ភ្នំពេញ: រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ ក្រើនរំឭក​ជាថ្មី​ដល់​អ្នកប្រើប្រាស់​យានយន្ត​ដែល​ពាក់​ស្លាក​លេខ Press នោះ​អាច​នឹង​ជាប់ពន្ធនាគារ​តែម្តង​ខណៈដែល​ក្រសួង​នេះ​អះអាង​ជាថ្មី​ថា​ពុំមាន​គោលការណ៍​ផ្តល់​ស្លាក​លេខ Press ដល់​យានយន្ត​ណាមួយ​ឡើយ​។​

​កាលពីពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​ដែលជា​សារ​រំឭក ឬក៏​ជាការ​ព្រមាន​ដល់​បុគ្គល​ដែល​នៅតែ​ប្រើប្រាស់​ស្លាក​លេខ Press ដោយ​លោក​សរសេរថា «​រំឭកថា​អ្នក​ស្រឡាញ់​ស្លាក​លេខ Press ថាបើ​នគរបាល​ចាប់​មិនមែន​ពិន័យ​ទេ​តែ​គឺ​គុក​»​។​

Loading...

​ការ​រំឭក​ជាថ្មី​នេះ​បន្ទាប់ពី​សង្កេតឃើញ​ប្រជាពលរដ្ឋ​មួយចំនួន​នៅតែ​ប្រើប្រាស់​ស្លាក​លេខ Press ដែលជា​ស្លាក​លេខ​ខុសច្បាប់​ព្រោះ​គ្មាន​ស្ថាប័ន​ណា​ចេញ​ស្លាក​នេះ​ដល់​បុគ្គលិក​របស់ខ្លួន ឬ​បុគ្គលិក​សាធារណៈ​ឡើយ​។ ស្លាក Press នេះ​ក៏បាន​ធ្វើ​ឲ្យ​សាធារណជន​មួយចំនួន​មានការ​ភាន់ច្រឡំ​ថា​ចេញ​ដោយ​ក្រសួង​ព័ត៌មាន​ផងដែរ​។​

​កន្លងទៅ​មាន​អ្នកសារព័ត៌មាន​មួយចំនួន​មិន​ស្គាល់​អំពី​តួនាទី ខុស​នឹង​វិជ្ជាជីវៈ បាននាំគ្នា​ប្រើប្រាស់​ស្លាក​លេខ (Press) ដាក់​ម៉ូតូ​និង​រថយន្ត​របស់ខ្លួន ឬ​ធ្វើ​ឲ្យ​អ្នកដទៃ សុទ្ធតែ​អំពើ​ល្មើសច្បាប់ ពួកគេ​ពុំបាន​គិតដល់​លើ ទោសទណ្ឌ​ដែល​ត្រូវ​ផ្ដន្ទាទោស​។​

​ក្រៅពីនេះ មិនមែន​តែ​ស្លាក​លេខ Press ក៏​នៅមាន ស្លាក​លេខ ខេមរភូមិន្ទ និង​ស្លាក​លេខ នគរបាល បាន​បំពាក់ លើ​រថយន្ត និង​ម៉ូតូ មួយចំនួន នៅមាន​ចរាចរណ៍ តាម​ដងផ្លូវ​នៅឡើយ​។​

​យោងតាម​មាត្រា​៧៩​នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី​ចែងថា​៖ “​ជន​ណា​ក្លែង​ប័ណ្ណបើកបរ ប័ណ្ណ​សម្គាល់​យានយន្ត ស្លាក​លេខ​សម្គាល់​យានយន្ត ឬ​លិខិតអនុញ្ញាត​ផ្សេងៗ ដែល​ចេញ​ដោយ​រាជការ​សាធារណៈ ត្រូវ​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​ពី​៥​ទៅ​១០​ឆ្នាំ តាម​បញ្ញត្តិ​មាត្រ​៦២៩​នៃ​ក្រមព្រហ្មទណ្ឌ​” ៕​

presslaw1502161 presslaw1502163

ប្រភពៈ CEN