ក្រសួង​ព័ត៌មាន ​ប្រកាស​ជា​សាធារណៈ នៅ​ថ្ងៃ​ទី២៨ ខែ​មករា នូវ​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន សម្រាប់​សាធារណជន​ចូលរួម​បញ្ចេញ​មតិ​យោបល់ ដើម្បី​ឲ្យ​ច្បាប់​នេះ​ស្រប​តាម​ស្តង់​ដារ​អន្តរជាតិ។

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី១​ហើយ ដែល​ក្រសួង​ព័ត៌មាន បាន​សហការ​ជាមួយ អង្គការ​យូណេស្កូ(UNESCO) ប្រចាំ​កម្ពុជា បង្កើត​គេហទំព័រ​ដែល​មាន​ឈ្មោះ www.a2i.info.gov.kh នេះ​ឡើង។

Loading...

លោក​ថា គេហទំព័រ​នេះ បង្កើត​ឡើង​ក្នុង​គោល​បំណង​ឲ្យ​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស អង្គការ​សង្គម​ស៊ីវិល​ជាតិ-អន្តរជាតិ ចូល​រួម​ផ្ដល់​មតិ​យោបល់ ដើម្បី​ប្រមូល​បាន​ជា​ធាតុ​ចូល​មួយ សម្រាប់​យក​មក​ធ្វើ​ការ​កែ​លំអ​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដើម្បី​ឲ្យ​​ច្បាប់​នេះ​ស្រប​តាម​ស្តង់ដារ​អន្តរជាតិ និង​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្រសួង​ព័ត៌មាន និង​អង្គការ​យូណេស្កូ​ ប្រចាំ​កម្ពុជា រំពឹង​ថា គេហទំព័រ​ដែល​មាន​ឈ្មោះ​ថា www.a2i.info.gov.kh គឺ​ជា​ឧបករណ៍​សំខាន់ ក្នុង​ការ​រួម​ចំណែក​អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម តម្លាភាព អភិបាលកិច្ច​ល្អ និង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។ ជាង​នេះ​ទៀត ឈាន​ទៅ​សម្រេច​សេចក្ដី​ព្រាង​ច្បាប់ ​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដែល​មាន ​៩​ជំពូក និង ​៣៧មាត្រា កាន់​តែ​មាន​ប្រសិទ្ធភាព និង​មាន​ការ​អនុវត្ត​រឹងមាំ​ក្រោយ​ពី​បាន​អនុម័ត៕

bc9c64a5-9d85-4c13-b6df-411731aa5630

លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ថ្លែង​ក្នុង​កម្មវិធី​ដាក់​ឲ្យ​ប្រើប្រាស់​គេហទំព័រ​សិទ្ធិ​ទទួល​ព័ត៌មាន​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១៦។

ប្រភពៈ RFA