រដ្ឋអាជ្ញាម្នាក់នៃប្រទេសស្វ៊ិសបានឲ្យដឹងថាធនាគារមូលនិធិរបស់ប្រទេសម៉ាឡេស៊ីគឺធនាគារ 1MDB ដ៏ធំបំផុតរបស់រដ្ឋប្រទេសនេះត្រូវបានលួចលុយតាមបច្ចេកទេសនៃការផ្ទេរលុយដោយប្រកាសថាបាត់លុយ​ប្រហែល៤​ពាន់​លានដុល្លារអាមេរិកចាប់តាំងពីធនាគារនេះបង្កើតឡើងនៅឆ្នាំ២០០៩។

កាលពីឆ្នាំទៅមិញអាជ្ញាធរនៃប្រទេសស្វ៊ីសបានបើកការស៊ើបអង្កេតចូលក្នុងគណនីរបស់ធនាគារ 1MDB ដែលមាននៅប្រទេសស្វិសដោយបានរកឃើញបា្រក់បំណុល១១ពាន់លានដុល្លារនៅក្នុងធនាគារនេះ។

អគ្គរដ្ឋអាជ្ញានៃប្រទេសស្វ៊ីសម្នាក់គឺលោក Michael Lauber បានឲ្យបណ្ដាញផ្សាយព័ត៌មាន BBC ដឹងថាពួកមន្ដ្រីជាន់ខ្ពស់មួយចំនួនរបស់ប្រទេសម៉ាឡេស៊ីនិងអារ៉ាប៊ីសាវអូឌីតបានបញ្ជូនប្រាក់របស់ពួកគេមកដាក់នៅធនាគារមួយចំនួននៃប្រទេសស្វ៊ីសជាច្រើនឆ្នាំមកហើយ។

លោកអគ្គរដ្ឋអាជ្ញារូបនេះបានបញ្ជាក់ទៀតថាមូលនិធិដែលបានយកមកដាក់ក្នុងធនាគារនៃប្រទេសស្វ៊ីសដែលដឹងថាជារបស់មន្ដ្រីម៉ាឡេស៊ីគឺជាការផ្ដើមឲ្យមានការសង្ស័យពីអំពើទុច្ចរិតរបស់ពួកមន្ដ្រីទាំងនោះ។
កាលពីសប្ដាហ៍មុនគណៈកម្មាធិការប្រឆាំងអំពើពុករលួយនៃប្រទេសម៉ាឡេស៊ីបានប្រឆាំងជំទាស់ចំពោះការអះអាងរបស់រដ្ឋអាជ្ញារបស់ម៉ាឡេស៊ីម្នាក់ដែលអះអាងថាលោកនាយករដ្ឋមន្ត្រី ណាជិប មានលុយ៦៨១លានដុល្លារគឺបានមកពីការផ្ដល់ជំនួយមកពីប្រទេសអារ៉ាប៊ីសាវអូឌិត។

គណៈកម្មាធិការប្រឆាំងអំពើពូករលួយនេះទាមទារឲ្យមានការស៊ើបអង្កេតឡើងវិញព្រោះគេសង្ស័យថាលោក​ ណាជីប បានបញ្ជាឲ្យដកលុយពីធនាគារ 1MDB។ ប៉ុន្តែលោក ណាជិប បដិសេធ៕

_88006354_88006353-2016-02-01(រូបភាពពី BBC)

ប្រភពៈ VOD