នៅ​ព្រឹក​ថ្ងៃ​ទី​១១​កុម្ភៈ​នេះ ​លោក កឹម សុខា​ ប្រធាន​ស្តីទី និង​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​មួយ​ចំនួន​ទៀត បាន​ទៅ​សួរ​សុខ​ទុក្ខ​សកម្មជន​និង​អ្នក​តំណាង​រាស្ត្រ​របស់​ខ្លួន​ចំនួន​១៥​នាក់ ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស​។ បន្ទាប់​ពី​បញ្ចប់​ការ​សួរ​សុខ​ទុក្ខ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​អោយ​ដឹង​ថា​ គណបក្ស​នឹង​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​អោយ​អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់ ត្រូវ​បាន​ដោះលែង​អោយ​មាន​សេរីភាព​ឆាប់​ៗ​។

តំណាង​រាស្ត្រ ដែល​ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ អនុញ្ញាតិ​អោយ​ចូល​សួរ​សុខ​ទុក្ខ អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់ នៅ​ពន្ធ​នាគាព្រៃស​ ជាមួយ​លោកកឹម សុខា មាន​លោកហូ វ៉ាន់ លោក អេង ឆៃអ៊ាង លោកអ៊ូ ច័ន្ទប្ញទ្ធិ លោកឡុង រី និងលោកជា ប៉ូច។

បន្ទាប់​ពី​បញ្ចប់​ការ​សួរ​សុខ​ទុក្ខ លោក អេង ឆៃអ៊ាង បាន​អោយ​ដឹង ក្នុង​ចំណោម​អ្នក​ទាំង​១៥​នាក់​នោះ​ មាន​អ្នក​ជាប់​ឃុំ​ខ្លះ​មាន​ជំងឺ​ប្រចាំ​រាង​កាយ​ដូចជា ជំងឺ​លើស​ឈាម ជំងឺ​ហើម​ដៃ​ហើម​ជើង និង​ជំងឺ​ក្រពះ ជា​ដើម។ ប៉ុន្តែ​កន្លង​មក ពេទ្យ​របស់​អង្គការ​លីកាដូ ក៏​ធ្លាប់​បាន​ចូល​ទៅ​ជួយ​ព្យាបាល និង​ថែទាំ​ជំងឺ អ្នក​ទាំង​នោះ​ផង​ដែរ។​ ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ បាន​ធ្វើ​សំណូមពរ​អោយ​ឆ្មាំ​ពន្ធនាគារ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ទាំង​១៥​នាក់​នោះ អោយ​បាន​ល្អ។

ដោយ​សន្យា​ទៅ​កាន់​អ្នក​ជាប់​ឃុំ​ទាំង​នោះ លោក កឹម សុខា ថា​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ខិតខំ​ប្រឹងប្រែង​រក​រូប​មន្ត​ណាមួយ ដើម្បី​អោយ​អ្នក​ទាំង​១៥ អាច​ទទួល​បាន​សេរីភាព​ឆាប់​ៗ។ លោក​ថា​គណបក្ស​នឹង​ស្វែង​រក​ភាព​ចុះ​សម្រុង​ជាមួយ​បក្ស​កាន់​អំណាច ដូចជា​ការ​ខិតខំ​ប្រកួត​ប្រជែង​គោល​នយោបាយ ជា​ជាង​ការ​វាយ​ប្រហារ​រិះគន់​ជា​ដើម។ ម្យ៉ាង​វិញ​ទៀត​ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ស្វែង​រក​ឱកាស​អោយ​បាន​ញឹក​ញាប់​​ដើម្បី​ជួប​ពិភាក្សា​ជាមួយ​បក្ស​កាន់​អំណាច និង​ដោះស្រាយ​បញ្ហា​រួម​គ្នា។ ជាមួយ​គ្នា​នេះ​ដែរ អ្នក​ជាប់​ឃុំ​ទាំង​ ១៥​នាក់ មាន​ជំនឿ​ចិត្ត​ថា​ពួក​គេ​នឹង​អាច​ត្រូវ​បាន​ដោះលែង​ក្នុង​ពេល​ណា​មួយ​ឆាប់​ៗ បន្ទាប់​ពី​អ្នក​នយោបាយ​​ទាំង​ពីរ​បក្ស​ត្រូវ​រ៉ូវ​គ្នា​ឡើង​វិញ។

សូម​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​ទាំង​១៥ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស លោក ហុង សុខហួរ ព្រឹទ្ធ​សមាជិក​​គណបក្ស​សម រង្ស៊ី ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ ​ក្លែង​ឯកសារ​សាធារណៈ ​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង​ក្លាយនិង​ញុះញង់​ឲ្យ​មាន​ការ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​កាល​ពី​ឆ្នាំ​២០១៥ ឯ​អ្នក​ដទៃ​ទៀត​ត្រូវ​បាន​ចោទ​ប្រកាន់ ​ពី​បទ​ដឹកនាំនិង​ចូលរួម​ក្នុង​អំពើ​កុប្បកម្ម​នៅ​ស្ពាន​នាគ ​កាល​ពី​​ថ្ងៃ​ទី​១៥ខែ​កក្កដា ឆ្នាំ​២០១៤៕

Siv-channa02_73

លោក ​កឹម​ សុខា ​និង​តំណាងរា​ស្ត្រ​ផ្សេង​ទៀតរ​បស់​គណបក្ស​សង្រ្គោះ​ជាតិ​ ត្រូវ​បាន​អនុញ្ញាតិ​អោយ​ចូល​សួរ​សុខ​ទុក្ខ​ អ្នក​ជាប់​ឃុំ​ទាំង​១៥​នាក់​ នៅ​ពន្ធនាគា​រព្រៃ​ស​។

ប្រភពៈ RFI