បុរសពីរនាក់ដែលចេញមុខតាមហ្វ៊េសប៊ុកអះអាងថាជាអ្នកគាំទ្ររដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជាប្រកាសថាពួកគេនឹងធ្វើបាតុកម្មឲ្យរំលាយគណបក្សគណបក្សសង្រ្គោះជាតិចោល ប្រសិនបើអ្នកគាំទ្រ​គណបក្សប្រឆាំងនេះហ៊ានធ្វើបាតុកម្មប្រឆាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលនឹងទៅ​អាមេរិក​នៅពាក់កណ្តាលខែនេះ។

នៅក្នុងហ្វ៊េសប៊ុកដែលឃើញផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ បុរសម្នាក់ក្នុងចំណោមបុរសពីរនាក់បានចោទប្រកាន់គណបក្សសង្រ្គោះជាតិថាបានដឹកនាំបាតុកម្មកន្លងមកនាំឲ្យខូចខាតទ្រព្យសម្បត្តិនិង​សន្តិសុខសង្គម។ បុរសរូបនោះក៏បានចោទប្រកាន់តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ លោក រៀល ខេមរិន្ទ្រ និង​លោក អ៊ុំ សំអាន ថាជាអ្នកធ្វើឲ្យផ្អើលដល់អង្គការសហប្រជាជាតិរឿងព្រំដែន ប៉ុន្តែគណបក្សសង្រ្គោះជាតិមិនទទួលស្គាល់ថាជាទង្វើរបស់គណបក្សនោះឡើយ ហើយថាដូចនេះការធ្វើបាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលនេះ មិនមែនជាការទទួលខុសត្រូវរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជានោះទេ។

Loading...

បុរសដដែលនិយាយថា៖ “ជាការឆ្លើយតបរបស់ក្រុមសម្ព័ន្ធក៏ដូចជាក្រុមយុវជនគាំទ្ររាជរដ្ឋាភិបាលដែរ ថាយើងខ្ញុំត្រៀម​ខ្លួន​ជានិច្ច ហើយអាចឈានទៅដល់ធ្វើបាតុកម្មនៅមុខគណបក្សសបង្រ្គោះជាតិ បើសិនជាក្នុង​ដំណើរទស្សនៈកិច្ចរបស់​សម្តេចតេជោ ទៅប្រជុំអាស៊ាននៅរដ្ឋកាលីហ្វញ៉ា ថ្ងៃទី១៥ ១៦នេះ អស់លោក[CNRP]ធ្វើបាតុកម្មប្រឆាំងនឹងលោក[ហ៊ុន សែន] គឺថាយើងខ្ញុំនឹងទៅដល់ទីស្នាក់គណបក្ស​សង្រ្គោះជាតិ ហើយ​ស្នើឲ្យ​រដ្ឋសភាជាតិ គឺដកបក្សចង្រៃជាតិ បំផ្លាញជាតិហ្នឹងចោលតែម្តង ចេញពីបញ្ជីបក្សនយោបាយ។មិនខ្វះទេ អត់ពីគណបក្សសង្រ្គោះជាតិមួយ វាមានគណបក្សច្រើនទៀត”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានអះអាងថាលោកមិនដឹងពីការប្រកាសធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សកាន់អំណាចនេះទេ។ តែលោកថាបើធ្វើបាតុកម្មមែនជាសិទ្ធិរបស់ពួកគេ។

ចំណែកកម្មវត្ថុនៃការធ្វើបាតុកម្មរបស់អ្នកគាំទ្ររដ្ឋាភិបាលដើម្បីឲ្យរំលាយគណបក្សប្រឆាំងនោះ លោក សុខ ឥសាន អះអាងថាមិនអាចរំលាយបានទេគឺទាល់តែប្តឹងទៅតុលាការ។ លោកមានប្រសាសន៍ថា៖ ”មិនមែនប្រកាសឲ្យគេរំលាយឬប្រកាសឲ្យអ្នកនេះអ្នកនោះ ធ្វើតាមខ្លួនបានទេ។ ចង់រំលាយអី អាហ្នឹងប្តឹងទៅតុលាការ ហើយរកកំហុសគេទៅ។ បើថាគេខុសមែន តុលាការគេពិនិត្យតាមហ្នឹង យើងមិនអាចសន្និដ្ឋានបានទេ។ លើកលែងតែវាមាននៅក្នុង​បញ្ញត្តិច្បាប់ស្តីពីការបោះឆ្នោត…”

អ្នកនាំពាក្យគណបក្សសង្រ្គោះជាតិ លោក យ៉ែម បុញ្ញឬទ្ធិ មានប្រសាសន៍ថាលោកស្វាគមន៍ចំពោះបាតុកម្មទាំងអស់ ប៉ុន្តែត្រូវធ្វើតាមច្បាប់និងដោយអហិង្សា។ លោកមានប្រសាសន៍ថា៖ “លោកចង់ធ្វើបាតុកម្មមុខគណបក្សសង្រ្គោះជាតិ ដើម្បីឲ្យរំលាយគណបក្សសង្រ្គោះជាតិ អញ្ជើញ ហើយដាក់ពាក្យសុំត្រឹមត្រូវទៅ។ បាតុកម្មអហិង្សា គាត់អាចធ្វើ យើងគាំទ្រឲ្យមានបាតុកម្មអហិង្សាដើម្បីបញ្ចេញមតិ។ ឯកឧត្តមយល់ម៉េចចំពោះការធ្វើបាតុកម្មឲ្យរំលាយគណបក្ស?ខ្ញុំយល់ថា ប្រព័ន្ធនៅប្រទេសយើងកាន់តែយ៉ាប់ទៅៗ។ប្រព័ន្ធនៃការគ្រប់​គ្រង​រដ្ឋមួយទាំងមូល​ក្លាយទៅជាអាណាធិបតយ្យកាន់តែខ្លាំងឡើងៗ”។

លោក យ៉ែម បុញ្ញឬទ្ធិ ក៏បានបញ្ជាក់ម្តងទៀតថាបើមានបាតុកម្មនៅអាមេរិកប្រឆាំងលោក ហ៊ុន សែន គឺមិនជាជំហររបស់គណបក្សសង្រ្គោះជាតិឡើយ។

លោក ទូច វិបុល ប្រធានអង្គការ​សម្ព័ន្ធ​មិត្តខ្មែរអាមេរិកកាំងនិង​ជា​អ្នក​រៀបចំ​បាតុកម្ម មានប្រសានស៍ថា​ថ្មីៗនេះ មេដឹកនាំគណបក្ស​នយោបាយ​នានា​បាន​វាយប្រហារ​និង​ចោទប្រកាន់គ្នាទៅវិញទៅមក​ក្នុងន័យ​បង្ក​ឧបសគ្គ​ឬរារាំង​និង​បំបែក​ទំនុកចិត្ត​ពលរដ្ឋខ្មែរ​អាមេរិកាំង​កុំឲ្យ​ចូលរួមធ្វើបាតុកម្ម​ប្រឆាំង​លោក ហ៊ុន សែន។​ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុមនេះ  ការធ្វើបាតុកម្មនោះគឺទាមទារឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្ស​នៅកម្ពុជា និងបញ្ឈប់​ការចាប់ក្រុមសកម្មជនប្រជាធិបតេយ្យដាក់ពន្ធនាគារ។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្តិភាព ​លោក យង់ គិមអេង យល់ថាកម្មវត្ថុ​នៃការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យរំលាយគណបក្សប្រឆាំងគឺមិនសមហេតុផលទេ​។ ចំណែកការធ្វើបាតុកម្មរបស់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិនៅអាមេរិក លោកថាជាសិទ្ធិស្របច្បាប់។

កាលពីខែតុលាឆ្នាំ២០១៥ អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានធ្វើបាតុកម្មឲ្យដក លោក កឹម សុខា ពីអនុប្រធានទី១នៃរដ្ឋសភា ហើយក្រុមសិទ្ធិមនុស្សបញ្ជាក់ថាពេលនោះ ក្រុមកុបករខ្លះបានវាយដំមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺលោក ញ៉យ ចំរើន និង​លោក គង់ សភា បណ្តាលឲ្យរបួសធ្ងន់ ខណៈតំណាងរាស្ត្រទាំងពីររូបនេះចេញពីរដ្ឋសភា។ប៉ុន្តែ លោក សុខ ឥសាន បានច្រានចោល ចំពោះការលើកឡើងថា បាតុកម្មដែលមានហិង្សាកាលណោះ មានជាប់ពាក់ព័ន្ធនឹងគណបក្សប្រជាជនកម្ពុជា៕

cpp-activist-saying-about-cnrp-2016-02-11(រូបថតពីវីដេអូ​ឃ្លី​ប​)

ប្រភពៈ VOD