវ​ភេទ​ ប៉ុន្តែ​ដោយ​សារ​​តែ​ភ្ញៀវ​ហ៊ាន​ចំណាយ​លុយ ដើម្បី​រួម​ភេទ​ដោយ​មិន​ប្រើ​ស្រោម​អនា​ម័យ​ និង​ដោយ​សារ​តែ​ឱន​ភាព​សេដ្ឋ​កិច្ច ស្រ្តី​អាច​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​មាន​ការ​ពិ​បាក​ ក្នុង​ការ​ចរ​ចា​ឲ្យ​មាន​ការ​ប្រើ​ប្រាស់​
ស្រោម​អនាម័យ​។
    - ការ​ប្រើ​ប្រាស់​ស្រោម​អនាម័យ​កម្រិត​ទាប​ជា​មួយ​ដៃ​គូ​ដែល​មិន​មែន​ជា​ភ្លៀវ
    ស្រ្តី​ស្ទើរ​តែ​ទាំង​អស់​ ដែល​បាន​សម្ភាស​ សុទ្ធ​តែ​បាន​រាយ​ការ​ណ៍ថា បាន​រួម​ភេទ ដោយ​មិន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​នឹងដៃ​គូ​ មិន​មែន​​ជា​ភ្ញៀវ ដូច​ជា​ប្តី និង​សង្សារ​របស់​ពួក​គេជា​ដើម ។ ពួក​ក៏​បាន​
រាយ​ការណ៍​ថា​ បាន​រួម​ភេទ​ ដោយ​មិន​ប្រើ​​ប្រាស់​ស្រោម​អនាម័យ​ជា​បុរស​ ដែល​ពួក​គេ​មិន​ចាត់​ទុក​ថា​ជា​ភ្ញៀវ ប៉ុន្តែ​ជា​អ្នក​ផ្តល់​អំណោយ​ជា​ទៀង​ទាត់​ ប្រាក់​កាស​ និង​ការ​ឧបត្ថម្ភ​ក្នុង​ទម្រង់​ដទៃ​ទៀត​មក​ឲ្យ​ពួក​គេ។
    - ការ​បង្ខំ​ឲ្យ​ប្រើ​គ្រឿ​ស្រ​វឹង
    ​ការ​ប្រើ​គ្រឿង​ស្រ​វឹង​ច្រើន គឺ​ជា​បញ្ហា​ចម្បង​មួយ​សម្រាប់​អ្ក​បម្រើ​សេ​វា​កម្សាន្ត​សប្បាយ នៅ​ក្នុង​ប្រទេស​កម្ពុជា ។ ភ្ញៀវ​តែង​រំ​ពឹង​ថា អ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ​គួ​រតែ​អាច​អង្គុយ ផឹក​គ្រឿង​ស្រ​វឹង និង​
កំដរពួក​គេ នៅពេល​ដែល​ពួក​គេ​ស្នើ​ទៅ​កាន់​ស្រ្តីទាំង​នោះ​។ អ្នក​ចូលរួម​នៅក្នុង​ការ​ពិភាក្សា​ក្រុម​គោល​ដៅ​ នៅ​ក្នុង​ហាង​ខារ៉ា​អូ​ខេមួយ​រាយ​ការណ៍​ថា ពួក​គេ​ផឹក​ស្រា​បៀរ​ពី ១០ ទៅ១២ កំប៉ុង​ក្នុង​មួយ​យប់ៗ។ ស្រ្តី​ពីរ​នាក់
ដែល​បាន​សម្ភាស​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​ផឹក​រហូត​ដល់​បាត់​បង់​ស្មារតី។
 
 ការបម្រើ​សេវា​កម្មផ្លូវ​ភេទ​រក​ចំណូល​បន្ថែម​ពី​លើ​ការ​ងារ​បម្រើ​សេវា​កម្សាន្ត​សប្បាយ
    - ស្រ្តី​ដែល​ត្រូវ​បាន​សម្ភាស​ បាន​ចាប់​ផ្តើម​រក​ចំណូល​បន្ថែម តាម​រយៈ​ការ​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ​ក្រៅ​ផ្លូវការ​ បន្ទាប់​ពី​ពួក​គេ​បាន​ទទួល​រង​ការ​រំ​លោភ​បំ​ពាន​ពាក់​ព័ន្ធ ​នឹង​ការ​ងារ​ជា​ច្រើន​លើក​ច្រើនសារ​ នៅ​ក្នុងជី​​​​វិត​​របស់​ពួកគេ ចាប់​ផ្តើម​ពី​ការ​បង្ខិត​បង្ខំ​ឲ្យ​ធ្វើ​ការ​ងារ​នៅ​ពេល​ដែល​ពួក​គេ ​នៅ​វ័យ​កុមារ​នៅ​ឡើយ, ការ​រំលោភ​បំ​ពាន​ នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ​ងារ​តាម​ផ្ទះ, ការ​ធ្វើ​បាប នៅ​ពេល​ធ្វើ​ការ​ងារ​ក្នុង​រោង​ចក្រ , ការ​
បន្ទោស​បង្អាប់​ដោយ​អ្នក​គ្រប់​គ្រង និង​អតិថិជន នៅ​ពេល​ដែល​ពួក​គេ​ធ្វើ​ការ ជា​អ្នក​បម្រើ​សេ​វាកម្សាន្ត​សប្បាយ។
    - ចំពោះ​អ្នក​បម្រើ​សេវា​កម្ម​ទាំង​អស់​ដែល​ត្រូវ​បាន​សម្ភាស​បាន​ឲ្យ​ដឹង​ថា​ ការ​សម្រេច​ចិត្ត​រក​ចំណូល​បន្ថែម​ជា​មួយ​នឹង​ការ​បម្រើ​សេវា​ផ្លូវ​ភេទ​ជា​មួយ​ភ្ញៀវ គឺ​ដោយ​សារ​តែ​តម្រូវ​ការ​ហិរញ្ញ​វត្ថុ ដូច​ជា តម្រូវ​ការ
​ចំណូល​បន្ថែម ដើម្បី​រ៉ាប់​រង​ការ​ចំណាយ​លើ​ការ​ស្នាក់​នៅ​អាហារ និង​ការ ផ្ញើ​ប្រាក់​ទៅផ្ទះ។ ពួក​គេ​ភាគ​ច្រើន​ធ្វើ​ការ​សម្រេច​ចិត្ត​បែប​នេះ​ដោយ​ខ្លួន​ឯង​ ហើយ​មាន​តែ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ ដែល​ត្រូវ​បាន​បញ្ចុះ​បញ្ចូល​
ដោយ​អ្នក​ដទៃ ។
    - ឱន​ភាព​សេដ្ឋកិច្ច​បច្ចុប្បន្ន រួម​ផ្សំ​ជា​មួយ​​នឹង​ការ​ជួយ​ផ្លាស់​ប្តូរផ្សេងៗ​នៅ​ក្នុង​ច្បាប់​ជាតិ បាន​ធ្វើ​ឡើង​ឲ្យ​ស្រ្តី​វិយ​ក្មេង​ជា​ច្រើន​ពាន់​នាក់ ចូល​មក​ក្នុង​វិស័យ​កម្សាន្ត​សប្បាយ​ ដែល​ការ​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ(ដោយ​​លាក់​​កំបាំង) កំពុង​ជំនួស​ការ​បម្រើ​សេវា​ផ្លូវ​ភេទ​ជា​ផ្លូវ​ការ​នៅ​តាម​ផ្ទះ​បន។
    - នៅ​ពេល​ដែល​ស្រ្តី​ចូល​បម្រើ​សេវាកម្សាន្ត​សប្បាយ និង​សេវា​ផ្លូវ​ភេទ​ដោយ​ប្រយោល ពួក​គេ​មិន​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​កម្ម​វិធី​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ ១០០%​ ដែល​ធ្លាប់​ទទួល​បាន​ជោគ​ជ័យ។​​​ លើស​ពី​នេះ​​ទៅ​ទៀង​ ដោយ​សារ​តែ​នគរបាល​ចាត់​ទុក​ការ​ដាក់​ស្រោម​អនាម័យ​តាម​ខ្លួន​ ថាជា​ការ​បង្ហាញ​ពី​ការ​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ខុស​ច្បាប់​ នេះ​ជា​កត្តា​រារាំង​មិន​ឲ្យ​មាន​ការ​បន្ត​ផ្សព្វ​ផ្សាយ​ព័ត៌មាន ​អំពី​មេ​រោគ​អេដស៍​ជំងឺ​​អេដស៍ ដល់​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​ក្រៅ​ផ្លូវ​ការ នៅ​ពេល​ដែល​ពួក​គេ​កំពុង​ត្រូវ​ការ​ព័ត៌មាន​បំផុត។
    - អ្នក​បម្រើ​សេវា​មួយ​ចំនួន ជាពិសេស​ អ្នក​ម៉ាស្សា​ និង​អ្នក​រត់​តុ ទទួល​​បាន​ប្រាក់​ឈ្នួល​យ៉ាង​ទាប​ពី​ការ​ងារ​របស់​ពួក​គេ ដែល​ធ្វើ​ឲ្យ​ការ​បម្រើ​សេវា​ផ្លូវ​ភេទ​ក្លាយ​ជា​យុទ្ធ​សាស្រ្ត​មួយ​ ដើម្បី​ឲ្យ​ពួក​គេ​អាច​បំពេញ​តម្រូវ​ការ​របស់​ពួក​គេ​បាន​។
    - ជាធម្មតា​ ការ​ចរចា​អំពី​ការ​រួម​ភេទ​ជា​មួយ​ភ្ញៀវ ធ្វើ​ឡើង​ដោយ​ផ្ទាល់​នៅ​កន្លែង​ធ្វើ​ការ រវាង​ស្រ្តី​បម្រើ​សេវា​ និង​ភ្ញៀវ ។ នៅ​ពេល​មាន​ការ​ព្រម​ព្រៀង​គ្នា​លើ​ការ​រួម​ភេទ​រួច​ហើយ ស្រ្តី​ផ្សព្វ​ផ្សាយ​ស្រាបៀរ​ស្រ្តី​រត់​តុ​ និង​ស្ត្រី​អង្គុយ​កំដរ​ភ្ញៀវ នឹង​រៀប​ចំ​ជួប​ជា​មួយ​ភ្ញៀវ​ នៅ​តាម​ផ្ទះ​សំណាក់​ដែល​នៅ​ជិត​នោះ បន្ទាប់​ពី​នាង​ចេញ​ពីកន្លែង​ធ្វើ​ការ ចំពោះ​ស្រ្តី​ដែល​ធ្វើ​ការ​ងារ​នៅ​តាម​ហាង​ម៉ាស្សា​ និង​ហារ​ខារ៉ា​អូ​ខេ នៅ​តាម​ហាង​​របស់​ពួក​គេ​មាន​បន្ទប់តូចៗ​សម្រាប់​ជួល​ប្រ​ចាំ​ម៉ោង។
    - ទំនាក់​ទំនង​របស់​ស្រ្តី​ជា​មួយ​ផ្ទាះ​សំណាក់​ ហាក់​បី​ដូច​ជា​មាន​សារៈ​សំខាន់​ចំពោះ​សុវត្ថិភា​ព​របស់​ពួកគេ ។ អ្នក​បម្រើ​សេវា​មួយ​ចំនួន​ពឹង​ផ្អែក​លើ​សន្តិ​សុខ​នៅ​តាម​ផ្ទះ​សំណាក់​ ដើម្បី​ការ​ពារ​ និង​ផ្តល់​ស្រោម​​អនាម័យ​ដល់​ពួក​គេ ។

ការ​ប្រៀប​ធៀប​ជីវិត​ក្នុង​រោង​ចក្រ​ជា​មួយ​ការ​ងារ​បម្រើ​សេវា​កម្ម​កម្សាន្ត​សប្បាយ​ និង​ការ​ងារ​បម្រើ​សេវា​ផ្លូវ​ភេទ៖
    - អ្នក​បម្រើសេវា​ស្ទើរតែ​ទាំងអស់​ ដែល​បាន​សម្ភាស​ចង់​ធ្វើ​ការ​ងារ​បម្រើ​សេវា​កម្សាន្ត​សប្បាយ​ជា​ជាង​ធ្វើ​ការ​ងារ​ក្នុង​រោង​ចក្រ​កាត់​ដេរ​ ពួក​គេ​ភាគ​ច្រើន​គិត​ថា ជីវិត​នៅ​ក្នុង​រោង​ចក្រ​ពិបាក​ជាង​ បាន​ប្រាក់​ឈ្នូល​តិច​ ធ្វើ​ការ​ងារ​ច្រើន​ម៉ោង លក្ខខ័ណ្ឌ​ការងារ​មិនល្អ (និង​មិន​ធ្វើ​ឲ្យ​ពួក​គេ​មាន​សុខ​ភាព​ល្អ) ហើយ​អ្នក​គ្រប់គ្រង​ត្រួត​​ត្រា​ហួសហេតុ​ពេក។
    នេះ​គឺ​សំដៅលើការ​អនុវត្ត​ច្បាប់​ប្រឆាំង​​នឹង​ការ​ជួញ​ដូរ​មនុស្ស​បច្ចុប្បន្ន​ (អនុម័ត​នៅក្នុង​ឆ្នាំ​ ២០០៨) ដែល​ចាត់​ទុក​ទង្វើ​ពេស្សាចារ​ គឺ​ជា​បទ​ល្មើស ព្រហ្ម​ទណ្ឌ​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ច្រើន​នៃ​របៀប​ធ្វើ​អាជីវកម្ម​ផ្លូវ​ភេទ និង​របៀប​រក​សេវា​ផ្លូវ​ភេទ និង​របៀប​រក​សេវា​ផ្លូវ​ភេទ នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​ (​ដូច​ជា​ចេញ​ពី​ផ្ទះ​បន​ដែល​ឥលូវ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ខុស​ច្បាប់​ទៅ​តាម​កន្លែង​បម្រើ​សេវា​កម្សាន្ត​សប្បាយ​ ដូច​ជា​ហាង​​ខារ៉ា​អូ​ខេ  ហាង​ម៉ាស្សា​ និង​បៀរ​ហ្គា​ដិន ជា​ដើម )។ តួ​លេខ​បង្ហាញ​ ដែល​ទទួល​បាន​ពីទិន្នន័យ​(រួមគ្នា) របស់​NCHAD និង KHANA បង្ហាញ​ពីការ​កើន​ឡើង​នូវ​និយោជិត​ក្នុង​វិស័យ​​កម្សាន្ត​សប្បាយ​ចំនួន ១៤,១២៨​នាក់
រវាងឆ្នាំ ២០០៨ និង​២០០៩ (សូម​មើល​របាយការណ៍​ពេញ​ទំព័រ​ទី១៤ អំពី​ការ​បែង​ចែក​ទៅ​តាម​ប្រភេទ​គ្រឹះ​ស្ថាន​)។ គោល​នយោ​បាយ ​ប្រើប្រាស​ស្រោម​អនាម័យ​ ១០០% ត្រូវ​បាន​រៀប​ចំ​ឡើង​ជា​ពិសេស​សម្រាប់​ផ្ទះ​
បន ហើយ​ត្រូវ​បាន​ទុក​ថា ជា​ក្រម​ខ័ណ្ឌ​ច្បាប់​មួយ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​ភ្នាក់​ងារ​សុខ​ភាព​ចុះ​ផ្តល់​សេវា​ដល់​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ គោល​នយោ​បាយ​នេះ មិន​គ្របដណ្តប់​លើ​គ្រឹះ​ស្ថាន​មិន​មែន​ផ្ទះ​បន (ដូច​ជា​ ហាង​ម៉ាស្សា បៀរហ្គាដិន និង​ហាង​ខារ៉ា​អូ​ខេ) ដែល​ជា​កន្លែង​បម្រើ​ ឬ​ស្វែង​រក​សេវា​ផ្លូវ​ភេទ​នោះ​ឡើយ ។
    - តាម​រយៈ​ការ​ផ្តល់​សេវា​បម្រើ​ផ្លូវ​ភេទ បន្ថែម​ពី​លើ​ការ​ងារ​បម្រើ​សេវ​កម្សាន្ត​សប្បាយ អ្នក​បម្រើ​សេវា​បាន​និយាយ​ថា ពួកគេ​អាច​ផ្គត់​ផ្គង់ខ្លួន​ឯង​ និង​ឧបត្ថម្ភ​ដល់​គ្រួសារ​របស់​ពួកគេ​បាន​ប្រសើរ​ជា​មុន។ ពួក​គេ​ក៏​ឯក​ភាព​ផង​ដែរ​ថា​ ការ​ងារ​ទាំង​នេះ​មាន​ចំនួន​ម៉ោង​ធ្វើការ​តិច ហើយ​ផ្តល់​ឲ្យ​ពួក​គេ​នូវ​សេរីភាព​ច្រើន​ជាង​ការ​ងារ​ក្នុង​រោង​ចក្រ ។
    -មាន​ការយល់​ឃើញ​ផ្សេងៗ​គ្នា​អំពី​ថាតើ​ ស្រ្តី​បម្រើ​សេវា​ទាំង​នេះ​គ្រោង​បន្ត​ធ្វើ​ការ​ងារ​បម្រើសេវា​កម្សាន្ត​សប្បាយ និង​ការ​ងារ​បម្រើ​សេវា​ផ្លូវ​ភេទ នាពេល​អនាគតដែរ ឬទេ ។ ប៉ុ​ន្តែ​បើទោះបីការ​ងារ​នេះ​មាន​ការ​លំបាក​ក៏ដោយ ក៏ពួក​គេ​ភាគ​ច្រើន​និយាយ​ថា​ ការ​ងារ​ទាំង​នេះ​ ល្អ​ជាង​ការងារ​ក្នុងឧស្សា​ហកម្ម​កាត់​ដេរ ហើយ​ពួក​គេ​ជា​ច្រើន​នាក់​ថែម​ទាំង​និយាយ​ផង​ដែរ​ថា​ ពួក​គេ​នឹង​បដិសេធ​ការ​ងារ​ក្នុង​រោង​ចក្រ​ចោល​ ប្រសិន​
បើ​មានគេផ្តល់​ការ​ងារ​នេះ​ឲ្យ​ពួកគេ​ធ្វើ​ម្តង​ទៀង​។

ករណីសិក្សា
    ខាងក្រោម​នេះ​ ជាឧទាហរណ៍​ករណី​សិក្សា​ចំនួន ៣ អំពី​ស្រ្តី ដែល​ត្រូវ​បាន​គេ​បញ្ឈប់​ការ​ងារ​វិស័យ​កាត់​ដេរ ហើយ​ដែល​ឥលូវ​នេះ​ កំពុង​ធ្វើ​ការ​ងារ​ជាអ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ និង​ជា​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ ដោយ​ប្រយោល នៅ​ក្នុង​ក្រុង​ភ្នំ​ពេញ ទម្រង់​ពេញ​លេញ​នៃ​រឿង​រ៉ាវទាំង​នេះ និង​រឿង​រ៉ាវ​របស់​អ្នក​បម្រើ​សេវា​ផ្សេង​ទៀង មាន​នៅ​ក្នុង​របាយ​ការណ៍​ចុង​ក្រោយ (អាច​រក​បាន​ពី​គេ​ហ​ទំព័រ​របស់​រោង​ចក្រ​កាន់​តែ​ប្រសើរ​នៅ​​កម្ពុជា)។

ផារី អាយុ​២៦ឆ្នាំ មក​ពី​ខេត្ត​បាត់​ដំបង
    បន្ទាប់​ពី​ធ្វើ​ការងារ​ឡើង​ចុះ​ នៅ​ក្នុង​វិស័យ​កាត់​ដេរ​ជិត​ ១០ឆ្នាំរួច​មក​ ផារី បាន​បាត់​បង់​ការ​ងារ​ក្នុង​រោង​ចក្រ​របស់​នាង​នៅ​ក្នុង​ឆ្នាំ ២០០៩ ឥលូវ​នេះ នាងកំពុង​ធ្វើ​ការ​ងារ​ជា​​អ្នក​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​នៅ​ក្នុង​ទី​ក្រុង​ភ្នំ​ពេញ ។ ដោយ​មាន​ឱកាស​តិច​តួច​ និង​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​កាន់​តែ​មាន​ច្រើន​ឡើងៗ (នាង​មិន​បាន​ទទួល​ប្រាក់​បំណាច់អ្វី​ទាំង​អស់​​ពី​រោង​ចក្រ​របស់​នាង នៅ​ពេល​រោង​ចក្រនោះ​បិទ​ទ្ធារ) ដំបូង ផារី រក​បាន​​ការ​ងារ​ធ្វើ​នៅ​ក្នុង​ហាង​ខារ៉ា​អូ​ខេមួយ​ ហើយ​មិនយូរ​ប៉ុន្មាន​នាង​បាន​ចាប់​បម្រើ​សេវា​ផ្លូវ​ភេទ​ជា​មួយ​ភ្ញៀវ ដើម្បី​រក​ចំណូល​បន្ថែម​ពី​លើ​ការ​ងារ​ខារ៉ា​អូ​ខែនេះ ។ ការ​ងារ​បន្ថែម​នេះ​​ធ្វើឲ្យ​នាង​អាច​បង្កើន​ចំណូល​លើស​ពី​ប្រាក់​ខែ​គោល ៦០ដុល្លារក្នុង​មួយ​ខែរបស់​នាង ហើយ​អាចរ៉ាប់​រង​ចំណាយ​សម្រាប់​ការ​ព្យាបាល​ជំងឺ​របស់​ម្តាយ​នាង​។ ប៉ុន្តែ​បី​ខែ​ក្រោយ​មក ផារី បាន​លា​ឈប់​ពី​ការ​ងារ​នេះ ហើយ​ចាប់​ផ្តើមធ្វើ​ការ​ងារ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ស្រា​បៀរ​ ពេលនេះ​នាង​ធ្វើ​ការ​ងារ​តិច​ម៉ោង​ជាង​មុន ហើយ​បានប្រាក់​ខែ​ច្រើន​ជាង​មុន (ប្រហែល​ជា​ ៧០​ដុល្លារក្នុង​មួយ​ខែ) ប៉ុន្តែនាង​នៅ​តែ​បម្រើ​សេវា​ផ្លូវ​ភេទ​ ដើម្បី​ចំណូល​បន្ថែម ។ ឥលូវ​នេះ​នាង​មាន​ភ្ញៀវ ៤ ទៅ ៥នាក់​ក្នុង​មួយ​ខែ​ ដែល​ម្នាក់ៗ​ត្រូវ​បង់​ ៥០​ដុល្លារ​ពេលរួម​ភេទ​ម្តង។ ដោយ​សារ​ការមិន​ចូល​ចិត្ត​ការ​ងារ​កាត់​ដេរ​ និង​ការ​ងារ​ខារ៉ាអូ​ខេ ផារី និយាយ​ថា​ នាង​ពេញ​ចិត្ត​នឹង​ការ​ងារ​បច្ចប្បន្ន​របស់​នាង​ ដោយ​សារ​តែ​វា​ធ្វើ​ឲ្យ​នាង​មាន​​សេ​រីភាព​ច្រើន​ជាង​មុន និង​ធ្វើ​ការ​ងារ​ដោយ​គ្មាន​ការ​បង្ខិត​បង្ខំ ឬ​ការ​ត្រួ​តត្រា​អ្វី​ឡើយ ។ នាង​អនុវត្ត​ការ​រួម​ភេទ​ដោយ​សុវត្ថិភាព​ជា​មួយ​ភ្ញៀវរបស់នាង​ ហើយ​ជឿ​ថា​ នាង​ដឹង​យ៉ាង​ច្បាស់​អំពី​មេ​រោគ​អេដស៍ និង​ជំ​ងឺ​កាម​រោគនេះ។

ទេវី អាយុ៣១ឆ្នាំ មកពី​ក្រុង​ភ្នំ​ពេញ
    ទេវី​ ក៏ធ្វើ​ការ​ងារ​ជា​អ្នកផ្សព្វ​ផ្សាយ​ស្រាបៀរ​ផង​ដែរ បន្ទាប់​ពី​រោង​ចក្រ​ ដែល​នាង​បាន​ធ្វើ​ការ​ងារ​រយៈពេល​ ៤ឆ្នាំ បាន​បទិ​បទ្វារ​ភ្លាមៗ​ គ្មាន​ការ​រំពឹង​ទុក​ជា​មុន។ បន្ទាប់​ពី​មាន​កូដ​​កម្ម​ជា​ច្រើន​ថ្ងៃ​រួច​មក ទេវី​និង​កម្មករ​កម្ម​ការិនី​ផ្សេង​ទៀត​បានទទួល​ប្រាក់​បំណាច់​ ៣០០ដុល្លារ​ពី​ម្ចាស់​រោងចក្រ ហើយ​ប្រាក់​នេះ​ បាន​ជួយ​នាង​រហូត​ដល់​នាង​រក​បាន​ការ​ងារ​ថ្មី​ធ្វើ នៅក្នុង​ភោជនីយ​ដ្ឋាន​មួយ ប៉ុន្តែ​ដោយ​សារ​នាង​លក់​ស្រា​បៀរ​មិន​
ដាច់​សោះ​ នៅ​ក្នុង​ខែ​ទី​មួយ ទេវី​ទទួល​ចំណូល​បានតែ​ពី​ប្រាក់​ធីប និង​ការ​បម្រើ​សេវាផ្លូវ​ភេទ​ជា​មួយ​ភ្ញៀវ​តែ​ប៉ុណ្ណោះ។
    ឥលូវ​នេះ​ ទេវី​ រួម​ភេទ​ជា​មួយ​ភ្ញៀវ ប្រហែល​ជា​ ២ដង​ក្នុង​មួយ​ខែ (តែង​ប្រើ​ស្រោម​អនា​ម័យ​) ហើយ​ទទួល​បាន​ប្រាក់​ចន្លោះ​ពី​១០ ទៅ​ ១៥​ដុល្លារ​ក្នុង​មួយ​ដង។ ទេវី ចាត់​ទុក​ខ្លួនឯង​ថា​ មាន​សំណាង​ដោយ​សារ​ឥលូវ​នេះ​ នាង​អាច​ផ្ញើរ​ប្រាក់​បាន​ ៣០ដុល្លារ​ក្នុង​មួយខែ​ ដើម្បី​ជួយ​ឧ​បត្ថម្ភ​ដល់​ឪពុក​ម្តាយ និង​ប្អូន​ស្រី​នាង​។ ចាប់​តាំ​ងពី​នាង​ចាក​ចេញ​ពី​រោង​ចក្រ​ នាង​ក៏​ជឿ​ផង​ដែរ​ថា ជីវភាព​របស់​នាង​បាន​ប្រសើរ​ជាង​មុន ហើយ​ក៏​ពេញ​ចិត្ត​ជាមួយ​នឹង​សេរី​ភាពដែល​ការ​ងារ​បច្ចុប្បន្ន​នេះ​ ផ្តល់​ឲ្យ​នាង​។

សុថា អាយុ២៣ឆ្នាំ មក​ពី​ខេត្ត​ព្រៃ​វែង
    សុថា ធ្វើ​ការ​ងារ​ជា​កម្មការិនី​កាត់​ដេរ ក្នុង​រោង​ចក្រ​កាត់​ដេរ​មួយ​ ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ ៥៥ដុល្លារ ក្នុង​មួយ​ខែ គិតរហូត​មក​ដល់​ពេល​រោង​ចក្រ​បិទទ្វារ នៅ​ក្នុង​ឆ្នាំ​២០០៦ ។ បន្ទាប់​ពី​នាង​ត្រូវ​បាន​គេ​បញ្ឈប់​ពី​ការ​ងារ នាង​បាន​មក​រស់​នៅ​ជា​មួយ​គ្រួសារ​របស់​នាង​ក្នុង​ខេត្ត​កំពង់​ចាម ហើយ​រក​ការ​ងារ​បាន​ធ្វើ​​ជា​អ្នក​រត់​តុ។ ដំបូង​ឡើយ នាង​មិន​បាន​បម្រើ​សេវា​ផ្លូវ​ភេទ​នោះ​ឡើយ ហើយ​ទទួល​បាន​បាន​ការពារ​ពី​ម្ចាស់​​ភោជនីយ​ដ្ឋាន​ ដែល​មិន​អនុញ្ញាត​ឲ្យ​នាង​អ្គុយ​កំដរ​ភ្ញៀវ​ឡយ។ ប៉ុន្តែ​ដោយ​សារ​ប្រាក់​ខែ​នាង​តិច បាន​ត្រឹម​តែ​ ២៥​ដុល្លារ​ក្នុង​មួយ​ខែ ទី​បំផុត​នាង​បាន​សម្រេច​ចិត្ត​បម្រើ​សេវា​ផ្លូវ​ភេទ​ទៅ​ឲ្យ​ភ្ញៀវ​ម្នាក់​ ត្រឹម​តែ​ម្តង​បាន​ ១០០​ដុល្លារ។
    បច្ចុប្បន្ននេះ នាង​ធ្វើ​ការ​ងារ​នៅ​ទី​ក្រុង​ភ្នំ​ពេញ​ ជា​អ្នក​ង្គុយ​កំដរ​ភ្ញៀវ ដោយ​នាងទទួល​បាន​ ៤០​ដុល្លារ​ក្នុង​មួយ​ខែ (រួម​ទាំង​ប្រាក់​ធី) បូក​រួម​ជាមួយ​នឹង​ការ​ងារ​បម្រើ​សេវា​ផ្លូវ​ភេទ​ជា​ប្រ​ចាំ​ ឥ​លូវ​នេះ សុថា រក​បាន​ប្រហែល​ជា​ ២០០ដុល្លារ​ក្នុង​ខែ។ ខណៈ​ពេល​ដែល​នាង​ទទួល​ស្គាល់ថា ការងារ​កាត់​ដេរ​មាន​ការ​លំ​បាក​ជាង​ការ​ងារ​បច្ចុប្បន្ន​របស់​នាង​ ជា​អ្នក​អង្គុយ​កំដរ​ភ្ញៀវ​ ហើយ​នាង​អណិត​សង្សារ​របស់​នាង ដែល​មិន​ដឹង​ថា​ នាង ជា​អ្នក​បម្រើ​សេវា​កម្ម​ផ្លូវ​ភេទ។ បើ​ទោះ​បី​ជា សុថា​ បាន​ប្រើ​ប្រាស់​ស្រោម​អនាម័យ​ជា​មួយ​ភ្ញៀវ​ក៏ដោយ ក៏នាង​ប្រើ​ស្រោម​អនាម័យ​តែម្តង​ម្កាល​ប៉ុណ្ណោះ ជាមួយ​សង្សារ​របស់​នាង​ ហើយ​នឹង​មិ​ន​ដែល​ពិនិត្យ​រក​មើល​ ជំងឺ​កាមរោគ​ឡើយ ។ នៅពេល​មួយ​ ពេល​ដែល​នាង​ធ្វើ​ការ​ងារ​ជា​អ្នក​រត់​តុ សុថា ត្រូវ​ភ្ញៀវម្នាក់ ដែល​ចង់​រួម​ភេទ​ជា​មួយ​នាង បាន​ភ្ជង់​នាង​​ជាមួយ​នឹង​កាំ​ភ្លើង។ តែ​ទោះ​ជាយ៉ាង​ណា​ក៏ដោយ​ ក៏​នេះ​មិន​អាច​រា​រាំង​នាង​មិន​ឲ្យធ្វើ​ការងារ​បម្រើ​សេវាផ្លូវ​ភេទនេះ​ដែរ។

អនុសាសន៍
    លទ្ធផល​ទទួល​បាន​ពី​ការ​សិក្សា​នេះ និង​ការ​សិក្សា​ដទែ​ទៀត​ បង្កើត​បាន​ជា​មូល​ដ្ឋាន​សម្រាប់​អនុសាសន៍​ខាង​ក្រោម៖
    (១) ចាប់​ផ្តើម​យុទ្ធ​នា​ការ​មួយ​ប្រឆាំង​នឹង​អំពើ​ហិង្សា​ និង​ការ​រំលោភ​បំ​ពាន​ផ្សេង​ទៀត​ នៅ​ក្នុង​វស័យ​កម្សាន្ត​សប្បាយ និង​ឲ្យ​ម្ចាស់​ និ​ង​អ្នក​គ្រប់​គ្រង​កន្លែង​កម្សាន្ត​សប្បាយ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រំលោភ​​បំ​ពាន​ទាំង​នេះ ។ នេះគឺ​ដោយ​សារ​តែ​មាន​ទំ​នាក់​ទំនង​យ៉ាង​ច្បាស់​លាស់​ និង​សំខាន់​ រវាង​ការ​បៀត​បៀន និង​លក្ខ​ខ័ណ្ឌ​ការ​ងារ​ប្រកប​ដោយគ្រោះ​ថ្នាក់ ជាមួយ​នឹង​កំណើន​ភាព​ងាយ​រងគ្រោះ​ដោយ​សារ​មេ​រោគ​អេដស៍​ នៅ​តាម​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយនានា។
    (២) បង្កើត​សម្ភារៈ​អប់រំ​ផ្សព្វ​ផ្សាយ​ដែល​ឆ្លើយ​តប​ចំពោះ​ភាព​ងាយ​រងគ្រោះ​ដែល​បាន​លើក​ឡើង​ នៅ​ក្នុង​របាយ​ការណ៍​នេះ ហើយ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​សម្ភារៈ​ទាំង​នេះ​ទៅ​តាម​កន្លែង​ធ្វើ​ការងារ​នានា​ អ្នក​គ្រប់​​គ្រង​ដែល​ជាគោល​ដៅ អ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ និង​អតិថិជនរបស់​ពួកគេ។​ សម្ភារៈ​អប់​រំផ្សព្វ​ផ្សាយ​បែប​នេះ​ គួរ​គ្រប​ដណ្តប់​លើ​បញ្ហា​ ដែល​ពាក់​ព័ន្ធ​ជា​មួយ​សិទ្ធិ ជា​មូល​ដ្ឋាន​របស់​អ្នក​បម្រើ​សេវា​ដូច​ជា​ ប្រាក់​ឈ្នួល​សមរម្យ, (ការដោះ​ស្រាយ) បញ្ហាអសមត្ថភាព​យេនឌ័រ  និង​ការចូល​រួម​ជា​សមាជិក​សហជីព។
    (៣) ដក់​បញ្ចូល​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយ​ចូល​ទៅ​ក្នុង​ការអនុវត្ត​តាម​ប្រកាស​ខេខ ០៨៦​ (អនុ​វត្ត​ច្បាប់) ស្បី​ពី​ការ​បង្កើត​គណៈ​កម្មាធិការ​អេដស៍ នៅ​តាម​សហ​គ្រាស​ និងគ្រឹះ​ស្ថាន​នានា​ និង​ការ​បង្ការ​មេ​រោគ​អេដស៍ របស់​អ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ ។
    (៤) បង្កើត​ដំណើរ​ការ​ផ្តល់​អាជ្ញា​ប័ណ្ណ សម្រាប់​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយ​ ដោយ​ដាក់​បញ្ចូល​នូវ​លក្ខខណ្ឌ​ជាមូល​ដ្ឋាន ដើម្បី​ឲ្យ​និយោ​ជក​ធ្វើ​ការ​អនុវត្ត​ និង​អនុ​លោក​តាម​។
    (៥) បង្កើត​ការ​ពិនិត្យ​តាម​ដាន​ត្រី​ភាគី ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ​លក្ខខ័ណ្ឌ​ នៅ​តាម​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយ​ឲ្យ​បាន​ទៀង​ទាត់ ដោយ​ធ្វើ​ការ​ងារ​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​ក្រសួង​ទេស​ចរណ៍ នាយក​ដ្ឋាន​ពេទ្យ​ការ​ងារ​ ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ សមាគម​និយោ​ជក និង​សហជីព។
    (៦) ពង្រឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​តស៊ូ​មតិ​ ដើម្បី​អនុវត្ត​ក្រឹត្យ​លេខ ០៦៦ ស្តី​ពី​​ការ​អនុវត្ត​​កម្ម​វិធី​ប្រើ​ប្រាស់​ស្រោម​អនា​ម័យ​ ១០០%​​ នៅ​តាម​គ្រឹះ​ស្ថាន​កម្សាន្ត​សប្បាយ ។ ទាក់​ទិន​នឹងគោល​បំណង​នេះ ក្រឹត្យ​នេះ​ត្រូវ​ពិចារណា​លើ​បរិបទ​ពិសេស​នៃ​ការ​ងារ​បម្រើ​សេវា​ផ្លូវ​ភេទ នៅ​តាម​កន្លែង​កម្សាន្ត​សប្បាយ ដូច​ជា ការ​ដែល​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ មិន​ប្រើ​ស្រោម​អនាម័យ​ជា​មួយ​ភ្ញៀវ​ជា​ប្រ​ចាំ​ និង​ដៃ​គូ​មិន​មែន​ជា​ភ្ញៀវ​ ជា​ដើម។
    (៧) សម្រប​សម្រួល​ឲ្យ​ដៃ​គូ​ត្រី​ភាគី​មាន​តួនាទី​ឆ្លើយ​តប​ចំពោះ​ភាព​ចំពោះ​ភាព​ងាយ​រងគ្រោះ​សំខាន់​ៗ​​ នៅ​ក្នុង​វិ​ស័យ​កម្សាន្ត​សប្បាយ។ ​​សហជីប​គួរ​ពិចារណា​ធ្វើ​ការ​ងារ​ជា​ដៃ​គូ ជា​មួយ​នឹង​សមា​គម​អ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ​​ ដែល​ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​ ដើម្បី​ផ្តើម​ធ្វើ​ការ​ងារ​ផ្តោត​លើ​បញ្ហាសុខ​ភាព និង​សុវត្ថិ​ភាព​នៅ​កន្លែង​ធ្វើការងារ​ជា​មូល​ដ្ឋាន និង​ការ​ទទួល​បាន​សន្តិ​សុខ​សង្កម ការ​ពង្រឹង​ភាព​ជា​ដៃ​គូ​រវាង​សមាគម​ និង​សហជីព គឺ​ជា​ជំហាន​ដ៏​សំខាន់​មួយ​ ដើម្បី​កែ​លំអ​លក្ខខ័ណ្ឌសុខភាព និង​សុវត្ថិ​ភាព​របស់​អ្នក​បម្រើ​សេវា​កម្សាន្ត​សប្បាយ​៕

ចែករំលែក
Print
ឈ្មោះ  
E-mail  
Comment  




ព័ត៌មានទាក់ទង
សហព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​រៀប​ចំ​ការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​បាល់​ទាត់​ស្រ្តី​អាយុ​ក្រោម​១៨​ឆ្នាំ​លើក​ទី១​ ឆ្នាំ២០១០ - 6/09/2010 បើកអានៈ 12
អាចារ្យ​២​នាក់​ត្រូវ​បាន​​ចោទ​ប្រ​កាន់​​ថា បាន​កិប​គេង​លុយ​​​​សម្រាប់​ទុក​កសាង​​​វត្ត​ - 2/09/2010 បើកអានៈ 202
ទឹកលូសំអ៊ុយ​ដែល​នៅ​ក្រោយ​សាសា​គរុកោសល្យ​កំពុង​បង្ហូរ​ចូល​ស្ទឹង​សិរី​សោភ័ណ​ រង​នូវ​ការ​ប៉ះ​ពាល់​បរិស្ថាន​គួរ​ឲ្យ​ព្រួយ​បារម្ភ - 27/08/2010 បើកអានៈ 146
កិច្ចប្រជុំ​សាមញ្ញលើកទី១៥​របស់​ក្រុម​ប្រឹក្សា​ខេត្តបន្ទាយមានជ័យ - 27/08/2010 បើកអានៈ 86
សេចក្តី​ប្រកាស​ព័ត៌មាន - 25/08/2010 បើកអានៈ 258
មន្ត្រី​យោធា​នៃ​យោធ​ភូមិ​ភាគ​ទី៥​ជួរ​មុខ​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​រថយន្ត​ដឹក​ទំនិញ​រត់​ពន្ធ​បាន​មួយ​យប់​ រួច​ដោះ​លែង​ជា​ថ្នូរ​នឹង​ទឹក​ប្រាក់​ ២លាន.២សែន​រៀល - 25/08/2010 បើកអានៈ 160
ប្រជា​ពលរដ្ឋ​នៅ​ក្រុង​ប៉ោយ​​ប៉ែត​​រិះ​គន់​​ទៅ​​លើ​​អាជ្ញា​​ធរ​​ក្រុង​ និង​​ប៉ូលីស​​អន្តោ​ប្រ​វេសន៌​ថា​​នៅ​​បន្ត​​លក់​​សំ​បុត្រ​​ចូល​ផ្សារ​ឡុង​​ក្លឿ​​ប្រទេស​ថៃ - 24/08/2010 បើកអានៈ 131
ប្រធាន​ប៉ុស្តិ៍​ប៉ូលីស​អន្តោរប្រវេសន៌​នៅ​ច្រក​អន្តរ​ជាតិ​ ដូង ស្រុក​កំរៀង ធំក្លិន​មិន​ស្រួល - 21/08/2010 បើកអានៈ 287
ប៉េអឹម​ផ្ទៃ​ប្រទេស​ចាប់​រថ​យន្ត​ដឹក​ឈើ​គ្រ​ញូង​បង្កប់​ក្រោម​អេត​ចាយ - 21/08/2010 បើកអានៈ 99
តុលាការកំពូល​​ខេត្ត​បន្ទាយ​មានជ័យ​ចុះ​អនុវត្ត​សាល​ដីការ​​ដី​មួយ​កន្លែង​នៅ​ចំណុច​ផ្សារ​ត្រី​​បាញ់ឡេង ដោយ​មាន​ការ​ភ្ញាក់​ផ្អើល​ពី​ប្រជា​ពលរដ្ឋ - 14/08/2010 បើកអានៈ 120
សេចក្តីប្រកាសព័ត៌មានៈ សហភាព​អឺរ៉ុប ផ្តល់​អាហារ​រូបករណ៍​ដល់​និស្សិត និង​សាស្រ្តា​ចារ្យ​ខ្មែរ​ចំនួន​៣៣រូប ដើម្បី​បន្ត​ការ​សិក្សា និង​បង្រៀន​នៅ​អឺរ៉ុប - 13/08/2010 បើកអានៈ 281
សេចក្តីថ្លែងការណ៍​របស់​លោក​ជំទាវ​ Catherine Ashton តំណាង​ជាន់​ខ្ពស់​របស់​សហ​ភាព​អឺរ៉ុប ក្នុង​ទិវា​អន្តរ​ជាតិ​នៃ​បង​ប្អូន​ជន​ជាតិ​ដើម​ភាគ​ពិភព​លោក - 10/08/2010 បើកអានៈ 145
រថយន្តក្រុង​ដឹក​អ្នក​ដំណើរ​ពីរ​គ្រឿង​បង្កប់​សាច់​មាន់​ខូច​គុណ​ភាព​ត្រូវ​សមត្ថកិច្ច​​​​ចាប់បាន​ដោយ​មិន​ឃាត់​រថយន្តទុក - 9/08/2010 បើកអានៈ 222
ញត្តិ​សូមឲ្យ​ដោះលែង​ប្រជា​ពលរដ្ឋ​រងគ្រោះ​១២នាក់​ ក្នុង​រឿង​ទំនាស់​ដីធ្លី​ នៅ​ក្នុង​ឃុំ​អន្លង់​សំណរ​ ស្រុក​ជីក្រែង​ ខេត្ត​សៀម​រាប - 2/08/2010 បើកអានៈ 156
លទ្ធផល​សង្ខេប​នៃ​ការ​ស្រាវ​ជ្រាវ៖ ការសិក្សា​អំពី​អ្នក​បម្រើ​សេវា​ផ្លូវ​ភេទ​ដោយ​ប្រយោល​មក​ពីឧ​ស្សា​ហកម្ម​កាត់​ដេរ - 19/07/2010 បើកអានៈ 1918
កុំព្យូទ័រ កំប្លែង បង្ហាញម៉ូត
ទូរស័ព្ទ ប្លែកៗ ម៉ូតរថយន្ត







ចាងហ្វាងៈ វង់ សម័យ
លិខិតអនុញាតិច្បាប់លេខៈ ៤២៦ ព.ម.ប្រ.ក ចុះថ្ងៃទី ១២ ធ្នូ ២០០៧
ផ្ទះលេខ ៤ , ផ្លូវលេខ​៦១០,​ សង្កាត់ បឹងកក់២, ខ័ណ្ឌ ទទួលគោក ភ្នំពេញ
E-mail : khmersthapana@yahoo.com , Tel : 023 69 01 447 ,012 92 83 59
Deverlop by :
SKK Group