​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អំពាវនាវឲ្យ​អាជ្ញាធរ និង​មាតា​បី​តាជួយ​ទប់ស្កាត់និង​ណែនាំដល់​យុវជនឲ្យ​ចេះ​ស្រឡាញ់​អារ្យធម៌ និង​ប្រពៃណី​ខ្មែរ ខណៈ​ទិវា​នៃ​ក្តីស្រឡាញ់ ដែល​ជា​វប្បធម៌​បរទេសនឹង​ចូលមក​ដល់​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​។​

​លិខិត​ចុះ​ថ្ងៃទី​១៣ ​ខែ​កុម្ភះ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្យសិល្បៈ អំពាវនាវ​ឲ្យ​អាជ្ញាធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជា​ពិសេស​យុវជន ត្រូវ​ចូលរួម​ចំណែក​តាម​វិធានការ​នានា ទប់ស្កាត់​កុំឲ្យ​យុវវ័យ​ប្រើប្រាស់ជំនឿ​សាសនា​បែប​បរទេស ឬ​ហៅ​ថា វិវា​នៃ​ក្តីស្រឡាញ់​នោះ ទៅ​ប្រព្រឹត្ត​ខុស​ពី​គន្លង​ប្រពៃណី​ដ៏​ផូង់​របស់​ខ្មែរ។​

​ក្រសួង​មួយ​នោះ រំឭក​ឲ្យ​យុវជនត្រូវ​ប្តូរ​ជំនឿ​សាសនា​បែប​បរទេស​នោះ ទៅ​ជួបជុំ ក្រុមគ្រួសារ ឪពុកម្តាយ ប្តី​ប្រពន្ធ កូនចៅ រួមទាំង​ជន​ពិការ កុមារកំព្រា និង​អ្នក​ដែល​ខ្សត់ខ្សោយ​ជាង​ខ្លួន ដើម្បី​រក្សា ការពារ​អារ្យធម៌ ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ ដែល​ក្រសួង​នោះ​ថា ទើប​ធ្វើឲ្យ​ប្រទេស​កម្ពុជា​មាន​កិត្យានុភាព​ឧត្តុង្គឧត្តម​។​

​កាលពី​ថ្ងៃ​ទី​៩​ខែ​កុម្ភៈ ក្រសួង​អប់រំ យុវជន និង​កីឡា ក៏បានណែនាំ​ដល់​គ្រឹះស្ថាន​សិក្សា​សាធារណៈនិង​ឯកជនឲ្យជួយ​ទប់ស្កាត់​សកម្មភាព​មិ​ន​ប្រក្រតីដល់​សិស្សានុសិស្ស​ក្នុង​ទិវា​បុណ្យ​នៃ​ក្តីស្រលាញ់​នេះ ក្រសួង​អប់រំ​ប្រកាស​ពី​វិធានការ​ទប់ស្កាត់ ការ​ណាត់​ជូ​ប​គ្នា​រវាង​គូស្នេហ៍​ភ្លើតភ្លើន ភ្លេច​ការសិក្សា បាត់បង់​កិត្តិយស សេចក្តីថ្លៃថ្នូរ​របស់​ខ្លួន និង​ក្រុមគ្រួសារ រួម​ទាំង​ប្រាសចាក​វប្បធម៌ និង​ប្រពៃណី​យ​ជាតិខ្មែរ​ផងដែរ​។​

​យ៉ាងណាក៏ដោយ តាម​របាយការណ៍​ស្រាវជ្រាវ​ពី​បញ្ហា​សង្គម​លោក តុង សុ​ប្រាជ្ញ ឲ្យដឹងថា ចាប់ពី​ឆ្នាំ​២០០៩​ដល់​២០១៤​ចំនួន​យុវវ័យ ដែល​ចាប់អារម្មណ៍​ថ្ងៃបុណ្យ​សង្សារ បាន​ថយចុះ​ពី ៦១% មក​ត្រឹម​៤៦% អ្នក​ដែល​ទិញ​ផ្កា ថយ​ចុះ​ពី​៥៦% មក​ត្រឹម​៣៤% ។​

​ចំណែក​អ្នក​រួម​ភេទ របាយការណ៍​បញ្ជាក់​ថា មាន​ការថយចុះ​តិចតួច ពី​១២%​មក​ត្រឹម​១១%​ប៉ុណ្ណោះ​។ នេះ​ជា​របាយការណ៍​សិក្សា​ក្នុងចំណោម​៧១៥​នាក់​៕​

ministryofculture-art-140408--oudom--2016-02-13

ប្រភពៈ VOD