សភា​ភូមាចាស់​​ដែល​ជា​មរតក​បន្សល់​ទុក​ដោយ​​របប​យោធា បាន​បើក​អង្គ​ប្រជុំ​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​សុក្រ​ទី ២៩ ​មករា ២០១៦ ក្នុង​បរិយាកាស​និង​អារម្មណ៍​ល្អ​បំផុត ដែល​អាច​បញ្ជាក់​បាន​អំពី​ឆន្ទៈពិត​ប្រាកដ​ ក្នុង​ការ​ផ្ទេរ​អំណាចដោយ​រលូន​ នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោយ​ ​ទៅ​ឱ្យ​សមាជិក​សភា​ជាប់​ឆ្នោត​ថ្មី ​របស់​ក្រុម​លោកស្រី​អ៊ុងសានស៊ូជី។

ទោះ​បី​ជា​ចាញ់​ឆ្នោត​ខ្លាំងក៏​ដោយ ក៏សមាជិក​សភា​​បក្ស​កាន់​អំណាចបែប​​ស៊ីវិលដំបូង ដែល​​​បង្កើត​ឡើង​ដោយ​របប​សឹក​ និង​ដែល​ត្រូវ​បញ្ចប់​តួនាទី​នៅ​ត្រឹម​ថ្ងៃ​នេះ មិន​ខ្លាច​នឹង​បង្កើន​ពាក្យ​សំដី​ល្អ ថែម​ទៀត​ នៅ​ក្នុង​ជំនួប​ប្រជុំ​សភា​លើក​ចុង​ក្រោយ​នេះទេ។

សម័យ​ប្រជុំ​បាន​ចាប់ផ្តើម ដោយ​សារ​លា​​​ប្រធាន​សភា​ បែប​កំប្លែងដូច​ទម្លាប់ ​ធ្វើ​ឱ្យ​សាល​ប្រជុំ​ទាំង​មូល​ផ្ទុះ​សំណើចគឹល ៖ “ខ្ញុំ​ចង់​និយាយ​លា​សមាជិក​សភា​​ ម្នាក់​ម្តងៗ ជាមួយ​រឿង​កំប្លែង​ម្នាក់មួយៗ តែ​គ្មាន​ពេល …  ចំពោះ​លោក​ស្រី​អ៊ុងសានស៊ូជី ដែល​ធ្លាប់​ផ្ញើ​នំ​មក​ឱ្យ​ខ្ញុំ​ជា​រៀង​រាល់​ពេល​បុណ្យ​ចូល​ឆ្នាំ ជា​ស្ត្រី​ដែល​ស្អាត​ជាងគេ​បំផុត”។

តំណាង​រាស្ត្រទាំង​​​​​​ចាស់ ទាំង​​ថ្មី បាននាំ​គ្នា​​បិទ​​បញ្ចប់​​អាណត្តិ​សភា​ ក្នុង​បរិយាកាស​រីករាយ ជួប​ជុំ​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់ និង​ការ៉ាអូខេ។ លា​គ្នា​ដោយ​រីករាយ​ជា​ដំណើរ​ចាក​ចេញ​ពី​តំណែង​ដ៏​ប្រសើរ​បំផុត ! នេះ​បើ​តាម​ការ​អះអាង​តំណាង​រាស្ត្រ​ម្នាក់​ដែល​បាត់​បង់​កៅអី​នៅ​សភា​ថ្មី។ ម្សិលមិញ ប្រធានាធិបតី​ភូមា ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​តំណែង​ដែរ​​នៅ​ខែ​មេសា បាន​ស្វាគមន៍​ការ​ផ្ទេរ​អំណាចតាម​បែប​ប្រជាធិបតេយ្យ​ជា​ជ័យ​ជំនះ​របស់​ពលរដ្ឋ​ភូមា។

សភា​អាណត្តិ​ថ្មី​ដែល​នឹង​គ្រប់​គ្រងមួយ​ភាគ​ធំ​​ដោយ​គណបក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី មាន​កាតព្វកិច្ច​ដំបូង​ត្រូវ​ជ្រើស​រើស​ប្រធានាធិបតី។ នេះ​ជា​​​អន្តរកាល​​នយោបាយ​ដ៏​សំខាន់​របស់​ភូមា។ ​ធ្លាប់​តែ​ដឹកនាំ​​ដោយ​យោធា​ និង​អតីត​​យោធា អស់​រយៈ​ពេល​ជាង​កន្លះ​សតវត្សរ៍ ប្រជាពលរដ្ឋ​សង្ឃឹម​ខ្លាំង​ណាស់​លើ​រដ្ឋាភិបាល​ថ្មី​ប្រសូត​ចេញ​ពី​ការ​បោះឆ្នោត​ដោយ​សេរី​​និងយុត្តិធម៌។

ក្តីរង់ចាំ​ធំ បន្ទុក​ក៏​មាន​ធ្ងន់​សម្រាប់​សមាជិក​សភា​ថ្មី​នៃ​បក្ស​សម្ព័ន្ធ​ប្រជាធិបតេយ្យភាគ​​ច្រើន​ ដែល​ជា​អ្នក​មាន​បទ​ពិសោធន៍​នយោបាយ​តិច​តួចនៅ​ឡើយ។ ម្យ៉ាង​ទៀត​ភូមា​ជា​ក្រីក្រ​បំផុត​មួយ​នៅ​លើ​លោក។ ​ប្រព័ន្ធ​អប់រំ​និង​សុខាភិបាល ខ្ទេច​ខ្ទី​ស្ទើរ​ដល់​បាត ឯ​ចំណែក​យោធា​នៅ​តែ​មាន​អំណាច​​ (២៥%​នៅ​ក្នុង​សភា) និង​តួនាទី​សំខាន់​ៗដដែល​​ក្នុង​រដ្ឋាភិបាល៕​

2016-01-29T051338Z_1251473666_GF10000288680_RTRMADP_3_MYANMAR-POLITICS

សមាជិក​សភា​គណបក្ស (USDP)ដែល​ធ្លាប់​កាន់​អំណាច​ ថត​រូួប​អនុស្សាវរីយ៍​ ក្នុង​ថ្ងៃ​ចុងក្រោយ នៅ​សភា ថ្ងៃទី ២៩​មករា ២០១៦Union Parliament session in Naypyitaw

ប្រភពៈ RFI