រដ្ឋាភិបាលបានចេញសេចក្តីសម្រេច​​និង​ការ​ព្រមាន​មួយ​ឲ្យ​ក្រុមហ៊ុនម៉ុង ឫទ្ធី ដែលធ្វើការវិនិយោគដូងប្រេងនិងដំណាំ​កសិ​ឧស្សា​ហកម្ម​នៅខេត្តព្រះសីហនុ​ បង់ថ្លៃដីសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនទទួលបាន​គោល​​ការណ៍អភិវឌ្ឍន៍ពីរដ្ឋាភិបាល។​

នៅក្នុងឯកសារមួយច្បាប់ចុះថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលវីអូឌី(VOD)ទើបទទួលបាននៅថ្ងៃចន្ទនេះ រដ្ឋា​​ភិបា​ល​បានលើកឡើង​ថាអនុញ្ញាតឲ្យក្រុមហ៊ុនម៉ុងឫទ្ធីដែលទទួលបានដីសម្បទានដូងប្រេងនៅភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះ​សីហនុ បន្តនីតិវិធីដោយទុករយៈពេល៣ខែ ដើម្បីឲ្យក្រុមហ៊ុនបង់ថ្លៃសម្ប​​ទានដី​សេដ្ឋកិច្ចជូនរដ្ឋនិងកែសម្រួលរយៈពេលវិនិ​យោគ​ពី៧០មក៥០ឆ្នាំវិញនិងចុះកិច្ចសន្យាឡើងវិញ​។ ឯកសារបន្តថាប្រគល់ជូនក្រសួងកសិកម្មនិងអាជ្ញាធរខេត្តព្រះសីហនុត្រួត​ពិនិត្យតាមដានអំពីវឌ្ឍនភាពរបស់​ក្រុមហ៊ុននេះឲ្យបានហ្មត់ចត់បំផុត។

ឯកសារបញ្ជាក់ថា៖ “ក្នុងករណីដែលក្រុមហ៊ុនមិនបានអនុវត្តត្រឹមត្រូវក្នុងរយៈពេលកំណត់ខាងលើ ក្រសួង​​​កសិកម្ម រុក្ខាប្រមាញ់និងនេសាទ ត្រូវរាយការណ៍ជូនគណៈកម្មការអន្តរក្រសួងដើម្បីមានវិធានការ​។…ប្រគល់ជូនកក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើការព្រមានក្រុមហ៊ុនម៉ុងឫទ្ធី វិនិយោគទុន ដំណាំ​ដូងប្រេងកម្ពុជា ដែលបានឈូសឆាយដីដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង​នេសាទ”។​

បើតាមឯកសារនោះ រដ្ឋាភិបាល​ក៏បានបញ្ជាក់ឲ្យ​ក្រុមហ៊ុន​បង់​ថ្លៃ​ដីសម្បទានសេដ្ឋកិច្ចដាំដូឡូងមីនៅខេត្តព្រះ​សី​ហនុ ក្នុងស្រុកព្រៃនប់ផងដែរ។ រដ្ឋាភិបាល​ក៏​បានប្រគល់ភារកិច្ចជូនក្រសួងកសិកម្ម អាជ្ញាធរខេត្ត​និង​​​ស្ថាប័នពាក់ព័ន្ធពិនិត្យ​ព្រំប្រទល់ដីរបស់ក្រុមហ៊ុននិង​ព្រមានក្រុមហ៊ុននេះ​ដែលរដ្ឋាភិបាល​ថាបានឈូស​ឆា​យដីនិងប្តូរប្រភេទដំណាំដាំដុះដោយពុំមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម។​

អ្នកនាំពាក្យនិងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម លោក អ៊ាង សុផល្លែត មានប្រសាសន៍ថា​គណៈកម្មការ​​អន្តរក្រសួង​បាន​ប្រជុំហើយសម្រេចឲ្យក្រុមហ៊ុន​បង់ដីសម្បទានសេដ្ឋកិច្ច។ នៅពេល​សួរថា​ហេតុអ្វី​បានជាក្រុមហ៊ុន​មិន​បាន​បង់ថ្លៃ​យូរមក​ហើយ លោក​បញ្ជាក់​ថា​នេះ​ជាយន្តការថ្មីមួយរបស់​រដ្ឋាភិបាល​អាណត្តិនេះ​​ហើយ​ថា​ក្រសួងកសិកម្ម​បានជំរុញឲ្យ​មាន​​ការបង់ថ្លៃដីសម្បទានសេដ្ឋកិច្ច​ឲ្យ​បានត្រឹមត្រូវ​។

លោកមានប្រសាសន៍ថា៖ “អ្វីដែលជាការសម្រេចរបស់គណៈកម្មការក្រសួង នៅពេលដែលយើង​ទុកជូនគាត់ហ្នឹង គឺសំដៅទៅលើតែការបង់ថ្លៃសម្បទានសេដ្ឋកិច្ចទេ មិនមែនការឈូសឆាយខុសច្បាប់​នោះទេ។ ការឈូសឆាយគឺមានលើសខ្វះតិចតួចហ្នឹង គឺជាការធម្មតាសម្រាប់អ្នកវិនិយោគដើម្បីជំរុញ​ការដំាដុះឲ្យទាន់ពេលវេលាហើយគណៈកម្មការបានសម្រេចឲ្យក្រុហ៊ុនម៉ុងឫទ្ធីបន្តនីតិវិធីហើយ លើកលែងតែត្រូវបង់ថ្លៃសម្បទានសេដ្ឋកិច្ចប៉ុណ្ណឹង”

ទាក់ទង​នឹង​ការ​ឈូសឆាយដី​ដោយ​ពុំមានការអនុញ្ញាត​ពីក្រសួងកសិកម្ម អ្នកនាំពាក្យ​រូបនោះបញ្ជាក់ថា៖ “ប្រហែលជាមូលហេតុមកពីក្រុមហ៊ុនគាត់ហ្នឹងបានទទួលដីសម្បទានសេដ្ឋកិច្ចហ្នឹង មុនពេលគោលការណ៍របស់រាជរដ្ឋាភិបាលចេញមកក្រោយ។ ក្រោយមកទេ ដែលយើងមានគោលការណ៍ថាមុនពេលធ្វើការឈូសឆាយ ត្រូវសុំគោលការណ៍ពីក្រសួងកសិ​កម្ម​សិន”​

លោក អ៊ាង សុផល្លែត ថា​លោក​មិន​ចាំ​ថា​តើ​ក្រុមហ៊ុនម៉ុងឫទ្ធីបានទទួលដីសម្បទានសេដ្ឋកិច្ច​ប៉ុន្មានហិកតាក្នុងខេត្តព្រះសីហនុនោះទេ។​

លោក ម៉ុង ឫទ្ធី ជាសមាជិកព្រឹទ្ធសភាមួយរូប​មកពីគណបក្សប្រជាជនកម្ពុជាប្រាប់វីអូឌីនៅថ្ងៃ​ចន្ទនេះ​ថាលោក​​បាន​ចុះកិច្ចសន្យា​​ទទួលដីសម្បទានសេដ្ឋកិច្ច​ដាំ​​ដូងប្រេង​តាំងពីឆ្នាំ១៩៩៦ហើយក្រុមហ៊ុន​មិនបានបង់​ប្រាក់លើដី​សម្បទានសេដ្ឋកិច្ចនោះទេ ដោយ​លោក​ថាមិនមាននីតិវិធីច្បាស់លាស់សម្រាប់ការបង់​។ លោក​មានប្រសាសន៍ថា៖ “វាអត់ទាន់ច្បាស់លាស់ថាបង់យ៉ាង​ម៉េចអីយ៉ាងម៉េច ឲ្យច្បាស់លាស់មក ក្រុមហ៊ុនចាំតែបងទេ មិនដឹងនីតិវិធីច្បាស់លាស់”។ លោកបញ្ជាក់ថាក្រុមហ៊ុនកំពុង​ដំណើរការបង់ប្រាក់ទាំងនោះ។

លោក ម៉ុង ឫទ្ធី បានច្រានចោលថាក្រុម​ហ៊ុនមិនបានឈូសឆាយដីដូច​ក្នុង​លើក​ឡើងនៅក្នុង​ឯកសារ​របស់រដ្ឋាភិបាលនោះទេ។ លោកបញ្ជាក់ថា៖ “ឈូសស្អី បើ​អត់មានដីឈូសផង។ ដូងប្រេងហ្នឹង​ដាំហើយតាំងពីមុនឆ្នាំ២០០០។ ឥឡូវ១៦ឆ្នាំហើយ យកមកនិយាយផេះស្អី។ ខ្ញុំអត់ដឹងទេ គេសរសេរសរសេរទៅ ខ្ញុំអត់ដឹងផង”

នាយខុទ្ទកាល័យក្រសួងបរិស្ថាន លោក ស្រ៊ុន ដារិទ្ធិ មានប្រសាសន៍ថាក្រសួង​បរិស្ថាន​ក៏​បាន​សម្រេច​កាត់​បន្ថយ​ទំហំ​ដីវិនិយោគ​របស់​ក្រុមហ៊ុនម៉ុង ឫទ្ធី នៅតំបន់ឧទ្យាន​គិរីរម្យ ខេត្តកំពង់ស្ពឺ ដែល​ទទួល​បាន​ពីក្រសួង​បរិស្ថាន ពី​​​ប្រមាណ៤ពាន់ហិកតាមក​ត្រឹមតែ១ពាន់ហិកតាប៉ុណ្ណោះ។​

អនុប្រធានគណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា  លោក សុន ឆ័យ ចាត់ទុកយន្ត​​ការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលជា”យន្តការខុសច្បាប់”ដោយលោកថាមិនមាននីតិវិធីច្បា​ស់លា​ស់ហើយការអនុវត្តមិនបានត្រឹមត្រូវតាមកិច្ចសន្យា។ លោកបន្តថាក្នុងឆ្នាំ២០១៤ រដ្ឋាភិបាល​អះ​អាង​​ថា​ប្រមូលចំណូល​បានប្រមាណ៥លាន៥សែនដុល្លារ ដែលលោកចាត់ទុកចំណូលនេះតិចតួចបំផុត​​។​ លោកស្នើឲ្យរដ្ឋាភិបាលប្រមូលដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់មកវិញ​និងទុកឲ្យមានការដុះព្រៃឈើនិង​ចែកជូនប្រជាពលរដ្ឋដែលខ្វះដីរស់នៅ។

បើតាមរបាយការណ៍ស្តីពីយុទ្ធសាស្ត្រកៀរគរចំណូលរយៈពេលមធ្យមឆ្នាំ២០១៤-២០១៨ ចំណូលពីការផ្តល់​ដីសម្បទានសេដ្ឋ​កិច្ចទៅឲ្យក្រុមហ៊ុនវិនិយោគ មានចំនួនជាង៤៧លានដុល្លារអាមេរិក សម្រាប់រយៈពេល​៣ឆ្នាំ(២០១១- ២០១៤) ។ របាយការណ៍ឲ្យដឹងថាគិតត្រឹមដើមខែមករា ឆ្នាំ២០១៥ ផ្ទៃដីសម្បទានសេដ្ឋ​កិច្ចដែលបានចុះកិច្ចសន្យាមានចំនួន២០៥ក្រុមហ៊ុនលើផ្ទៃដីសរុប១៣៥៩៦៥៦ហិកតា។

របាយការណ៍បញ្ជាក់ថា​តាមគោលការណ៍របស់រាជរដ្ឋាភិបាលកម្ពុជា សម្បទានិកត្រូវបង់ថ្លៃឈ្នួលសម្ប​ទានដីចំនួន៥ដុល្លារ​អាមេ​រិកក្នុងមួយហិកតាក្នុងមួយឆ្នាំនៃផ្ទៃដីសរុប ដែលបានអនុញ្ញាតឲ្យឈូសឆាយ ដោយគិតពីឆ្នាំទី៦ទៅ ហើយថ្លៃសម្បទានដីត្រូវកើន១ភាគរយក្នុងមួយឆ្នាំដោយគិតចាប់ពីឆ្នាំទី៧។ ក្រុមហ៊ុន​សម្បទានដីសេដ្ឋកិច្ចត្រូវបង់ប្រាក់កក់១០ដុល្លារក្នុងមួយហិកតានៃទំហំដី ដែលបានបានផ្តល់ជូនបន្ទាប់ពីចុះកិច្ចសន្យាក្នុងរយៈពេលមួយខែ។ ប្រាក់កក់ចំនួន៧០ភាគរយនឹងត្រូវប្រគល់ជូនក្រុមហ៊ុនវិញ នៅពេលមានការដាំដុះចប់សព្វគ្រប់តាមផែនការមេ។ ប្រាក់កក់ចំនួន៣០ភាគរយដែលនៅសល់គឺសម្រាប់ទូទាត់ថ្លៃសម្បទានដីនៅចុងគ្រានៃកិច្ចសន្យា។

លោក សុន ឆ័យ រិះគន់ថា​រដ្ឋាភិបាល​មិនគួរ​យក​ពន្ធដី​សម្បទានសេដ្ឋកិច្ចតម្លៃ​​៥ដុល្លារក្នុងមួយហិកតា ក្នុង​​រយៈ​ពេល​១ឆ្នាំនោះទេ។ លោក​​ស្នើ​ឲ្យ​យក​តម្លៃ​១០០ដុល្លារក្នុងមួយហិកតា ដោយលោកប្រៀបធៀបទៅ​នឹងតម្លៃទីផ្សារដែលពលរដ្ឋ​ជួលដី​១​ហិកតា​​សម្រាប់​ដាំដំណាំកសិកម្មតម្លៃ​ប្រមាណពី​៣០០ទៅ​៤០០ដុល្លារក្នុងមួយ​ឆ្នាំ​។​

គួរបញ្ជាក់ថាកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញសេចក្តីប្រកាសផ្អាកជាបន្ទាន់នូវការផ្តល់ដីសម្បទានសេដ្ឋកិច្ច ឲ្យទៅក្រុមហ៊ុនឯកជន ហើយបានអំពាវនាវឲ្យពិនិត្យមើលឡើងវិញនូវដីសម្បទាន ដែលមានស្រាប់​ទាំងអស់៕

12341541_1677368662501484_2619416667740761704_n-2016-02-01លោក ម៉ុង ឫទ្ធី(រូបថតពីហ្វេសប៊ុក​របស់​លោក​)

ប្រភពៈ VOD