និស្សិត​ប្រមាណ​ជិត ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភៈ បាន​យក​ចំណី​អាហារ​មាន​ដូចជា នំ​បុ័ង ផ្លែ​ឈើ និង​អាហារ​ផ្សេង​ទៀត ទៅ​ចែក​ជូន​កុមារ​អនាថា​ជិត ៣០០​នាក់ នៅ​អង្គការ​ផ្ទះ​បាយ​កុមារ ស្ថិត​ក្នុង​សង្កាត់​ទួលទំពូងទី១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។

ការ​បង្កើត​វប្បធម៌​ចែក​រំលែក​ចំណី​អាហារ និង​សម្ភារៈ​សិក្សា​នេះ នៅ​ស្រប​ពេល​ស្ថាប័ន​រដ្ឋាភិបាល ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​នានា លើក​ទឹក​ចិត្ត​យុវជន ឲ្យ​ធ្វើ​សកម្មភាព​ជា​វិជ្ជមាន​សម្រាប់​ខ្លួន និង​សង្គម។

និស្សិត​មួយ​ក្រុម​នៃ​សាកលវិទ្យាល័យ​មួយ​នៅ​ភ្នំពេញ យក​ទិវា​នៃ​ក្តី​ស្រឡាញ់ បង្កើត​ជា​កម្មវិធី​ចែក​អាហារ សៀវភៅ ប៉ិច និង​សម្ភារៈ​សិក្សា​ផ្សេងៗ​ជូន​កុមារ​អនាថា​ដែល​គ្មាន​ឪពុក​ម្ដាយ និង​បាត់​ឱកាស​សិក្សា ដើម្បី​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ផ្តល់​ភាព​កក់ក្តៅ ក្នុង​ន័យ​បញ្ជាក់​ថា កុមារ​ទាំង​នោះ​មិន​ឯកា​ឡើយ។

កុមារី​ដែល​មាន​មាឌ​តូច​ល្អិត សក់​រួញ​អង្គាដី សម្បុរ​ស្រអែម និង​ជា​អតីត​អ្នក​សុំ​ទាន​នៅ​ម្តុំ​ស្តុប​កាណាឌីយ៉ា និយាយ​ថា នាង​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​នៅ​ពេល​មាន​និស្សិត​ប្រុស​ស្រី យក​អាហារ បាយ​ទឹក នំ​ចំណី ត្រី​សាច់ និង​សម្ភារៈ​សិក្សា​ផង​នោះ មក​ចែក​ឲ្យ​នាង និង​ក្មេង​ដទៃ​ផ្សេង​ទៀត។ ការ​ចែក​រំលែក​នេះ បណ្ដាល​ឲ្យ​នាង​ទទួល​អារម្មណ៍​ថា នាង​មាន​ភាព​កក់ក្តៅ មាន​អ្នក​យក​ចិត្ត​ទុក​ដាក់​ខ្វាយខ្វល់​ពី​នាង និង​នាង​ចង់​ឲ្យ​យុវជន និង​ប្រជាពលរដ្ឋ​ខ្មែរ​ផ្សេង​ទៀត កុំ​មាក់ងាយ​នាង និង​កុមារ​អនាថា​ដទៃ​ទៀត៖ «កាល​ពី​មុន ពួក​ខ្ញុំ​អ្នក​សុំ និង​រើស​អេតចាយ។ កាល​នៅ​តូចៗ ដល់​ពេល​មក​ទីនេះ គាត់​ឲ្យ​លុយ​ទៅ​រៀន​ខ្មែរ ទៅ​រៀន​អង់គ្លេស មួយ​ថ្ងៃ​ពីរ​ពាន់ និង​គាត់​ឲ្យ​អង្ករ។ ចឹង​ទៅ​ពួក​ខ្ញុំ​អត់​ខ្វះខាត​ទៀត​ទេ។ ចង់​លេង​ជាមួយ​ពួក​គាត់​បាន​យូរ និង​ចង់​ឲ្យ​ពួក​គាត់​មក​រាល់​ឆ្នាំ»

និស្សិត​ផ្នែក​ភាសា​អង់គ្លេស​សម្រាប់​ការ​បង្រៀន កញ្ញា មាស ស៊ីណាន លើក​ឡើង​ថា ការ​យក​ថ្ងៃ​ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ធ្វើ​សកម្មភាព​សប្បុរសធម៌ និង​ការ​បណ្ដុះ​វប្បធម៌​នៃ​ការ​ឲ្យ​សៀវភៅ និង​សម្ភារៈ​សិក្សា​នេះ គឺ​ជា​ទស្សនទាន​មួយ​ដែល​ល្អ​ប្រសើរ​ចំពោះ​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​បង្ហាញ​ពី​ភាព​ស្និទ្ធស្នាល​ជាមួយ​កុមារ​តូចៗ​នៅ​តាម​ភ្លើង​ស្តុប គំនរ​សំរាម និង​កុមារ​អនាថា​ដទៃ​ផ្សេង​ទៀត គឺ​ជា​ជ្រុង​នៃ​គំនិត​មួយ ដែល​បង្ហាញ​ពី​ការ​មិន​រើសអើង​ចំពោះ​កុមារ និង​ចង់​បង្ហាញ​ថា កុមារ​ជា​សរសៃ​ឈាម​សំខាន់​ចំពោះ​សង្គម​ជាតិ ក្នុង​ការ​អភិវឌ្ឍ​នា​ពេល​អនាគត។ កុមារ​គួរ​តែ​ត្រូវ​បាន​ការ​គាំពារ​ពី​គ្រួសារ រដ្ឋាភិបាល និង​មនុស្ស​ជុំវិញ ដើម្បី​កុមារ​ទទួល​បាន​ការ​សិក្សា​ត្រឹមត្រូវ៖ «ខ្ញុំ​សង្ឃឹម​ថា វា​គឺ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ដើម្បី​អាច​ផ្លាស់ប្ដូរ​យុវជន​មួយ​ចំនួន កុំ​ឲ្យ​គាត់​យក​ថ្ងៃ​នេះ​ទៅ​ប្រព្រឹត្ត​រឿង​ផ្សេង។ ក្តី​ស្រឡាញ់​មាន​ច្រើន។ ចឹង​យើង​អាច​យក​ក្តី​ស្រឡាញ់​ហ្នឹង​ទៅ​ចែក​ឲ្យ​មនុស្ស​ជុំវិញ​ខ្លួន​យើង ពិសេស​អ្នក​ដែល​មាន​ស្ថានភាព​ក្រីក្រ​ជាង​យើង»

កញ្ញា​បន្ថែម​ថា កម្ពុជា ត្រូវ​ធ្វើ​ជា​កន្លែង​មួយ​ដែល​អាច​ផ្តល់​ឱកាស​ជូន​កុមារ​អនាថា​គ្រប់​រូប ផ្តល់​អាហារ​ទទួល​ទាន​ដែល​មាន​អនាម័យ​ល្អ មាន​សេវា​ថែទាំ​សុខភាព បណ្ដុះ​ឲ្យ​ក្មេង​មាន​ភាព​ឆ្លាតវៃ និង​ទទួល​បាន​សេវា​នៃ​ការ​អប់រំ​ដែល​មាន​គុណភាព។

ប្រធាន​អង្គការ​ផ្ទះ​បាយ​កុមារ លោក ង៉ូវ ឆីវ មាន​ប្រសាសន៍​ថា ការ​យក​អំណោយ​ជា​សម្ភារៈ​សិក្សា​មក​ចែក​ដល់​កុមារ​កំព្រា​នៅ​ក្នុង​ទិវា​នៃ​ក្តី​ស្រឡាញ់​នេះ ជា​កាដូ​លួង​ចិត្ត​ដ៏​ស័ក្ដិសិទ្ធិ​មួយ​ចំពោះ​ក្មេង​អនាថា ដែល​បាត់​ឱកាស​សិក្សា និង​គ្មាន​អាណាព្យាបាល​ថែទាំ​ត្រឹមត្រូវ​ដូច​ក្មេង​ដទៃ​ផ្សេង​ទៀត៖«សេចក្តី​ត្រូវ​ការ​របស់​កុមារ គឺ​ក្តី​ស្រឡាញ់។ ការ​យល់​របស់​គេ​ចំពោះ​កុមារ ជំនួយ​ជា​សម្ភារៈ​សិក្សា​ល្អ​ហើយ ប៉ុន្តែ​សំខាន់​ជាង​នេះ គឺ​ក្តី​ស្រឡាញ់​ចំពោះ​កុមារ។ ពួក​គេ​មក​រៀប​បាយ​ទឹក​សម្រាប់​កុមារ»

លោក​បន្ថែម​ថា នៅ​ក្នុង​អង្គការ​របស់​លោក គឺ​មាន​ក្មេង​អនាថា​ជាង ៤០០​នាក់ ដែល​មក​ទទួល​ទាន​អាហារ​រាល់​ថ្ងៃ និង​កុមារ​ខ្លះ លោក​បាន​ផ្តល់​ឱកាស​ឲ្យ​ទទួល​បាន​ការ​សិក្សា​ច្បាស់លាស់។ កុមារ​ទាំង​នោះ កុមារ​ខ្លះ​ស្នាក់​នៅ​ក្នុង​អង្គការ​របស់​លោក ប៉ុន្តែ​កុមារ​ខ្លះ​ទៀត គ្រាន់​តែ​មក​ទទួល​អាហារ​ប្រចាំ​ថ្ងៃ​នៅ​អង្គការ​របស់​លោក​តែ​ប៉ុណ្ណោះ។

ក្រសួង​វប្បធម៌ និង​ក្រសួង​អប់រំ កាល​ពី​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​ចេញ​សេចក្តី​ប្រកាស​ថា ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​កម្ពុជា គួរ​ជា​ឱកាស​នៃ​ការ​បណ្ដុះ​នូវ​វប្បធម៌​ចែក​ចាយ និង​បង្ហាញ​ពី​ក្តី​ស្រឡាញ់ ដែល​កើត​ចេញ​ពី​សន្តាន​ចិត្ត​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ដែល​រស់នៅ​ជុំវិញ​ខ្លួន មាន​ជាអាទិ៍ ក្រុម​គ្រួសារ ឪពុក​ម្ដាយ ប្ដី​ប្រពន្ធ កូន​ចៅ កុមារ​អនាថា និង​ចំពោះ​មនុស្ស​ដែល​រស់នៅ​ក្នុង​សង្គម​ជាមួយ​គ្នា មាន​ជា​រួម ជន​ពិការ និង​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​ក្រីក្រ​ដែល​រស់​នៅ​តាម​ទី​ជនបទ​ដាច់​ស្រយាល។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា លោក​បណ្ឌិត ហង់ ជួនណារ៉ុន មាន​ប្រសាសន៍​ថា ក្រសួង​អប់រំ បាន​សហការ​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន ដើម្បី​ផ្តល់​ឱកាស​សម្រាប់​ក្មេង​អនាថា​ដែល​គ្មាន​ឱកាស​សិក្សា។ ប្រការ​ដែល​សំខាន់ ដើម្បី​ឲ្យ​ក្មេងៗ​បាន​ចូល​រៀន គឺ​ត្រូវ​មាន​ការ​ចូលរួម​លើក​ចិត្ត​កុមារ​ពី​ឪពុក​ម្តាយ​របស់​កុមារ​ផ្ទាល់។ ពួក​គាត់​ត្រូវ​តែ​តាំង​ចិត្ត និង​ផ្តល់​ឱកាស​ឲ្យ​កូន​បាន​រៀន។

ទិវា​នៃ​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ នៅ​កម្ពុជា ត្រូវ​បាន​កាសែត​បរទេស​មួយ​ចំនួន​ចុះ​ផ្សាយ​ថា ជា​ថ្ងៃ​ដ៏​គ្រោះថ្នាក់​សម្រាប់​យុវជន ដោយសារ​យុវជន​យុវនារី​មួយ​ចំនួន បាន​យក​ថ្ងៃ​នេះ​ជា​ថ្ងៃ​សម្រាប់​បញ្ជាក់​ពី​សេចក្តី​ស្នេហា​របស់​ខ្លួន និង​យុវជន​ខ្លះ ឈាន​ដល់​ការ​រួម​ភេទ​ក៏​មាន។

នៅ​ភ្នំពេញ ទិវា​ក្តី​ស្រឡាញ់ ១៤ កុម្ភៈ ស្ថាប័ន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន បង្កើត​កម្មវិធី​សប្បុរសធម៌​នានា​ក្នុង​គោលដៅ​បណ្ដុះ​វប្បធម៌​នៃ​ការ​ចែក​រំលែក និង​បង្ហាញ​ពី​សេចក្តី​ស្រឡាញ់​ដ៏​ស្មោះសរ​ចំពោះ​មនុស្ស​ជុំវិញ​ខ្លួន ពិសេស​ក្មេង​កំព្រា និង​ប្រជាពលរដ្ឋ​ដែល​មាន​ស្ថានភាព​ក្រីក្រ​លំបាក៕

572047b6-d514-4490-b477-16e7e631045e

និស្សិត​មួយ​ក្រុម យក​ចំណី​អាហារ​មាន​ដូចជា នំ​បុ័ង ផ្លែ​ឈើ និង​អាហារ​ផ្សេង​ទៀត ទៅ​ចែក​ជូន​កុមារ​អនាថា​ជិត ៣០០​នាក់ នៅ​អង្គការ​ផ្ទះ​បាយ​កុមារ ស្ថិត​ក្នុង​សង្កាត់​ទួលទំពូងទី១ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ RFA/Sireymuny

ប្រភពៈ RFA