សហគមធនាគារ​ក្នុង​ប្រទេសសិង្ហបុរី (ABS) បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់​បរិញាប័ត្រ​ដែល​មាន​ភ្ជាប់​មក​ជាមួយនឹង​ឱកាស​ការងារ ទៅដល់​ក្រុម​និស្សិត​នៅ​ក្នុង​បណ្តា​ប្រទេស​អាស៊ីប៉ាស៊ីហ្វ្រិក​ចំនួន ១៥ ដែល​ក្នុង​នោះ​ក៏​មាន​ប្រទេស​កម្ពុជា​ផងដែរ។

អាហារូបករណ៍​នេះ​មាន​ឈ្មោះ Dr. Goh Keng Swee Scholarship​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជាការ​រំលឹក​ទៅ​ដល់​គុណូប​ការៈ​របស់​លោកបណ្ឌិត Goh Keng Swee ​អតីត​ឧបនាយករដ្ឋមន្ត្រី​មួយ​រូប​របស់​ប្រទេស​ សិង្ហបុរី ដែល​បាន​ជំរុញ​ការ​អភិវឌ្ឍ​​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​រហូត​ក្លាយ​ទៅជា​កូន​ខ្លា​មួយ​នៅ​ក្នុង​ចំណោម​កូន​ខ្លាអាស៊ីទាំងបួន (សិង្ហបុរី ហុងកុង តៃវ៉ាន់ និងកូរ៉េខាងត្បូង)។

Loading...

អាហារូបករណ៍​នេះគ្រប់ដណ្តប់​ទៅ​លើ​ថ្លៃសិក្សារយៈពេល​ពី ៣ ទៅ ៤ ឆ្នាំ ថ្លៃ​ធ្វើដំណើរ ទីកន្លែង​ស្នាក់នៅ និង ប្រាក់ចំណាយ​ប្រចាំឆ្នាំចំនួន ៦៥០០ ដុល្លារសិង្ហបុរី (៤ ៦៨០ ដុល្លារអាមេរិក)។

គួរ​កត់​សម្គាល់​ផងដែរថា នៅពេល​ដែល​ក្រុម​និស្សិត​ដែល​ត្រូវ​បាន​ជ្រើសរើសបាន​ទៅដល់​ប្រទេស សិង្ហបុរី ពួកគេ​ម្នាក់ៗ​នឹង​ទទួល​បាន​ប្រាក់ចំនួន ២០០ ដុល្លារ​សិង្ហបុរី។

បន្ទាប់​ពី​បញ្ចប់​ការសិក្សា​ និស្សិត​ដែល​ទទួល​បាន​អាហារូបករណ៍​នឹង​ត្រូវ​តម្រូវ​ឲ្យ​ធ្វើការរយៈ​ពេល​ ៣ ​ឆ្នាំ​នៅក្រុម​ហ៊ុន​នៅឯ​ប្រទេស ​សិង្ហបុរី ឬ ក្រុម​ហ៊ុន​របស់​វិនិយោគិន​សិង្ហបុរី​ក្នុង​ប្រទេស​កម្ពុជា។

ដើម្បីទទួល​បាន​អា​ហារូបករណ៍​នេះ បេក្ខជន​ត្រូវ​តែជា​ប្រជាពលរដ្ឋ​របស់​ប្រទេស​អាស៊ីប៉ាស៊ីហ្វ្រិក​​ដែល ABS បាន​កំណត់ អាចបង្ហាញភាព​ជា​អ្នក​ដឹកនាំខ្ពស់ មាន​លទ្ធផល​ការងារ​ល្អ​ទាំង​នៅ​ក្នុង​ការសិក្សា​ និងក្នុង​សង្គម បំពេញ​លក្ខខណ្ឌ​ចូល​រៀន​នៅ​សាកលវិទ្យាល័យ​ដូច​ជា National University of Singapore (NUS), Nanyang Technological University (NTU), Singapore Management University (SMU) and Singapore University of Technology and Design (SUTD) និង​ធ្លាប់​បាន ឬកំពុង​តែ​ប្រលេង​តេស្ត​អន្តជាតិ SAT ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់collegereadiness.collegeboard.org/sat

ការ​ទទួលពាក្យ​នឹង​ចាប់​ផ្តើមពីថ្ងៃនេះ រហូត​ដល់​ថ្ងៃទី​២២ ខែ​កុម្ភៈ ឆ្នាំ ២០១៦។ ដើម្បី​ទទួល​បាន​ព័ត៌មាន​បន្ថែម​ និង​ដាក់​ពាក្យ​ សូម​ចូល​ទៅ​កាន់ ​​http://www.abs.org.sg/dr-goh-keng-swee-scholarship

singapore-student

ប្រភពៈ postkhmer