គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកនៃក្រសួងមហាផ្ទៃ​​បាន​សម្រេច​បង្កើ​ត​​ក្រុមការងារ​ចំនួន​៧ចំណុះ​គណៈកម្មការ​ជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក ដែលក្នុងនោះមានក្រុមការងារមួយ​ដែល​នឹង​ត្រួតពិនិត្យ​និង​អប់រំ​អ្នក​បើក​រថយន្តដឹកកម្មករ។

បើតាមសេចក្តីសម្រេច​មួយ​ចុះថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០១៦ ក្រុមការងារទំាងនោះរួមមាន​ក្រុមការងារ​ផ្សព្វផ្សាយអប់រំ​អ្នក​បើក​បរ​រថយន្ត​ដឹកកម្មករ​ អ្នកដំណើរ​និង​ទំនិញ​ ក្រុមការងារ​ត្រួតពិនិត្យ​ល្បឿន​និងការបើ​ក​​បរ ក្រោម​ឥទ្ធិពល​នៃជាតិស្រវឹង ក្រុមការងារ​ល្បាតចល័ត​​ត្រួតពិនិត្យ​បទល្មើស​ចរាចរណ៍ផ្លូវគោក  ក្រុមការងារ​គ្រប់គ្រង​ទិ​ន្នន័យ​យានយន្ត​ បណ្ណ​បើក​បរ​និងគ្រោះថ្នាក់​ចរាចរណ៍​ ក្រុមការងារ​សង្រ្គោះ​ជនរង​គ្រោះ​​ថ្នាក់ ចរាចរណ៍​ ក្រុមការងារ​ត្រួតពិនិត្យ​សាលាបង្រៀនបើកបរ​យានយន្តនិងក្រុមការងារត្រួតពិនិត្យ​លក្ខណៈ​​បច្ចេកទេសរថយន្ត។​

បើតាមរបាយការណ៍របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក បច្ចុប្បន្នកម្ពុជា​មានរថយ​ន្តដឹក​កម្ម​ករ​ប្រមាណ​៣៥៩១នៃ​រោងចក្រ​ចំនួន​៣០៧ទូទាំងប្រទេស។​

គួររំឭកថា​កាលពីថ្ងៃទី​១២ខែមករា ឆ្នាំ​២០១៦ ​កម្មករកាត់​ដេរ​យ៉ាង​តិច៤នាក់​ស្លាប់និង៦៧​នាក់​ផ្សេង​ទៀត​រង​របួស​ធ្ងន់​និង​ស្រាល ក្នុង​ហេតុ​ការណ៍​រថ​យន្ត​ដឹក​កម្មករ​ប៉ះគ្នាជាមួយ​រថយន្តដឹកកម្មករដូចគ្នា​ ក្នុង​ស្រុក​គងពិសី ខេត្ត​កំពង់​ស្ពឺ។ ចំណែក​កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍មួយ​នៅ​ខេត្ត​ស្វាយ​រៀងដែលបង្កដោយរថយន្តក្រុង​ដឹកអ្នកដំណើរភ្នំពេញហូជីមិញទៅលើរថយន្ត​តួរីស១​៦​កៅអី​​​បណ្ដាល​ឲ្យកម្មករ១៨នាក់ស្លាប់ អ្នកបើករថយន្តទូរីសរបស់កម្ម​ករ​ស្លាប់និងកម្មករ​២០នាក់ផ្សេង​ទៀត​បាន​រងរបួស

ការបង្កើត​ក្រុមការងារនេះ​ធ្វើឡើង​បន្ទាប់ពីរ​ដ្ឋាភិបាល​បាន​ពង្រឹងច្បាប់ចរាចរណ៍ផ្លូវគោក តាមរយៈ​ការ​ដាក់​វិធាន​ការ​តឹងរ៉ឹង។​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោកបាន​ប្រកាស​ថា​ចាប់ពី​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ២០​១៦ ​នគរបាល​ចរា​ច​រណ៍នឹងអនុវត្ត​ច្បាប់ចរាចរណ៍ថ្មី​ឲ្យ​បាន​​ពេញលេញ៕

ប្រភពៈ VOD