ទស្សនកិច្ច​របស់​លោក ​ហាសាន់ រូហានី ​ប្រមុខ​រដ្ឋាភិបាល​អ៊ីរ៉ង់​ នៅ​ក្នុង​ប្រទេស​បារាំង​ គឺ​ជា​ឱកាស​ដើម្បី​បើក​ទ្វារ​ទីផ្សារ​អ៊ីរ៉ង់​ ទទួល​យក​ក្រុមហ៊ុន​បរទេស​ សារ​ជាថ្មី​ បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​បាន​សម្រេច​ដក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ចេញ​ពី​ប្រទេស​នេះ។ ពីរ​ថ្ងៃ​ទើបតែ​បាន​រំលង​ទៅ ​ កិច្ច​សន្យា​ពាណិជ្ជកម្ម​ធំៗ​​ជាច្រើន ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ រវាង​រដ្ឋាភិបាល​អ៊ីរ៉ង់ ​និង​ក្រុមហ៊ុន​ធំៗ​នាំមុខ​របស់​បារាំង​ ដូចជា​ក្រុមហ៊ុន​ផលិត​យន្តហោះ ​Airbus​ ក្រុមហ៊ុន​ប្រេង​ Total​ និង​ក្រុមហ៊ុន​ផលិត​រថយន្ត ​PSA​ ជាដើម។

Loading...

ទើបតែ​រួចខ្លួន​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​ ពេល​នេះ​អ៊ីរ៉ង់​ ចាប់ផ្តើម​វាយលុក​ទីផ្សារ​ពិភពលោក ​ ដោយ​បាន​ចាប់ដៃ​ជាមួយ​បារាំង​មុន​គេ។ ក្រុមហ៊ុន​ធំៗ​នាំមុខ​របស់​បារាំង​មួយ​ចំនួន​ កំពុងតែ​លើក​កែវ​ស្រា​ឆំប៉ាញ ​អបអរ​ បន្ទាប់​ពី​បាន​ចុះហត្ថលេខា​ពាណិជ្ជកម្ម​ជាមួយ​អ៊ីរ៉ង់។
យន្តហោះ Airbus
រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​អ៊ីរ៉ង់ ​ដែល​មាន​មុខ​ក្នុង​គណប្រតិភូ​អម​ដំណើរ​លោក ​ប្រធានាធិបតី​អ៊ីរ៉ង់​ហាសាន់ រូហានី ​នៅ​ទីក្រុង​បារីស​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​ រដ្ឋាភិបាល​អ៊ីរ៉ង់​ បាន​សម្រេច​ចុះ​ហត្ថលេខា​ទិញ​យន្តហោះ​ពី​ក្រុមហ៊ុន​ Airbus ​របស់​បារាំង​ចំនួន​១១៤​គ្រឿង។ អ្នកនាំ​ពាក្យ​កុ្រមហ៊ុន​នេះ ​ ក៏​បាន​បញ្ជាក់​ដែរ​ថា​ ក្រុមហ៊ុន​កំពុង​តែ​លៃលក​ដើម្បី​ធ្វើ​យ៉ាងណា ​ធ្វើការ​ផលិត ​និង​ប្រគល់​ទៅ​ឲ្យ​អ៊ីរ៉ង់​ ឲ្យ​បាន​ឆាប់​ជា​ទី​បំផុត។

សូម​បញ្ជាក់​ថា​បច្ចុប្បន្ន​នេះ ​ អ៊ីរ៉ង់​កំពុង​ត្រូវការ​យន្តហោះ​ថ្មីៗ​រាប់រយ​គ្រឿង ​ ដើម្បី​ធ្វើការ​ហោះហើរ​ ក្នុង​ខណៈ​ដែល​ប្រទេស​នេះ​ចាប់ផ្តើម​បើកទ្វារ​ទទួល​វិនិយោគទុន​បរទេស។ យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ជាតិ​អ៊ីរ៉ង់​ទាំង​អស់​បច្ចុប្បន្ន​នេះ​មាន​ចំនួន​២៥៦​គ្រឿង ​ ដែល​មាន​អាយុ​ជាង​២០ឆ្នាំ​មកហើយ ​ហើយ​ភាគ​ច្រើន​ជា​ប្រភេទ​យន្តហោះ​ធន់​ចំណាស់ៗ។ ជាង​ពាក់​កណ្តាល​ត្រូវ​បញ្ឈរ​ចោល​លែង​ដំណើរការ​ ដោយសារ​តែ​គ្មាន​គ្រឿង​បន្លាស់។ ការ​ទទួល​យន្តហោះ​ថ្មីៗ ​គឺ​ជា​កិច្ចការ​បន្ទាន់​សម្រាប់​ក្រុមហ៊ុន​នេះ ​ហើយ ​Airbus ​របស់​បារាំង​គឺ​ជា​អ្នក​នាំមុខ​គេ។

ក្រុមហ៊ុនប្រេងTotal
កិច្ចសន្យា​យក្ស​ទីពីរ​ ដែល​អ៊ីរ៉ង់​បាន​ចុះ ​នៅ​ថ្ងៃ​នេះ​ជា​មួយ​បារាំង​ គឺ​កិច្ចសន្យា​លក់ប្រេង​ឆៅ​ជា​មួយ​នឹង​ក្រុមហ៊ុន​Total​របស់​បារាំង។ ក្រុមហ៊ុន​ Total​ បាន​សន្យា​ទិញ​ប្រេងឆៅ ​ចំនួន​ចន្លោះ​ពី​ ១សែន​៥ម៉ឺន​ ទៅ​ ២សែន​ធុង​បារីល​ ក្នុង​មួយ​ថ្ងៃ ​ពី​អ៊ីរ៉ង់។ អ៊ីរ៉ង់​ ដែល​ជា​ប្រទេស​មាន​សម្បតិ្ត​ប្រេងកាត​ធំ​ជាង​គេ​លំដាប់​ទីបួន​ អាច​ផលិត​ប្រេង​ឆៅ​ចំនួន​ ២លាន​៨សែន​ធុង​បារីល​ ក្នុង​មួយ​ថ្ងៃ។ ការ​បោះជំហាន​មក​ក្នុង​ទីផ្សារ​ប្រេង​ របស់​អ៊ីរ៉ង់​នេះ ​ កំពុង​តែធ្វើ​ឲ្យ​អារ៉ាប៊ីសាអូឌីត​ព្រួយ​បារម្ភ​ ដោយសារ​តែ​ប្រេង​កាន់​តែ​ធ្លាក់​ថ្ងៃ ​នៅ​ប្រមាណ​តែ​ជាង​ ៣២​ដុល្លារ​ប៉ុណ្ណោះ ​ក្នុង​មួយ​ធុង​បារីល។

ក្រុមហ៊ុនផលិតរថយន្តបារាំង
អស់​ពី​យន្តហោះ​នឹង​ប្រេងឆៅ ​អ៊ីរ៉ង់​ ត្រូវការ​រថយន្ត​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក។ ក្រុមហ៊ុន​ផលិត​រថយន្ត​បារាំង​ពីរ ​គឺ​ក្រុមហ៊ុន ​Peugeot Citroën​ និង​ក្រុមហ៊ុន ​Renault​ កំពុងតែ​ត្រៀម​រៀប​ចំ​ចុះហត្ថលេខា​ជាមួយ ​នឹង​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​របស់​អ៊ីរ៉ង់​ ឈ្មោះ​Iran Khodro។ នេះ​ជា​ការ​ចាប់ដៃ​គ្នា ​រវាង​ក្រុមហ៊ុន​បារាំង​និង​អ៊ីរ៉ង់​ដើម្បី​ផលិត ​និង​តម្លើង​រថយន្ត​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់​ ដោយ​បារាំង​ជា​អ្នក​នាំចូល​បច្ចេកវិទ្យា។

ក្រៅ​ពី​ក្រុមហ៊ុន​ធំៗ​របស់​បារាំង​ទាំង​នេះ ​ នៅ​មាន​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ​របស់​បារាំង​មួយ​ទៀត​ ​ក៏​បាន​ចុះហត្ថលេខា​រកស៊ី​ជាមួយ​អ៊ីរ៉ង់​ដែរ។ ក្រុមហ៊ុន ​CMA CGM  ​បាន​ប្រកាស​ថា​ខ្លួន​នឹង​ក្លាយ​ជា​តួអង្គ​មួយ​ដ៏​សំខាន់​ ក្នុង​វិស័យ​ដឹក​ជញ្ជូន​ផ្លូវ​សមុទ្រ ​រវាង​អ៊ីរ៉ង់​ និង​ទីផ្សារ​ពិភពលោក​ទាំងមូល៕

2016-01-28T101606Z_1303958427_LR2EC1S0SIKRI_RTRMADP_3_IRAN-EUROPE-ROUHANI_0_0

លោក​ប្រធានាធិបតីអ៊ីរ៉ង់ Hassan Rohani អមដំណើរ ដោយ​លោក Laurent Fabius (ខាងឆ្វេង)រដ្ឋមន្រ្តីក្រសួង​ការបរទេសបារាំង ​នៅ​វិមាន​ Invalides

ប្រភពៈ RFI