នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០០៩ នៅទីស្តីការគណៈរដ្ឋ
មន្ត្រីបណ្តោះអាសន្ន នៃក្រសួងការបរទេស សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការណែនាំឲ្យពង្រឹង
និងចាត់វិធានការម៉ឺងម៉ាត់ បង្ក្រាបរាល់សកម្មភាពបាញ់បោះរបស់ក្រុមទំនើង ទោះបីជាជនទាំងនោះមាន
ជាប់សាច់ឈាម ឬខ្សែស្រឡាយជាមន្ត្រីមានអំណាចក្នុងរដ្ឋាភិបាល ឬជាសាច់ឈាមខ្សែស្រឡាយរបស់
ឥស្សរជនណាមួយក៏ដោយ ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការណែនាំឲ្យចាត់វិធានការបែបនេះ គឺដើម្បី
ពង្រឹងសណ្តាប់ធ្នាប់សង្គម និងកឹត្យានុភាពអាជ្ញាធរពាក់ព័ន្ធ ។
ទន្ទឹមនឹងនេះដែរ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះមន្ត្រីរាជការ
អាជ្ញាធរដែនដី ក្នុងកិច្ចសហការឆ្លើយតប មានវិធានការដោះស្រាយគ្រោះធម្មជាតិ ដោយខ្យល់ព្យុះនាពេល
កន្លងមកនៅតាមបណ្តាខេត្តមួយចំនួនឲ្យបានទាន់ពេលវេលា ។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍បន្តទៀតថា ដោយឈរលើទស្សនទាន និងការវាយ
តម្លៃថា កម្លាំងមនុស្សធម៌ត្រូវបានពង្រឹង ។ សម្តេចបានផ្តល់អនុសាសន៍បន្ថែមទៀតថា បញ្ហាទី១ ត្រូវធានា
ឲ្យបានដាច់ខាតមិនបណ្តោយឲ្យមាននរណាម្នាក់ស្លាប់ដោយសារតែដាច់ស្បៀងទេ បញ្ហាទី២ អាជ្ញាធរ
ពាក់ព័ន្ធជួយសម្រួលរៀបចំលំនៅឋាន ជួយប្រជាពលរដ្ឋរងគ្រោះដោយខ្យល់ព្យុះឲ្យវិលទៅរកស្ថានភាព
ប្រក្រតីវិញ ។ បញ្ហាទី៣ ស្តារវិស័យកសិកម្មដែលទទួលរងនូវការខូចខាតដោយមហន្តរាយខ្យល់ព្យុះនា
ពេលថ្មីៗនេះ និងបូកសរុបវាយតម្លៃការខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងកំណត់លទ្ធភាពជួសជុលទៅតាម
ឥណទានដែលមាន ៕ |