សេដ្ឋី​ថៃ​ម្នាក់​ដែល​មាន​ងារ​ហៅ​​ក្រៅ​ថា​ ជា​ស្តេច​ម៉ាស្សា ​ហើយ​ក៏​ធ្លាប់​ជា​តំណាងរាស្ត្រ​ក្នុង​សភា​ផង​នោះ ​ត្រូវ​បាន​តុលាការ​ថៃ​ផ្តន្ទាទោស ​ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ​ក្នុង​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រើប្រាស់​កំលាំង​ខុស​ច្បាប់ ​បំផ្លាញ​ទ្រព្យ​សម្បត្តិ៝​ឯកជន។ នេះ​ជា​លើក​ទីមួយ​ហើយ ​ ដែល​អ្នក​នយោបាយ​ថៃ​ម្នាក់​ ត្រូវ​បាន​តុលាការ​កាត់ទោស​ ហើយ​បញ្ជូន​ទៅ​ពន្ធធនាគារ​ភ្លាមៗ​បែប​នេះ។ នៅ​ពី​ក្រោយ​ការ​កាត់ទោស​នេះ ​ ច្បាស់​ណាស់​ថា​វា​មាន​ហេតុផល​នយោបាយ។

Loading...

លោក​ ឈូវីដ កាម៉ុលវិសិទ្ធ ​អាយុ​៥៥​ឆ្នាំ ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ថៃ​ទូទៅ ​ស្គាល់ថា​ជា​ស្តេច​ម៉ាស្សា ​ដោយ​សារ​តែ​លោក​សេដ្ឋី​រូប​នេះ ​​បាន​កសាង​ទ្រព្យ​សម្បត្តិ​និង​កេរ្តិ៍​ឈ្មោះ ​ក្នុង​របរ​បើក​ហាង​ម៉ាស្សា។ ភាព​ជោគជ័យ ​និង​ប្រជាប្រិយភាព​បាន​ជម្រុញ​ឲ្យ​លោក ​បើក​គណបក្ស​នយោបាយ​មួយ​ ​ដែល​មាន​ឈ្មោះថា​ គណបក្ស​រ៉ាក់​ប្រថេតថៃ ​នៅ​ឆ្នាំ​២០០៥។ លោក ​បាន​ជាប់​ឈ្មោះជា​តំណាងរាស្រ្ត​ក្នុង​សភា​ដល់​ទៅ​ពីរ​អាណត្តិ​ឯណោះ។

នៅថ្ងៃ​ព្រហស្បតិ៍​ទី​ ២៨​ មករា​នេះ ​តុលាការ​កំពូល​ក្រុង​បាងកក​ បាន​ចេញ​សាលដីកា​កាត់ទោស​ស្តេច​ម៉ាស្សា​នេះ​ ឲ្យ​ជាប់​គុក​២ឆ្នាំ។ លោក​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ដាក់​ពន្ធធនាគា​ភ្លាមៗ ​ក្រោយ​បិទ​សវនាការ។ លោក ​ឈូវីដ កាម៉ុលវិសិទ្ធ ​បាន​សារភាព​ទទួល​កំហុស ​ ចំពោះ​បទ​ចោទ​ប្រកាន់​ដែល​ចោទ​ថា​បាន​ប្រើប្រាស់ ​កំលាំង​ខុសច្បាប់​ បំផ្លេច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​ឯកជន។ យោង​តាម​ការ​ចុះផ្សាយ​របស់​កាសែត​ថៃ ​ នេះ​ជា​រឿង​វិវាទ​ដីធ្លី ​ដែល​សេដ្ឋី​ម៉ាស្សា​បាន​ទិញ ​ហើយ​បាន​ជួល​មនុស្ស​ជាង​៤០នាក់​ ទៅ​វាយ​បំផ្លាញ​ហាង​លក់​ភេសជ្ជៈ​ដែល​មាន​ទីតាំង​ នៅ​លើ​ដី​មាន​ជម្លោះ។

បើយើង​ស្តាប់​មួយ​ភ្លែត ​ នេះ​គ្រាន់​តែ​ជា​ការ​កាត់ទោស​ធម្មតា​ តែ​ប៉ុណ្ណោះ។ ក៏​ប៉ុន្តែ​ធាតុពិត ​ របប​យោធា​ថៃ​កំពុង​តែ​បោស​សម្អាត​អ្នក​នយោបាយ​ណា ​ដែល​មាន​ឥទ្ធិពល​ និង​ដែល​មាន​មាត់​ចេចចូច ​ ឧស្សាហ៍​និយាយ​រិះគន់​រដ្ឋាភិបាល។ លោក ឈូវីដ កាម៉ុលវិសិទ្ធ ​ធ្លាប់​ត្រូវ​គេ​ស្គាល់​ថា​អ្នក​មិន​សូវ​ចេះ​តមមាត់​តម​ក ​ក្នុង​ការ​រិះគន់​ទេ។ លោក​ម្នាក់​នេះ​តែងតែ​ហ៊ាន​រិះគន់ ​ក្រុម​មន្ត្រី​ប៉ូលីស​ពុក​រលួយ​ថៃ ​ដែល​ជម្រិត​ទារប្រាក់​ ពី​អ្នក​រកស៊ី​ស្លូតត្រង់។

យ៉ាងណាមិញ​ ការ​ប្រើ​ប្រព័ន្ធ​តុលាការ ​ កាត់​ទោស​អ្នក​នយោបាយ​បែប​នេះ ​ មិនមែន​ជា​លើក​ទីមួយ​ទេ។ លោក ​ថាក់ស៊ីន ​ត្រូវ​បាន​តុលាការ​ចោទ​ពី​បទ​ពុករលួយ ​នៅ​ឆ្នាំ​២០០៦។ ក្រោយ​មក​លោកស្រី​យីងឡាក់ ​អតីត​នាយករដ្ឋមន្ត្រី ​ក៏​ត្រូវ​តុលាការ​ចោទ​ប្រកាន់​ផង​ដែរ។ ប៉ុន្តែ​អ្វី​ដែល​មិន​ធ្លាប់​មាន​ គឺ​នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​អ្នក​នយោបាយ​ត្រូវ​ចាប់​ដាក់​គុក​ ព្រោះថា​ទាំង​លោក​ថាក់ស៊ីន ​ និង​ទាំង​ប្អូន​ស្រី​លោក​ នៅ​មិន​ទាន់​ត្រូវ​បាន​គេ​ចាប់​ដាក់​គុក​នៅឡើយ​ទេ។

chuwit-kamolvisitលោក ឈូវីដ កាម៉ុលវិសិទ្ធ ក្នុង​ពេលឃោសនា​បោះឆ្នោត

ប្រភពៈ RFI